ស្វែងយល់ពីដីចំណីផ្លូវ និងលម្អិតពីទោស នៃការរំលោភចំណីផ្លូវ មានទាំងពិន័យជាប្រាក់ និងជាប់ពន្ធនាគារ!
ដីចំណីផ្លូវថ្នល់
សំដៅដល់ដីនៅសងខាងខ្សែបន្ទាត់ផ្ចិតនៃផ្លូវថ្នល់ ព្រមទាំងទំហំចំណីផ្លូវថ្នល់
ទុកបម្រុងសម្រាប់ការគ្រប់គ្រង ការអភិវឌ្ឍ និងការការពារផ្លូវថ្នល់
ធានាសុវត្ថិភាព ចរាចរណ៍
និងសម្រាប់ការប្រើប្រាស់ការងារហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងទៀត
ដែលកំណត់ដោយខ្សែបន្ទាត់ព្រំដីចំណីផ្លូវ។ នេះបើតាមច្បាប់ស្ដីពី «ផ្លូវថ្នល់»
ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤។
ផ្អែកតាមច្បាប់ដដែល
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា
ទោសទណ្ឌនៃការរំលោភចំណីផ្លូវសាធារណៈ បានចែងជាអាទិ៍ មាត្រា៦៤
ជនណាដែលធ្វើកិច្ចការសាធារណការទាំងឡាយនៅក្នុងតួផ្លូវ ទ្រូងផ្លូវ ជាយផ្លូវ
គែមផ្លូវ និងដីនៅសល់នៃដីចំណីផ្លូវ
ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់
ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥០០ ០០០(ប្រាំសែន)រៀល។
ចំណែក
មាត្រា៦៦ ជនណាដែលធ្វើការ្យលើដីចំណីផ្លូវសម្រាប់ធ្វើផ្លូវចេញចូលគេហដ្ឋាន
អគារ រោងចក្រ សហគ្រាស ឬកន្លែងផ្សេងៗ
ដែលជាប់ផ្លូវថ្នល់ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់
ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥០ ០០០(ប្រាំម៉ឺន)រៀល។
ករណីនៅតែបន្តប្រព្រឹត្តល្មើសទៀត ត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង។
មាត្រា៧០
ជនណាដែល ១. រៀបចំសកម្មភាពនិងពិធីផ្សេងៗនៅលើដងផ្លូវថ្នល់
គ្មានការអនុញ្ញាតពីរដ្ឋបាលថ្នាក់ក្រោមជាតិ
ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ១០០ ០០០(មួយសែន) រៀល។ ២.
រៀបចំសកម្មភាពនិងពិធីផ្សេងៗនៅលើដងផ្លូវថ្នល់
គ្មានឬមានការអនុញ្ញាតពីរដ្ឋបាលថ្នាក់ក្រោមជាតិ
និងបណ្តាលឱ្យខូចខាតដោយអចេតនាដល់ផ្លូវថ្នល់
ឬបរិក្ខារផ្លូវថ្នល់ត្រូវតម្រូវឱ្យធ្វើការជួសជុលឡើងវិញឱ្យដូចស្ថានភាពដើម
និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤១៩ (បទធ្វើឱ្យខូចខាតផ្សេងទៀត
ដោយខ្វះការប្រុងប្រយ័ត្ន ឬការមិនគោរពបទបញ្ជា)នៃក្រមព្រហ្មទណ្ឌ។
មាត្រា៧១
ជនណាដែលសាងសង់ដោយខុសច្បាប់នូវសំណង់រឹងមាំ មានលក្ខណៈជាអចិន្ត្រៃយ៍នៅលើដី
សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ត្រូវព្រមានជាលាយលក្ខណ៍អក្សរ
និងតម្រូវឱ្យរុះរើចេញនូវសំណង់នោះ។ ក្នុងករណីរឹងទទឹង
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០០
០០០(មួយសែន)រៀល ទៅ ២ ០០០ ០០០(ពីរលាន)រៀល។
មាត្រា៧២
ជនណាដែលសាងសង់សំណង់ផ្សេងៗ ដោយមិនបានគោរពតាមចំណុចទី១ និងចំណុចទី២ នៃមាត្រា៣០
នៃច្បាប់នេះ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០ ០០០(មួយសែន)រៀល ទៅ ១ ០០០
០០០(មួយលាន) រៀល និងតម្រូវឱ្៦រុះរើចេញនូវសំណង់នោះ។ ករណីរឹងទទឹង
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ ២ឆ្នាំ និងពិន័យ ជាប្រាក់ពី ១ ០០០
០០០(មួយលាន)រៀល ទៅ ៤ ០០០ ០០០(បួនលាន)រៀល។
មាត្រា៧៤
ជនណាដែលទន្ទ្រានត្រួតត្រា ប្រើប្រាស់ ដោយសាងសង់សំណង់
ឬការ្យទាំងឡាយបំពានលើដីរបស់ផ្លូវថ្នល់ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០
០០០(មួយសែន)រៀល ទៅ ១ ០០០ ០០០(មួយលាន)រៀល និងតម្រូវឱ្យរុះរើ។ ករណីរឹងទទឹង
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០
០០០(មួយលាន)រៀល ទៅ ៤ ០០០ ០០០(បួនលាន)រៀល។
សូមបញ្ជាក់ថា
ប្រជាពលរដ្ឋភាគច្រើនតែងតែធ្វើតាមៗគ្នា ឬតៗគ្នា ដូចជា៖ លក់ដូរ សង់យាប
សំណង់រឹងនៅលើចិញ្ចើមផ្លូវ ទន្ទឹមគ្នានោះដែរ ក៏មានប្រជាជនមួយចំនួន
យកចិញ្ចើមផ្លូវអាជីវកម្មជាជំនាន់ សម្រាប់ធ្វើអាជីវកម្ម
អាហារដ្ឋានរបស់ខ្លួនឯង ដែលទង្វើនេះបានបំពានច្បាប់ស្ដីពីផ្លូវថ្នល់។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាពេលថ្មីនេះ
បានណែនាំរដ្ឋបាលថ្នាក់ក្រោមជាតិ រឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីផ្លូវថ្នល់
ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពចរាចរណ៍៕
Post a Comment