ក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត កាំពី ស្រុកចិត្របុរី ខេត្តក្រចេះគ្រាន់តែដេកលើអង្រឹងយោលជើង ក៏បានលុយចាយស្រួលដែរ(Video inside)


ក្រចេះ÷ប្រភព​ព័ត៌មានពីក្រុមឈ្មួញរកស៊ីដឹកទំនិញ​ ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីងថ្លឹងរថយន្ដកាំពី លើផ្លូវជាតិលេខ៧ខ្សិបប្រាប់ថា សព្វថ្ងៃនេះប្រធាន​ជញ្ជីងថ្លឹងរថយន្តកាំពីកំពុង​សប្បាយចិត្ត ប្រមូល​លុយ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន យ៉ាង​សុខស្រួលនៅគ្រាដែលរថយន្ត​ធំៗ​ ផ្ទុក​លើស​ទម្ងន់​នៅតែ​អាច​ធ្វើ​សកម្មភាពទាំង​យប់​ទាំង​ថ្ងៃ ។ 

រឿងអាស្រូវពុករលួយរបស់ ប្រធាននិងអនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកាំពីលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិដីសប្បទានឃុំសំបុកស្រុកចិត្របុរីខេត្តក្រចេះ ត្រូវក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញជាពិសេសថ្មម៉ាបឆ្លងកាត់ស្ថានីយ៍នេះទម្លាយចេញជាបន្តបន្ទាប់។ ជាងនេះទៅទៀតអំពើពុករលួយទាំងនោះគឺគេអាចមើលដោយភ្នែកទទេក៍ឃើញយ៉ាងច្បាស់ដែរ។
​អាជីវកដឹកជញ្ជូន​ទំនិញ,និងថ្មម៉ាបឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកាំពី បានឲ្យដឹងថា ទោះបី​ពួកគេ​ផ្ទុក​លើស​ទម្ងន់ ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់ របស់​ក្រុមមន្ត្រី​ដែលប្រចាំការនៅ​ស្ថានីយ៍​ជញ្ជីងថ្លឹងរថយន្តកាំពីដោយមិនលើកលែងនោះឡើយ។ 
ប្រភពបន្ថែមទៀតថា ទោះបីជារថយន្តដឹកទំនិញមិនលើសទម្ងន់ក៏ត្រូវតែបង់ប្រាក់ឲ្យពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តខាងលើនេះដែរ។ រីឯរថយន្តដែលលើសទម្ងន់ គឺត្រូវតែបង់ប្រាក់ច្រើនទ្វេដងជាថ្នូរនិងការមិនបង្ក្រាប។ រថយន្តដឹកទំនិញថ្មនិងកសិផលសុទ្ធតែលើសទម្ងន់កំពុងធ្វើសកម្មភាពរាល់ថ្ងៃនៅលើកំណាត់ផ្លូវជាតិលេខ៧ដែលគេដឹងថាវាជាផលប្រយោជន៍របស់ពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តខាងលើនេះដែរ។
ប្រភពបាន​បន្ថែមទៀតថា ពួកគាត់​ដឹកជញ្ជូន​ទំនិញ ឬ​កសិផល​ផ្សេងៗ​ ឆ្ពោះ​ទៅ​បណ្ដាខេត្ត​នានា ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កាំពី ស្រុកចិត្របុរីខេត្តក្រចេះគោរព​តាម​ច្បាប់​កំណត់​ក៏​នៅតែ​ចៀស​មិន​ផុត​ពី​ការបង់លុយ ឲ្យ​ក្រុម​មន្ត្រី​ពុករលួយ និង​បក្សពួក​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តនោះដែរ។
​ នៅទីនេះគេហៅថាសេវាបាយទឹកសម្រាប់ក្រុមមន្ត្រីដែលប្រចាំការនៅទីនោះ។ យ៉ាងហោចណាស់ក៏ត្រូវជួយគ្នាក៍ ដូចជាប្រាក១០.០០០៛ទៅ២០.០០០៛សម្រាប់រថយន្តដែលមិនលើសទម្ងន់ដែរ។ វាជាការជួយគ្នាទៅវិញទៅមកដើម្បីកុំឲ្យមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ខាងលើគ្រាន់ដោះស្រាយជីវភាពប្រចាំការរាល់ថ្ងៃ។
​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ បានឲ្យដឹងថា ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​តាំពីតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ចំណុច​ស្រុក ចិត្របុរីគាប​យក​លុយ​ពី​ម្ចាស់រថយន្តដឹកទំនិញតាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​ធំៗនៅ​ខាងលើ​ផងដែរ​។​ ម្ចាស់រថយន្តដឹកទំនិញមួយចំនួនលែងភ័យខ្លាចចំពោះការដឹកលើសទម្ងន់នោះហើយក៏ព្រោះតែបើទោះជារថយន្តរបស់ខ្លួនមិនលើសទម្ងន់ក៏ត្រូវតែបង់សេវាបាយទឹកជូនក្រុមមន្ត្រីដែលប្រចាំ ការនៅលើផ្លូវជាតិលេខ៧ចំណុចស្រុកចិត្របុរីនោះដែរ។ ​ប្រភពឃើញផ្ទាល់ភ្នែកបានឲ្យដឹងទៀតថា ពេល​រថយន្ត​ធំៗ ដឹក​ទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​ គឺ​តែងតែ​ឃើញ​ព្រូ​រថយន្ត​ឬ​អ្នកបើកបររថយន្ត​រត់​យ៉ាង​ប្រសេកប្រសាច​ទៅ​បង់លុយ​ឲ្យ  ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​កាំពី តាម​ការកំណត់​ដោយ​មិន​អាច​តវ៉ា​បាន​​នោះទេ​។​
នេះគឺជាចំណុចអសកម្ម ដែលគួរតែមានការកែទម្រង់ជាបន្ទាន់មួយទាំងអាជ្ញាធរខេត្តក្រចេះនិងក្រសួង សាធារណការនិងដឹកជញ្ជូនបញ្ហា​នេះ​គឺជា​រឿង​ដែល​ លោក​ ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ និង​លោក សេង ឈួន រដ្ឋលេខាធិការទទួល បន្ទុកប្រធាន​ជញ្ជីង​ទូទាំង​ប្រទេស មិន​គួរ​មើលរំលង​តទៅទៀត​នោះ​ទេ​ព្រោះ​ក្រុម​ជញ្ជីង​ថ្លឹង​ររថយន្តនៅលើ ផ្លូវជាតិ​លេខ​៧ ស្រុកចិត្របុរីកំពុង​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយតែម្យ៉ាងគត់៕







Powered by Blogger.