ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស "A" ក្នុងឆ្នាំសិក្សា២០២៣-២០២៤

 


ព្រៃវែង៖ ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស "A"  ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នាសម័យប្រឡង (០៨ តុលា ២០២៤) នៅខេត្តព្រៃវែង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត បានលើកឡើងថា ក្រោមដំបូលនៃសន្តិភាព និងការអភិវឌ្ឍន៍ ដែលស្របនឹងការរីកចម្រើននៃបច្ចេកវិទ្យារបស់ពិភពលោក ការទទួលបានចំណេះដឹងដែលបានមកពីការខិតខំសិក្សាស្រាវជ្រាវរបស់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងឪពុកម្តាយ ក៏ដូចជាអាព្យាបាល ដោយមានការជ្រោមជ្រែងគ្រប់អ្នកពាក់ព័ន្ធ ពិសេសការឧបត្ថម្ភគាំទ្រ និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានធ្វើឱ្យវិស័យអប់រំ យុវជន និងកីឡាខេត្តព្រៃវែងក្នុង កាន់តែរីកចម្រើនជាបន្តបន្ទាប់។ ក្នុងនោះកាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤ ខេត្តព្រៃវែងមានបេក្ខជនដាក់ពាក្យប្រឡងៈ ៨ ៣៧៣នាក់ ស្រី ៤ ៦២៩ នាក់។ បេក្ខជនមកប្រឡងៈ ៨ ២៧៣នាក់ ស្រី ៤ ៥៩២នាក់។ បេក្ខជនប្រឡងជាប់: ៦ ៧៨៩ នាក់ ស្រី ៤ ០០០ នាក់ ស្មើនឹង៨២,០៦% ស្រី ៨៧,១១% ក្នុងនោះ៖
-សិស្សជាប់និទ្ទេស A ចំនួន ១១៩នាក់ស្រី ៧១ នាក់ (កើនឡើង ៣៤នាក់)
-សិស្សជាប់និទ្ទេស B ចំនួន ៧៦៧ នាក់ស្រី ៤៨៣ នាក់
-សិស្សជាប់និទ្ទេស C ចំនួន ១ ៥៨៣ នាក់ស្រី ១ ០២៣ នាក់
-សិស្សជាប់និទ្ទេស D ចំនួន ២ ២៩៤ នាក់ស្រី ១ ៣៤២ នាក់
-សិស្សជាប់និទ្ទេស E ចំនួន ២ ០២៨ នាក់ ស្រី ១ ០៨២ នាក់

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍លើកឡើងថា ក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេស A ទាំងអស់គ្នានេះ គឺជាធនធានមួយដ៏សំខាន់ក្នុងការជួយពង្រឹងវិស័យអប់រំក្នុងប្រទេសកម្ពុជា និងជាសសរទ្រូងសម្រាប់ប្រទេស និងត្រូវខិតខំសិក្សារៀនសូត្រនៅជំនាញឯកទេសដែលខ្លួនចង់សិក្សាឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀតដើម្បីធ្វើយ៉ាងណាជួយអភិវឌ្ឍន៍ប្រទេសជាតិ និងក្រុមគ្រួសាររបស់ខ្លួនកាន់តែរីកចម្រើនទៅមុខជាលំដាប់។ ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាតរបស់ប្រមុខរាជរដ្ឋាភិបាល បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំជាក់ស្តែង សម្តេចបានណែនាំឲ្យក្រសួងអប់រំ និងកម្មវិធីអប់រំដើម្បីកសាងធនធានមនុស្សឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចប្រកបដោយជំនាញ។

ឯកឧត្តម អភិសន្តិបណ្ឌិត បានថ្លែងបន្តទៀតថា ឆ្លងកាត់កំណែទម្រង់ជាបន្តបន្ទាប់លទ្ធផលដែលយើងទទួលបាន គឺគុណភាពនៃវិស័យអប់រំនៅកម្ពុជាមានការផ្លាស់ប្តូរជាវិជ្ជមានគួរឲ្យមានមោទនៈ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍បន្ថែមថា លទ្ធផលដែលដែលក្មួយៗទទួលបានដូចបាននេះ បានបញ្ជាក់ឱ្យឃើញថា៖ លោកគ្រូ-អ្នកគ្រូ ពិតជា មានសមត្ថភាព មនសិការវិជ្ជាជីវៈខ្ពស់ និងការយកចិត្តទុក្ខដាក់ ដោយបានបញ្ចេញអស់ពីកម្លាំងកាយចិត្តគួរ
ឱ្យកោតសរសើររួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយកិត្តិយស និងភាពថ្លៃថ្នូរជាទីបំផុត។

ក្នុងឱកាសនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្ដល់នូវថវិកាឧបត្ថម្ភលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់និទ្ទេស "A" ចំនួន ១១៩នាក់ ក្នុង១នាក់ទទួលបាន ថវិកាចំនួន $៣០០ សរុបថវិកាចំនួន $៣៥,៧០០ និងនាយកសាលា ២៨នាក់ ក្នុង១នាក់ ថវិកាចំនួន ២០០.០០០រៀល សរុបថវិកាចំនួន ៥.៦០០.០០០រៀល៕

























Powered by Blogger.