អភិបាលខេត្តកំពង់ចាម បញ្ជាឱ្យសមត្ថកិច្ច បង្ក្រាបក្មេងទំនើង ២ក្រុម ដែលវាយគ្នា ទៅវិញទៅមក នៅចំណុច ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន


(កំពង់ចាម) ៖ អនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញ ពីសំណាក់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាព ខេត្ត កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០០.១០នាទី រំលងអធ្រាត្រកម្លាំងសមត្ថកិច្ច បានបង្រាបករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលបង្កឡើងដោយក្រុមក្មេងទំនើង ០២ក្រុម វាយគ្នាទៅវិញទៅមក នៅចំណុចបរិវេណវត្តពោធិ៍វង្សជំនីក ស្ថិតក្នុងភូមិសំរោង ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
បើតាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាប ករណីក្រុមក្មេងទំនើងវាយគ្នាទៅវិញទៅមកនេះ គឺគ្រាន់តែទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចចម្រុះ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗតែម្ដង និងធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង ០២ក្រុម នៅនឹងកន្លែងកើតហេតុ ដោយក្រុមទី១ មានគ្នាចំនួន ០៨នាក់ និងក្រុមទី២ មានគ្នា ចំនួន ០៧នាក់ ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បញ្ជាក់ដែរថា ក្រៅពីជនសង្ស័យ ទាំង ១៤នាក់ (ក្នុងនោះ ០១នាក់ រងរបួសធ្ងន់ សម្រាកនៅមន្ទីរពេទ្យខេត្ដកំពង់ចាម) សមត្ថកិច្ច ក៏បានដកហូតវត្ថុតាង មួយចំនួន ផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យទាំង ១៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកកោះសូទិន តាមបញ្ជា ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ចាម ដើម្បី ចងក្រងសំណុំរឿងតាមនីតិវិធី ៕











Powered by Blogger.