ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បន្តចុះអន្តរាគមន៍បូមទឹកទាំងយប់ដើម្បីជួយសង្គ្រោះស្រូវប្រាំង របស់ប្រជាពលរដ្ឋ

ព្រៃវែង៖ នៅរល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញនៃខេត្តព្រៃវែង និងខេត្តកំពង់ចាម បានអញ្ជើញបន្តរចុះអន្តរាគមន៍បូមទឹក ជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ពីស្ថានីយ៍បូមទឹកទី១ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពវៃកូ ជំហាន២ ដែលស្ថិតនៅក្នុងឃុំមហាលាភ ស្រុកកោះសុទិន ខេត្តកំពង់ចាម ដើម្បីស្រោចស្រពដំណាំស្រូវរបស់ប្រជាកសិករ នៅតាមបណ្តាស្រុកមួយចំនួន ដែលកំពុងតែខ្វះខាតទឹកក្នុងការស្រោចស្របស្រូវរដូវប្រាំងរបស់គាត់នៅក្នុងខេត្តព្រៃវែង។

បើយោងតាមផេកផ្លូវការរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានបង្ហោះថា ការជួយសង្រ្គោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងបញ្ហាខ្វះខាតទឹកចំនួន ៨,៨៩១ ហិចតា ក្នុងស្រុកចំនួន៣ គឺស្រុកស្វាយអន្ទរ មានចំនួន ៤ ឃុំ ស្រុកកំចាយមារ មានចំនួន ៤ ឃុំ និងស្រុកមេសាង មានចំនួន ៨ ឃុំ ក្នុងខេត្តព្រៃវែង។ សូមបញ្ជាក់ផងដែរថាការបន្តចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករនេះ ឯកឧត្តម អភិបាលខេត្ត បានចាប់ផ្ដើមបូមទឹកនេះតាំងពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ និងរហូតដល់ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៥ ដែល ឯកឧត្ដម អភិបាលខេត្តនៅតែបន្ត បូមទឹកជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋជាបន្តទៀត ធ្វើយ៉ាងណាដើម្បីជួយសង្គ្រោះស្រូវប្រាំងរបស់គាត់ ឱ្យចប់ចុងចប់ដើមនិងទទួលបាននូវទិន្នផលខ្ពស់នោះផងដែរ។

ទាំងអស់នេះបានបង្ហាញឲ្យឃើញថាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាពិសេសឯកឧត្តម អភិបាលខេត្ត តែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលាគ្រប់កាលទេសៈដោយមិនបានទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលនោះទេ៕

 























Powered by Blogger.