ព្រះសង្ឃ និងពុទ្ធបរិស័ទ គ្រប់វត្តអារាម ទូទាំងខេត្តព្រៃវែង ប្រារព្ធពិធីបុណ្យមាឃបូជា

ព្រៃវែង៖ ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្មេង ចាស់ប្រុសស្រី  ទូទាំងខេត្តព្រៃវែង ប្រារព្ធពិធីបុណ្យមាឃបូជា ដើម្បីនឹករលឹកគុណ ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង និងដើម្បីទទួលបាននូវបុណ្យកុសល ក្នុងកម្មវិធីនេះផងដែរ។ ហើយបុណ្យ មាឃបូជា គឺជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា។ ពិធីនេះ ត្រូវបានប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នៅប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់។

ការប្រារព្ធពិធីបុណ្យ មាឃបូជា នេះឡើងគឺដើម្បីប្រារព្ធនូវព្រឹត្តិការណ៏ធំៗ៣គឺ៖
១- ដើម្បីប្រារព្ធនូវការធ្វើចតុរង្គសន្និបាតប្រកបដោយអង្គបួន
២- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខ
៣- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ។
នៅតាមទីវត្តអារាមមានរៀបចំគ្រឿងរណ្ដាប់ មានផ្កាភ្ញី ទៀន ធូប និងឮតែសំឡេងសូរស័ព្ទព្រះធម៌ ក្នុងការប្រារព្ធពិធីបុណ្យសាសនាមួយនេះ។

ក្នុងថ្ងៃប្រារព្ធពិធីបុណ្យមាឃបូជានេះ ពុទ្ធសាសនិកបានធ្វើចង្ហាន់ដើម្បីប្រគេនព្រះសង្ឃនៅ តាមវត្តអារាមនានា គោរពតាមនូវពុទ្ធឱវាទដោយនាំគ្នា រក្សាសីល រួមមានសីល៥ និងសីល៨ ជាដើម។ ក្នុងគោលបំណងស្វែងរកនិព្វាន “ សភាវប្រាសចាកទុក្ខ មិនមានសេចក្តីទុក្ខ មិនមានបញ្ហានៅក្នុងផ្លូវចិត្តរបស់ខ្លួន ហៅថានិព្វាន មានន័យថា សេចក្តីស្ងប់ " ។ ហើយព្រះពុទ្ធសាសនា មានគោលដៅ ធ្វើយ៉ាងណាបង្រៀនឱ្យពុទ្ធសាសនិក ប្រឹងប្រែងបង្កើត សន្តិភាពដល់ខ្លួន និង អ្នកដទៃ ដើម្បីចូលរួមចំណែកដល់ សន្តិភាពសង្គម និង ពិភពលោក។

ហើយមួយវិញទៀត បងប្អូនប្រជាពលរដ្ឋ ពុទ្ធសាសនិក សូមបួងសួងឧទ្ទិសកុសលផលបុណ្យដែលខ្លួនបានធ្វើក្នុងថ្ងៃហ្នឹង ទៅដល់ញាតិការបស់ខ្លួនដែលគាត់បាន ទំលុះកាយ ទម្លាយខណ្ឌ ទៅកាន់ប៉ាក់រលោកនោះ ទទួលបានផលបុណ្យដែលកូនចៅបានធ្វើនេះឲ្យរួចចាកផុតទុកទាំងពួងផងដែរ៕
















Powered by Blogger.