ឯកឧត្តម អ៑ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំ​វាយតម្លៃ​ ការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់​ មានសុវត្ថិភាព​ និងសេវាសង្គមប្រចាំឆ្នាំ និងលេីកទិសដៅអនុវត្តបន្ត!

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ​វាយតម្លៃ​ ការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់​ មានសុវត្ថិភាព​ និងសេវាសង្គមប្រចាំឆ្នាំ​ និងលេីកទិសដៅអនុវត្តបន្តរបស់រដ្ឋបាលខេត្ត ក្រោមវត្តមានចូលរួមជាគណៈអធិបតី ពីសំណាក់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាលខេត្តកំពង់ចាម បានថ្លែងថា «លទ្ធផល នៃការវាយតម្លៃ ចលនាការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព និងសេវាសង្គម សម្រាប់រដ្ឋបាលឃុំ​ សង្កាត់ នឹងប្រកាសនៅថ្ងៃសន្និបាតបូកសរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តកំពង់ចាម​ នាថ្ងៃខាងមុខនេះ»។

ឯកឧត្តម អភិបាលខេត្តបានថ្លែងបន្តថា​ កិច្ចប្រជុំនេះ មានគោលបំណង ដើម្បី ពិនិត្យទៅលើការដាក់ពិន្ទុ ចំពោះចលនាប្រលងប្រណាំង គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព និងសេវាសង្គមក្នុងខេត្តកំពង់ចាម ដើម្បីកំណត់នូវឃុំ សង្កាត់ ដែលត្រូវបានជ័យលាភី ក៏ដូចជា ការរៀបចំនូវយុទ្ធសាស្រ្តក្នុងការអនុវត្តបន្ត សម្រាប់ឆ្នាំ២០២៥ ។

ជាមួយគ្នានោះ​ ឯកឧត្ដមអភិបាលខេត្ត​ បានបញ្ជាក់ថា​ ចលនាប្រលងប្រណាំងនេះដែរ ក៏ជាផ្នែកមួយ នៃការបំពេញឱ្យគ្នាទៅវិញទៅមក គឺបំពេញ ដើម្បី ជម្រុញដល់ការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលផង គោលនយោបាយរបស់ក្រសួងមហាផ្ទៃផង និងដល់អគ្គស្នងការនគរបាលជាតិផង ដើម្បីឱ្យគោលនយោបាយ របស់រាជរដ្ឋាភិបាល​កម្ពុជា​ទទួលបានជោគជ័យផងដែរ ៕

















Powered by Blogger.