ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំរដ្ឋបាលខេត្ត និងក្រុង ស្រុក នៃខេត្តបាត់ដំបង រៀបចំផ្លូវថ្មើរជើងពេលរាត្រី ដើម្បីឱ្យពលរដ្ឋដើរនិងកម្សាន្ត!
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤
និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី៧
ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបង
សិក្សាអំពីការចាប់ផ្តើមដំណើរការផ្លូវថ្មើរជើង រៀងរាល់ល្ងាចថ្ងៃសៅរ៍
និងថ្ងៃអាទិត្យ នៅរាជធានីភ្នំពេញ។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត
ការសាកល្បងផ្លូវថ្មើរជើងនៅរាជធានីភ្នំពេញ ទទួលបានការគាំទ្រពីសាធារណជន
ទាំងអ្នកហាត់ប្រាណកម្សាន្ត និងអ្នកថ្មើរជើង មិនថាមនុស្សចាស់ វ័យកណ្ដាល
យុវជន និងកុមារ ដ្បិតពួកគាត់ មិនព្រួយបារម្ភអំពីបញ្ហាចរាចរណ៍
និងក្លិនផ្សែងចេញពីយាន្ដយន្ត ខណៈអ្នកលក់ដូរ បែបចល័តក៏ទទួលបានឱកាសលក់អាហារ
និងវត្ថុអនុស្សាវរីយ៍ដាច់ជាងមុនដែរ។ ឯកឧត្តម ក៏បានណែនាំឱ្យរដ្ឋបាលក្រុង
ស្រុក នៃខេត្តបាត់ដំបង គិតគូរលើចំណុចនេះដែរ។
ក្នុងន័យនេះ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបង
សិក្សាទីតាំងណាមួយក្នុងក្រុងបាត់ដំបង
ដើម្បីរៀបចំតាមលំនាំសាលារាជធានីភ្នំពេញ គឺផ្លូវថ្មើរជើង សម្រាប់ថ្ងៃសៅរ៍
និងថ្ងៃអាទិត្យ ដោយកំណត់ក្នុងចន្លោះពេលវេលាណាមួយ
ដើម្បីផ្តល់ជម្រើសដល់បងប្អូនប្រជាពលរដ្ឋ ទាំងអ្នករស់នៅក្នុងក្រុងបាត់ដំបង
និងភ្ញៀវទេសចរ បន្ថែមលើអ្វីដែលមានស្រាប់ ដូចជា៖ ផ្លូវជុំវិញស្ទឹងសង្កែ
សួនវិមានឯករាជ្យ និងសួនសម្តេចក្រឡាហោម ជាដើម។
ពាក់ព័ន្ធការកែលម្អ
សោភ័ណភាព និងការរៀបចំទីតាំងផ្សេងៗ ដើម្បីទាក់ទាញឱ្យភ្ញៀវទេសចរ
និងបំរើសេចក្តីត្រូវការដល់ប្រជាពលរដ្ឋ អ្នកដើរកម្សាន្ត និងហាត់ប្រាណ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា ការស្រាវជ្រាវមួយរកឃើញថា ប្រជាជន
១៤% បានកាត់បន្ថយភាពតានតឹង ឬស្ត្រេស ដោយសារតែអាជ្ញាធរ
រៀបចំទីតាំងសម្រាប់ពួកគាត់ ដើរហាត់ប្រាណ
និងទីតាំងសម្រាប់ថ្មើរជើងកម្សាន្តនៅពេលព្រឹក ពេលល្ងាច និងពេលយប់។
ឯកឧត្តមអភិសន្តិបណ្ឌិត
ស សុខា ក៏បានណែនាំឱ្យរដ្ឋបាលខេត្ត ដូចគ្នាដែរ រដ្ឋបាលក្រុង ស្រុក
ចំណុះឱ្យខេត្តបាត់ដំបង
ត្រូវមានការជួបប្រជុំពិភាក្សាគ្នាជាមួយមន្ត្រីពាក់ព័ន្ធ
ដើម្បីរៀបចំប្លង់គោល ក្នុងតំបន់គ្រប់គ្រងនៃមូលដ្ឋានរបស់ខ្លួន
ជៀសវាងតំបន់មានសក្តានុពល ត្រូវបានប្រើប្រាស់ខុសគោលដៅ
ដែលនាំឱ្យពិបាកដោះស្រាយនាថ្ងៃក្រោយ។ ឯកឧត្តម
បានលើកឡើងនូវបទពិសោធដែលតំបន់មានសក្តានុពលទេសចរណ៍ធម្មជាតិ ភ្នំ និងអាកាសធាតុ
ប្រៀបបានប្រទេសស្វីស ដែលត្រូវបានគ្រប់គ្រងជាបន្តបន្ទាប់ដោយវិស័យឯកជន។
សូមបញ្ជាក់ថា
រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំសន្និបាត រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦
រហូតដល់ថ្ងៃទី៧ ខែកុម្ភៈ ដែលពិធីបិទប្រារព្ធធ្វើឡើង
ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
បានមានប្រសាសន៍កោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តបាត់ដំបង
និងមន្ត្រីរាជការ កងកម្លាំងទាំងអស់
សម្រាប់ការបំពេញភារកិច្ចប្រកបដោយជោគជ័យក្នុងឆ្នាំ២០២៤
និងក៏បានណែនាំឱ្យយកចិត្តទុកដាក់អនុវត្តការងារដែលបានដាក់ចេញ
ដោយពិនិត្យកែសម្រួលបន្ថែមទៀត ដើម្បីឱ្យស្របទៅនឹងស្ថានភាពឆ្នាំ២០២៥
និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ៕
Post a Comment