អាវុធហត្ថខេត្តតាកែវ បានបើកប្រតិបត្តិការបង្ក្រាបការជួញដូរ(កញ្ឆា) ដោយឃាត់ខ្លួនជនល្មើស២នាក់ ព្រមទាំងដកហូតកញ្ឆាក្រៀម១១៩កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត ផ្សេងទៀត

 

(ខេត្តតាកែវ) ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានបើកប្រតិបត្តិការបង្ក្រាបការជួញដូរកញ្ឆា ដោយឃាត់ខ្លួនជនល្មើស២នាក់ ដោយដកហូតកញ្ឆាក្រៀម១១៩កញ្ចប់ ព្រមទាំងវត្ថុតាងមួយចំនួនទៀត នៅចំណុចប្រឡាយទឹកតាសេក ស្ថិតនៅភូមិតារាគមន៍ ឃុំជ័យជោគ ស្រុកបូរីជលសារ។

លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការអាវុធហត្ថខេត្តតាកែវ បានប្រាប់អោយដឹងថា ៖ កាលពីវេលាម៉ោង ១៩៖៣០នាទីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកបូរីជលសារ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងតាកែវ កម្លាំងសរុបចំនួន២០នាក់ មធ្យោបាយទូកចំនួនពីរគ្រឿង អាវុធ AK ចំនួន៨ដើម ក្រោមការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបជាក់ស្ដែងករណីរក្សាទុក ដឹកជញ្ជូន ជួញដូរកញ្ឆាស្ងួតខុសច្បាប់នៅចំណុចប្រឡាយទឹកតាសេក ស្ថិតនៅភូមិតារាគមន៍ ឃុំជ័យជោគ ស្រុកបូរីជលសារ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបានបន្តទៀតថា ជាលទ្ធផលកម្លាំងបានឃាត់ខ្លួនជនសង្ស័យ២នាក់ រួមមាន៖ ជនសង្ស័យឈ្មោះ អ៊ុំ សុខ អាយុ៤៨ឆ្នាំ មុខរបរកសិករ (ស៊ីឈ្នួលដឹកជញ្ជូនតាមបញ្ជាឈ្មោះ រុន សាវុធ) និងជនសង្ស័យឈ្មោះ សូ រំដួល ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកសិករ។

យោងតាមស្ដាប់ចម្លើយឈ្មោះ អ៊ុំ សុខ បានបង្ហាញថា ឈ្មោះ សូ រំដួល មិនពាក់ព័ន្ធនោះទេ ហេតុដូច្នេះលោកព្រះរាជអាជ្ញា បានបង្គាប់មកកម្លាំងជំនាញឱ្យជននេះវិលត្រឡប់ទៅលំនៅដ្ឋានវិញ។

បើតាមលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការអាវុធហត្ថ, កញ្ឆាក្រៀមចំនួន១១៩កញ្ចប់, ទូកកាណូ១គ្រឿង, ម៉ាស៊ីនមួយគ្រឿង, និងទូរស័ព្ទដៃ១គ្រឿង ត្រូវបានកម្លាំងដកហូតផងដែរ។

ក្រោយពីកម្លាំងជំនាញ សាកសួរស្រាវជ្រាវបន្ថែមរួចមក, នៅវេលាម៉ោង ២១៖១៥នាទី កម្លាំងកងរាជអាវុធហត្ថស្រុកបូរីជលសារ សហការជាមួយកម្លាំងកងរាជអាវុធអាហត្ថ ស្រុកកោះអណ្តែត និងកម្លាំងកងរាជអាវុធហត្ថខេត្ត បន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ រុន សាវុធ ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរលក់បាយ (រក្សាទុកជួញដូរ) ស្ថិតនៅភូមិ តាផាន់ ឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ។ វត្ថុតាងដកហូតទូរស័ព្ទដៃចំនួន២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ និងរក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕









Powered by Blogger.