ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ភោធផ្លូវបេតុងមួយខ្សែប្រវែង ៤.៦០០ម៉ែត្រ និងអគារទីចាត់ការ និងបណ្ណាល័យចំនួន ១ខ្នង ស្មើនិង ២បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចក្រឡាហោម ស ខេង ទីប្រឹក្សាឧត្តមព្រះមហាក្សត្រ
ព្រៃវែង៖ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវបេតុងសរសៃដែក ចំនួនមួយខ្សែ ប្រវែង៤,៦០០ម៉ែត្រ និងអគារទីចាត់ការ និងបណ្ណាល័យ ១ខ្នង ស្មើ២បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្ត និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង ដែលស្ថិតក្នុងបរិវេណវត្តពងពស់ ភូមិពងពស់ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ព្រមទាំងមានការពីរឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង សូមសំដែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានមកចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុង និងអគារទីចាត់ការ និង បណ្ណាល័យ ស្ថិតនៅឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានផ្លូវបេតុងប្រវែង ៤.៦ ៤.៦០០ម៉ែត្រ ចំណាយថវិកា សរុបចំនួន (៥៨៤.៣៦៦USD) និងអគារទីចាត់ការ និងបណ្ណាល័យចំនួន ១ខ្នង ស្មើនិង ២បន្ទប់ ចំណាយថវិកា សរុបចំនួន (៣៥.៣៩៤USD) និងសរុបថវិកាទាំងអស់ចំនួន (៦១៩.៧៦០USD)។
ឯកឧត្តម អភិសន្តិបណ្ឌិត បានមានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំដ៏វាងវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ ថ្មីនេះ ដែលមានសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ បាននឹងកំពុងធ្វើ ការសម្រេចជោគជ័យនូវសមិទ្ធផលជាតិធំៗជាបន្តបន្ទាប់ ស្របតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ដែល បានដាក់ចេញ និងជាពិសេសការកែទម្រង់រាជរដ្ឋាភិបាលឱ្យក្លាយទៅជារាជរដ្ឋាភិបាលឌីជីថល ដោយផ្តោតយក កត្តាធនធានមនុស្សជាអទិភាពគន្លឹះក្នុងការអភិវឌ្ឍន៍ សំដៅឈានទៅសម្រេចបានផែនការចក្ខុវិស័យទៅជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តម អភិសន្តិបណ្ឌិត សូមគោតសរសើរដ៏ស្មោះស្ម័គ្រចំពោះ ឯកឧត្តម ព្រុំ សុខា អតីតរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែង និងលោកជំទាវ និងឯកឧត្តម ងិន បាណាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាភ្នំ លោកជំទាវ ព្រមទាំងសហការរីក្រោមឱវាទ អាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដែលបានខិតខំរួម ចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញនិងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសនៅ ស្រុកបាភ្នំ ខេត្តព្រៃវែងយើង។
លោក ឡាយ សំអឿន អភិបាលស្រុកបាភ្នំ បានលើកឡើងថា រដ្ឋបាលស្រុកបាភ្នំ សូមថ្លែងអរគុណចំពោះ សម្តេចក្រឡាហោម ស ខេង ទីប្រឹក្សាឧត្តមព្រះមហាក្សត្រ ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លានេះនៅក្នុងស្រុកបាភ្នំ ក្នុងពេលដែល សម្តេច បានអញ្ជើញមកជាអធិបតីក្នុងពិធីបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារបឋមសិក្សានាគរង្សី និងបឋមសិក្សា ពងពស់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ។ សម្មទ្ធិផលដ៏ល្អប្រសើរនេះ គឺជាហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មី មួយបន្ថែមទៀតដែលសម្តេចក្រហោមបានស្ថាបនាឡើង សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកបាភ្នំ ដោយការចំណាយ ថវិកាផ្ទាល់ខ្លួនរបស់សម្តេចក្នុងការសាងសង់ ដោយក្នុងនោះ ផ្លូវបេតុងសរសៃដែកចំនួន០១ខ្សែ ទំហំទទឹង ៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ប្រវែង៤.៦០០ម៉ែត្រ គឺចំណាយថវិកាសរុបចំនួន៥៨៤.៣៦៦ដុល្លា (ប្រាំរយប៉ែតសិបបួនពាន់ បី រយហុកសិបប្រាំមួយដុល្លាអាមេរិចគត់) និងអគារទីចាត់ការ និងបណ្ណាល័យចំនួន០១ខ្នង ស្មើនឹង០២បន្ទប់ ដែលមាន ទំហំទទឹង៧ម៉ែត្រ និងបណ្តោយ១៦ម៉ែត្រ ចំណាយថវិកាសរុបចំនួន ៣៥.៣៩៤ដុល្លា (សាមសិបប្រាំពាន់ បិរយ កៅសិបបួនដុល្លាអាមេរិចគត់) សរុបថវិកាទាំងអស់ចំនួន៦១៩.៧៦០ដុល្លា (ប្រាំមួយដប់ប្រាំបួនពាន់ ប្រាំពីររយហុកសិបដុល្លាមេរិចគត់)៕
Post a Comment