មន្រ្តីរាជការសាលាខេត្ត ចំនួន ១២រូប ប្រកាសចូលកាន់មុខដំណែងថ្មី
ព្រៃវែង៖ នៅរសៀលថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែងបានរៀបចំពិធីប្រកាសចូលកាន់មុខដំណែងមន្ត្រីរាជការ សាលាខេត្តព្រៃវែង ចំនួន ១២រូប ក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។
បើយោងដីការបស់រដ្ឋបាលខេត្តព្រៃវែង ត្រូវបានទទួលការតែងតាំង ប្រគល់ និងផ្ទេរភារកិច្ចចំនួន ១២រូបរួមមាន៖ នាយករងរដ្ឋបាល ចំនួន ២រូប នាយកទីចាត់ការ ចំនួន ១រូប ប្រធានអង្គភាព ចំនួន ១រូប អនុប្រធានអង្គភាព ចំនួន ១រូប ប្រធានការិយាល័យ ចំនួន ២រូប និងអនុប្រធានការិយាល័យ ចំនួន ៥រូប។
បន្ទាប់ពីការអានដីកាតែងតាំង ប្រគល់ និងផ្ទេរភារកិច្ច ដោយនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស និងការធ្វើការប្តេជ្ញាចិត្តតំណាងសមាសភាពដែលត្រូវតែងតាំង ប្រគល់ និងផ្ទេរភារកិច្ចរួច ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការដែលទើបតែងតាំងថ្មី និងមន្រ្តីរាជការក្រោមឱវាទពាក់ព័ន្ធ ត្រូវគោរពទៅតាមឋានានុក្រម តួនាទីភារកិច្ច និងត្រូវសហការធ្វើការងារជាក្រុម ពេលបំពេញការងារជូនអង្គភាព។
ឯកឧត្ដម អភិបាលខេត្ត បន្តរទៀតថា ការប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការសាលាខេត្តនាពេលនេះ ស្ថិតក្រោមការយកចិត្តទុកដាក់ខ្ពស់ និងដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តឲ្យកាន់តែមានភាពឆ្លើយតប និង ទាន់ពេលវេលា ក៏ដូចជាដើម្បីបំពេញនូវរចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្តព្រៃវែង ដែលនេះជាការជួយសម្រួល និងពន្លឿងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់ប្រសើរឡើងថែមទៀត។
ឯកឧត្តម អភិបាលខេត្ត បន្ថែមថា ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍មូលដ្ឋាន ស្របតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ច ស្របតាមច្បាប់ និងវិធានការនានា សំដៅឱ្យការអនុវត្តន៍របស់រដ្ឋបាលខេត្ត ធានាបាន នូវប្រសិទ្ធភាពការងារ និងធ្វើការឆ្លើយតបគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយភាពឆ្លើយតប ។
ឯកឧត្ដម អភិបាលខេត្ត បន្តរទៀតថា ការធ្វើសមាហរណកម្មក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុកទូទាំងខេត្ត កន្លងមក ក៏បានធ្វើឲ្យរដ្ឋបាល ថ្នាក់ក្រុង ស្រុក ជារដ្ឋបាលមួយប្រកបដោយថាមពល ទាំងបុគ្គលិក ទាំងធនធាន ដើម្បីប្រមូលផ្តុំការដឹកនាំ គ្រប់វិស័យក្នុងដែនដីរបស់ខ្លួន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពឆ្លើយតបខ្ពស់ជាងមុន។ ក្នុងស្មារតី រួមនៃកំណែទម្រង់ដ៏មានសារៈសំខាន់នេះ និងក្នុងនាមជាអង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តនឹងបន្ត ពង្រឹងការលើកកម្ពស់កិច្ចគាំទ្រដល់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីឱ្យការអនុវត្តន៍តួនាទីភារកិច្ច របស់ ថ្នាក់រដ្ឋបាលទាំងនោះ ប្រព្រឹត្តទៅស្របតាមច្បាប់ និងវិធានការទាំងឡាយជាធរមាន ពិសេសការលើកកម្ពស់ ការអភិវឌ្ឍន៍មូលដ្ឋានកាន់តែប្រសើរថែមទៀត ។
ឯកឧត្តម អភិបាលខេត្ត លើកឡើងទៀតថា ការប្រកាសចូលកាន់មុខតំណែង មន្ត្រីរាជការសាលាខេត្តព្រៃវែង នាពេលនេះ គឺជាការបំពេញនូវរចនា សម្ព័ន្ធ ដឹកនាំ គ្រប់គ្រង និងការទទួលខុសត្រូវ ដើម្បីឆ្លើយតបទៅនឹងការងារជាសេនាធិការរបស់រដ្ឋបាលខេត្ត។ ខ្ញុំសូមធ្វើការផ្តាំផ្ញើរ ដល់មន្ត្រីរាជការ ដែលទើបចូលកាន់មុខតំណែងនាថ្ងៃនេះ ត្រូវពង្រឹងការអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន និងមន្ត្រីរាជការក្រោមឱវាទ ដើម្បីឲ្យការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល, បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាព និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពពាក់ព័ន្ធ, ត្រូវមានចក្ខុវិស័យ ទិសដៅ ផែនការសកម្មភាពច្បាស់លាស់លើវិស័យរបស់ខ្លួន៕
Post a Comment