សន្និបាតបូកសរុបផលិតផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣- ២០២៤ និងទិសដៅការងារឆ្នាំ ២០២៤-២០២៥

 ព្រៃវែង៖ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានរៀបចំសន្និបាតបូកសរុបផលិតផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣- ២០២៤ និងទិសដៅការងារឆ្នាំ ២០២៤-២០២៥ ក្រោមអធិបតីភាព លោក ជំទាវ ទន់ សាអ៉ីម អនុរដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា និងលោកជំទាវ ហ៊ន់ សុធារី អភិបាលរងខេត្តព្រៃវែង នៅព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៥។


លោក ប៉ាវ សុធីរ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានឲ្យដឹងថា សន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤  និងទិសដៅ ការងារឆ្នាំសិក្សា២០២៤-២០២៥ និងផ្តល់កាលានុវត្តភាពសម្រាប់មន្ទីរអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំថ្នាក់ ក្រុង/ស្រុកសាលារៀន មន្ទីរពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍនានា ពិភាក្សាពីការបំពេញការងារ កំណត់ពី បញ្ហាប្រឈម និងឯកភាពលើសកម្មភាពចាំបាច់មួយចំនួន។សន្និបាតអប់រំផ្តល់ជាធាតុចូលសម្រាប់កែលម្អ ផែនការយុទ្ធសាស្រ្តវិស័យអប់រំ ដើម្បីបង្កើនប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធ នៃយន្តការពិនិត្យតាមដាន និងវាយតម្លៃ របស់ប្រព័ន្ធអប់រំ ក៏ដូចជាបង្កើនប្រសិទ្ធភាព នៃលទ្ធផលរបស់សន្និបាត។

លោកប្រធានមន្ទីរ បន្តថា លទ្ធផលសម្រេចបាន ក្នុងឆ្នាំសិក្សា២០២៣-២០២៤ ត្រូវបានផ្តោតជាសំខាន់ លើសកម្មភាព និងចំណុចដៅ ដែលបានលើកឡើង កាលពីសន្និបាតឆ្នាំកន្លងទៅ  និងស្របតាមយុទ្ធសាស្រ្ត និង សូចនាករបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ៥ឆ្នាំ២០១៩-២០២៣ ឆ្លើយតបនឹងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ ដោយរំពឹងថាពេលសិស្សបានបញ្ចប់ភូមិសិក្សា ពួកគេនឹងមានចំណេះដឹង ស្របតាមស្ដង់ដាមួយ ព្រមទាំងអាចប្រកួតប្រជែងនៅលើទីផ្សារការងារក្នុងតំបន់ និងលើសកលលោក និងអាចក្លាយជាកម្លាំងស្នូលសម្រាប់ជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ដើម្បីធានាបាននូវសមធម៌នៃការចូលរៀន ការលើកកម្ពស់គុណភាព និងការអភិវឌ្ឍស្ថាប័ន លើវិស័យអប់រំ យុវជន និងកីឡា   មន្ទីរអប់រំ យុវជន និងកីឡា បានខិតខំអនុវត្តតាមគោលនយោបាយ យុទ្ធសាស្រ្ត កំណែទម្រង់ រយៈពេលមធ្យមរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយសម្រេចបានសមិទ្ធផលសំខាន់ៗមួយចំនួន។

លោក ជំទាវ ទន់ សាអ៉ីម អនុរដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា សន្និបាតបូកសរុប និងវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤ និង លើកទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥ ដែលបានប្រារព្ធឡើងនាពេលនេះ ក្នុងគោលបំណង៖ ជាវេទិកា ពិគ្រោះយោបល់លើការរៀបចំ និងអនុវត្តគោលនយោបាយនៅថ្នាក់ក្រោមជាតិ ពិនិត្យវឌ្ឍនភាពនៃការអនុវត្តអាទិ ភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ពិនិត្យវឌ្ឍនភាពនៃការអនុវត្តទិសដៅសន្និបាតអប់រំនាឆ្នាំកន្លងមក និងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ ព្រមទាំងកំណត់នូវបញ្ហាប្រឈមនានាដែលជាឧបសគ្គ និងផ្តល់អនុសាសន៍សំខាន់ៗ ដើម្បីដាក់បញ្ចូលទៅក្នុងផែនការយុទ្ធសាស្ត្រថវិការយៈពេលមធ្យម និងផែនការ ប្រតិបត្តិប្រចាំឆ្នាំនាពេលខាងមុខ។

លោកជំទាវ បន្ថែមថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា ៥៖ កំណើន ការងារ សមធម៌ ប្រសិទ្ធ ភាពនិងចីរភាព កសាងមូលដ្ឋានគ្រឹះដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ រាជរដ្ឋាភិបាលកម្ពុជាមានគោល ដៅជាយុទ្ធសាស្ត្រ គឺ៖ ១) ធានាឱ្យបានកំណើនសេដ្ឋកិច្ចក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧% ប្រកបដោយភាពធន់ និងវិបត្តិនានា ២)បង្កើតការងារឱ្យបានច្រើនទាំងបរិមាណ និងគុណភាពជូនដល់ប្រជាពលរដ្ឋពិសេសយុវជន ៣) សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង១០% និងបន្តខិតខំទាញទម្លាក់អត្រានៃភាពក្រី ក្រឱ្យស្ថិតនៅក្នុងកម្រិតជាអប្បរមា ៤) បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័នទាំងថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ ៥) ធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួល អាកាសធាតុ។ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញគោលដៅច្បាស់លាស់នៅឆ្នាំ២០៣០ ជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ ហើយនៅឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពគន្លឹះទី១ ក្នុងចំណោមអាទិភាព គន្លឹះទាំង៥ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលបានចែងក្នុងបញ្ចកោណទី១ និងមុំទី១៖ ស្តីពី ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕




























Powered by Blogger.