ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បង្ហាញមោទនភាពចំពោះវិស័យ អប់រំ នៃខេត្តព្រៃវែង មានការស្ទុះឡើងខ្លាំងនៃអត្រាសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ជាពិសេសចំនួនសិស្សជាប់និទ្ទេស A មានការកើនឡើងច្រើន
ព្រៃវែង៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ បានមានប្រសាសន៍ថា សន្ទុះនៃអត្រាសិស្សក្នុងខេត្តព្រៃវែងប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ជាពិសេសកំណើននៃចំនួនសិស្សជាប់និទ្ទេស A ក្នុងរយៈពេលជិត១០ឆ្នាំមកនេះ ដែលចាត់ទុកជាសមិទ្ធផលរួមប្រកបដោយក្ដីមោទនៈយ៉ាងក្រៃលែង ដ្បិតលទ្ធផលនេះ ជាការបង្ហាញឱ្យឃើញពីការស្ទុះឡើងនៃវិស័យអប់រំនៅកម្ពុជា។ ឯកឧត្ដម អភិសន្តិបណ្ឌិត មានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាខេត្តព្រៃវែង។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានប្រសាសន៍ចាត់ទុលលទ្ធផលនេះថាជាមនុញ្ញផលកើតចេញពីបន្ទាត់នយោបាយកំណែទម្រង់ដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលជំនាន់មុន ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧នេះ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។
ឯកឧត្តម ស សុខា បានកត់សម្គាល់ថា សម្រាប់ខេត្តព្រៃវែង គិតចាប់ពីក្រោយការអនុវត្តកំណែទម្រង់ក្រោមពាក្យស្លោក«អ្នកចេះគឺជាប់» កាលពីឆ្នាំ២០១៣ គឺពុំមានសិស្សជាប់និទ្ទេស A ទេ ប៉ុន្តែចាប់ពីឆ្នាំ២០១៥មក អត្រាសិស្សជាប់បាក់ឌុប និងជាប់និទ្ទេសខ្ពស់បំផុតនេះបានហក់ឡើង និងមានជាបន្ទាប់ ពោលគឺពីចាប់ជាង៧០ភាគរយនៅឆ្នាំ២០១៥ រហូតដល់ជាង៨០ភាគរយនៅឆ្នាំ២០២៤នេះ។
នៅឆ្នាំ២០២៤នេះ ខេត្តព្រៃវែង មានសិស្សជាប់និទ្ទេស A ចំនួន១១៧នាក់។ ក្នុងនាមឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណក្រុមការងាររាជរដ្ឋាភិបាល រដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំក្រុង ស្រុក ខណ្ឌ ជាពិសេសលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត ដែលចូលរួមសហការជាមួយ ស.ស.យ.ក. ខេត្តព្រៃវែង បើកវគ្គបំប៉នសិស្សថ្នាក់ទី១២ ចាប់ពីឆ្នាំ២០១៥មក។
សូមបញ្ជាក់ថា សម្រាប់ការបើកវគ្គបំប៉នសិស្សថ្នាក់ទី១២ ក្នុងខេត្តព្រៃវែង ចាប់ពីឆ្នាំ២០១៥មកនោះ សហភាពសហព័ន្ធយុជនកម្ពុជាខេត្ត ដោយមានការចូលរួមគាំទ្រពីភាគីពាក់ព័ន្ធ បានចំណាយថវិកាប្រមាណ៦០ទៅ៦៥លានរៀលក្នុងមួយឆ្នាំៗសម្រាប់ការឧត្ថម្ភដល់គ្រូស្ម័គ្រចិត្ត។ នេះបើតាមរបាយការណ៍ថ្លែងដោយលោក ប៉ាវ សុធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង៕
Post a Comment