កុមារា កុមារី ដែលមានជីវៈភាពខ្វះខាតក្នុងការសិក្សាចំនួន ៩៨ នាក់ទទួលបានអាហារូបករណ៍សិក្សា ពីអង្គការមូលនិធិនៃក្តីសង្ឃឹម
ព្រៃវែង៖ នៅព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤ អង្គការមូលនិធិនៃក្តីសង្ឃឹម បានផ្តល់អំណោយអាហារូបករណ៍ ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈសិក្សា ដល់កុមារដែលមានជីវៈភាពខ្វះខាត ក្នុងការសិក្សា ដើម្បីជម្រុញឲ្យកុមារបានបន្តការសិក្សា ដែលមានចំនួន ៩៨ នាក់ នៃស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួមពីលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ ព្រមទាំងតំណាងអង្គការមូលនិធិនៃក្តីសង្ឃឹម ។
ដំណាងអង្គការមូលនិធិនៃក្តីសង្ឃឹម បាន ថ្លែងអំណរគុណដល់អាជ្ញាធរស្រុក ឃុំទាំងអស់ដែលបានសហការជាមួយអង្គការមូលនិធិនៃក្តីសង្ឃឹមនេះបានយ៉ាងល្អជាច្រើនឆ្នាំកន្លងមកនេះ។ លោកក៏បានបន្តទៀតថា អង្គការមូលនិធិនៃក្តីសង្ឃឹម ជួយនេះគឺក្នុងគោលបំណងឲ្យកុមារដែលមានជីវភាពខ្វះខាតក្នុងការសិក្សា ឲ្យមានឱកាសបានបន្តសិក្សាដូច កូនអ្នកដែលមានជីវភាពធូរធាដែរ។ លោកក៏បន្ថែមទៀតថា សូមឱ្យប្អូនៗដែលទទួលបានអាហារូបករពីអង្គការមូលនិធិនៃក្តីសង្ឃឹមនេះត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រឲ្យបានពូកែដើម្បីឲ្យម្ចាស់ជំនួយគាត់បន្តផ្ដល់ជំនួយនេះជាបន្តទៀត។
ថ្លៃនៅក្នុងឱកាសនោះផងដែរលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ បានលើកឡើងថា ការផ្ដល់អាហារូបករណ៍ដល់កុមារ ដែលមានជីវភាពខ្វះខាត របស់អង្គការមូលនិធិនៃក្តីសង្ឃឹមនេះ គឺក្នុងគោលបំណងដើម្បីជំរុញឲ្យកុមារដែលមានជីវៈភាពក្រីក្រខ្វះខាតក្នុងការបន្តការសិក្សារៀនសូត្រ មានឱកាសបានបន្តការសិក្សារៀនសូត្រដូចគ្រួសារដែលមានជីវភាពធូរធារដែរ។
លោក អភិបាលស្រុក បានបន្តថា ក្នុងនោះអង្គការក៏បានជួយឧបត្ថម្ភគាំទ្រដល់កុមារដែលមានជីវៈភាពក្រីក្រខ្វះខាតនេះនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារៈសិក្សាមួយឈុតរយៈពេល ១ ឆ្នាំសម្រាប់កុមារម្នាក់។ ចំពោះកាផ្តល់សម្ភារៈសិក្សា គ្រឿងឧបភោគ បរិភោគនេះ ក្នុងកុមារម្នាក់ៗ គឺជួយរយៈពេល ៦ ឆ្នាំ ដោយចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៦ និងបន្តរហូតដល់ថ្នាក់ទី៩ ប្រសិនបើគាត់នៅតែបន្តការសិក្សា ហើយនិងបន្តជួយរហូតដល់ថ្នាក់ទី១២ ទៀតប្រសិនបើគាត់នៅតែបន្តការសិក្សា ហើយក្នុងនោះអង្គការក៏ជួឧបត្ថម្ភសម្លៀកបំពាក់ រួមទាំងអាហារ មានអង្ករ ចំនួន ២ ខែម្ដងផងដែរ។ ដែលនេះគឺជាការជួយយកចិត្តទុកដាក់ពីអង្គការមូលនិធិនៃក្តីសង្ឃឹមតាមរយៈលោក ប៉ិច សុង អភិបាលស្រុក ដល់កុមារដែលមានជីវភាពខ្វះខាតក្នុងការសិក្សានេះយ៉ាងធំធេងសម្រាប់ស្រុកស្វាយអន្ទរ។ លោក អភិបាលស្រុក ក៏បានបន្ថែមទៀតថាអង្គការមូលនិធិនៃក្តីសង្ឃឹមនេះបានជួយទាំងសម្ភារៈសិក្សា និងគ្រឿងឧបភោគ បរិភោគ ដល់កុមារដែលមានជីវភាពខ្វះខាតក្រីក្រក្នុងការសិក្សានេះ អស់រយៈពេល ៧ ឆ្នាំកន្លងមកហើយ។ ហើយក្នុងនោះមិនត្រឹមតែជួយ តែសម្ភារៈសិក្សា និងគ្រឿងឧបភោគ បរិភោគ ដល់កុមារប៉ុណ្ណោះទេ អង្គការនេះក៏បាន ជួយសាងសង់លំនៅដ្ឋានដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្រីក្រគ្មានទីពឹងប្រមាណជាង ៧០ ខ្នងផ្ទះរួចមកហើយផងដែរ។
លោក អភិបាលស្រុក បានបន្តទៀតថា ទាំងនេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាអង្គការមូលនិធិនៃក្តីសង្ឃឹម និងរដ្ឋបាលស្រុក ក្នុងការលើកកម្ពស់ ធនធានចំណេះដឹង ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងការផ្ដល់ឱ្យកូនបន្តការសិក្សារៀនសូត្រ។
លោក អភិបាលស្រុក ក៏សូមផ្តាំផ្ញើដល់ក្មួយៗ ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ឲ្យអស់ពីកម្លាំងកាយចិត្តដោយមិនត្រូវបោះបង់ការសិក្សា និងត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន។ ព្រោះថាចំណេះដឹងនេះគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយយឹតយោងជីវភាពក៏ដូចជា អនាគតរបស់ក្មួយៗនាពេលអនាគតរុងរឿង។
លោកក៏បានណែនាំដល់អាណាព្យាបាលសិស្សទាំងអស់ត្រូវជម្រុញនិងលើកទឹកចិត្តដើម្បីឲ្យគាត់បានទៅសាលា បន្តការសិក្សារៀនសូត្រឲ្យបានគ្រប់គ្នាៗ។
សម្ភារៈដែលបានផ្ដល់ជូននោះមានអង្ករ ៥០ គឺឡូក្រាម, ត្រីខ,ខ្លាញ់,ស្ករស,អំបិល,ផងដែរ៕
Post a Comment