ចាប់ផ្ដើមលេីកទី១៖ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានរៀបចំសិក្ខាសាលា ការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងសមិទ្ធផលថ្នាក់ខេត្ត...
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានចេញដំណើរតាមការគ្រោងទុក នូវការរៀបចំសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន និងសមិទ្ធផលថ្នាក់ខេត្ដ ដោយចាប់ផ្តើមពីខេត្ដត្បូងឃ្មុំមុនគេ ដែលមានសិក្ខាកាម ចូលរួមសរុបចំនួន ៤៣២នាក់ ក្នុងនោះ ស្រី ៦៥នាក់ និងប្រុស ៣៦៧នាក់ ស្ថិតនៅអគារតេជោបូព៌ា ស្នាក់ការ សសយក ខេត្តត្បូងឃ្មុំ។
សិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន និងសមិទ្ធផលថ្នាក់ខេត្ត គឺទទួលបាន ការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ សម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ សមាគមសម្ពន្ធសារព័ត៌មានគេហទំព័រកម្ពុជា សមាគមទីផ្សារកម្ពុជា សមាគមមាគ៌ាអ្នកសារព័ត៌មានដេីម្បីសន្ដិភាព អង្គការចីរភាពបរិស្ថានកម្ពុជា និងក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ ខេមបូឌា ឯ.ក ផងដែរ។
សិក្ខាសាលាបាននឹងប្រព្រឹត្តទៅរយៈពេលពេញ ១ថ្ងៃ ចាប់ពីវេលាម៉ោង ៨:០០នាទីព្រឹក ដោយមានការអញ្ជើញជាអធិបតីភាព បេីកសិក្ខាសាលា ឯកឧត្ដម សុខ ចាន់ភក្ដី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពី លោកជំទាវ មាន ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្ដម ម៉ៅ ឌុង អភិបាលរង តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមន្រ្ដីរាជការ មន្ទីរពាក់ព័ន្ធ កងកម្លំាងទាំងបីប្រភេទ អភិបាលគណៈអភិបាលស្រុក ឃុំ នាយកសាលា សិស្ស និស្សិត អ្នកសារព័ត៌មាន អ្នកលេងបណ្តាញសង្គម យុវជនសសយក យុវជនកាយឫទ្ធិ យុវជនកកាបាតក្រហម និងអង្គការ សមាគមនានា ផងដែរ។
ក្នុងអង្គសិក្ខាសាលា វាគ្មិនកិត្តិយសបានធ្វេីបទបង្ហាញ ទៅតាមរបៀបវារៈកម្មវិធីដូចជា៖
១. បទបង្ហាញស្ដីពី ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងមូលដ្ឋានគ្រឹះសរសេរព័ត៌មាន ក្នុងសម័យឌីជីថល ដោយ លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា
២. ការអានសេចក្ដីណែនាំ លេខ ០៧៤ សណន របស់ក្រសួងមហាផ្ទៃ ស្ដីពីការផ្សព្វផ្សាយព័ត៌មានសន្ដិសុខសណ្ដាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ ដោយលោក ធីន ស៊ីថាច ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
៣. បទបង្ហាញស្ដីពី ការកែច្នៃសំណល់សំរាម ទៅជាពហុបំណង ដោយ លោក ស៊ី ឡែន អគ្គនាយក ក្រុមហ៊ុន សេវ ឌឹឡហ្វស៍ ខេមបូឌា
៤. បទបង្ហាញ ស្ដីពី សមិទ្ធផល និងការអភិវឌ្ឍន័ខេត្តត្បូងឃ្មុំ ដោយ ឯកឧត្ដម ម៉ៅ ឌុង អភិបាលរងខេត្ដត្បូងឃ្មុំ
៥. បទបង្ហាញស្ដីពី វិស័យបរិស្ថាន ដោយ លោកជំទាវ មាន ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និង
៦. នៅពេលរសៀល ក៏មានវេទិកា សំណួរ ចម្លើយ និងកិច្ចពិភាក្សាបន្ថែមផងដែរ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានធ្វើការដាក់តាំងពិព័រណ៍នូវសមិទ្ធផល ផលិតផល កសិកម្ម ឧស្សាហ៍ រួមទាំងក្រុមហ៊ុន សេវ ឌឹឡាហ្វស៍។
ជាលទ្ធផល សិក្ខាកាមទទួលបានចំណេះដឹង រួមទាំងបានស្វែងយល់ពីក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានការសរសេរព័ត៌មាន ការប្រើប្រាស់បណ្ដាញសង្គម (ឌីជីថល) និងបានតាំងចិត្តចូលរួមផ្សព្វផ្សាយនូវចំណុចវិជ្ជមាន និងការអភិវឌ្ឍន៍ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ និងជាពិសេសការអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នៅពេលរសៀលវេលាម៉ោង ៤:០០នាទី ឯកឧត្ដម ង៉ូវ បូរីណា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពបិទសិក្ខាសាលា រួមទាំងមានវត្តមាន លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្ដមម៉ៅ ឌុង អភិបាលរង តំណាង ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ មន្ត្រីរដ្ឋបាលខេត្ត ប្រធានមន្ទីរ អភិបាលស្រុកទាំង៣ និងមានសិក្ខាកាមសរុបចំនួន ៤៣២នាក់ ក្រោយពេលបិទបញ្ចប់ ក៏បានប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមផងដែរ។
អង្គសិក្ខាសាលា ក៏ត្រូវបានបញ្ចប់នៅវេលាម៉ោង ៥:៤០នាទីល្ងាច ប្រកបដោយជោគជ័យ និងពោរពេញដោយស្នាមញញឹម។
Post a Comment