ឯកឧត្ដម សួន សុម៉ាលីន អញ្ជើញកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៤
ព្រៃវែង៖ នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ ទន់ សាអ៊ុឹម អនុរដ្ឋលេខាធិការ ក្រសួង អបរំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តព្រៃវែង បានដឹកនាំ ក្រុមការងារអាជ្ញាធរពាក់ព័ន្ធ មន្ទីរអង្គភាព អញ្ជើញពិនិត្យ និងកាត់វិញ្ញាសារ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ ដែលមានរយៈពេល ពីថ្ងៃ គឺថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ នៅមណ្ឌលសាលាបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង។
ចំពោះការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តព្រៃវែង មានបេក្ខជនបានដាក់ពាក្យប្រឡងចំនួន ៨,៤៧៣ នាក់ ស្រីចំនួន ៤,៦៦៨ នាក មានចំនួន ១៥ មណ្ឌល ស្មើនិង ៣៤០ បន្ទប់។ ដោយក្នុងនោះបែងចែកជាពីរ ផ្នែក មានផ្នែកវិទ្យាសាស្ត្រ និងផ្នែកវិទ្យាសាស្រ្តសង្គម។ ដោយផ្នែកវិទ្យាសាស្រ្ត មាន ៣ មណ្ឌល ស្មើនឹង ៨៤ បន្ទប់ មានបេក្ខជន សរុបចំនួន ២,០៨៨ នាក់ ស្រី១,៣០៥ នាក់ និង ផ្នែកវិទ្យាសាស្រ្តសង្គម ចែកចេញ ជា ១២ មណ្ឌល មានបេក្ខជន ចំនួន ៦,៣៨៥ នាក់ ស្រី ៣,៣៦៣ នាក់ ស្មើនិង ២៥៦ បន្ទប់។
នៅក្នុងការអញ្ជើញចុះពិនិត្យ និងកាត់វិញ្ញាសារនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត ក៏បានណែនាំទៅដល់បេក្ខជន បេក្ខនារី សូមយកចិត្តទុកដាក់ប្រឹងប្រែងបញ្ជេញសមត្ថភាពចំណេះដឹងដែលខ្លួនមាន មិនត្រូវបង្កការរំខាននៅក្នុងបន្ទប់ ឬក៏លួចមានប្រយ៉ុង ពិសេសមិនត្រូវចម្លងគ្នានោះឡើយ ហើយក្រោយពេលទទួលលទ្ធផលប្រឡងជាប់ ត្រូវបន្តការសិក្សានៅសកលវិទ្យាល័យបន្តទៀតដើម្បីទទូលបានជំនាញដែលខ្លួនស្រឡាញ់។
ឯកឧត្ដម អភិបាលខេត្ត ក៏បាន ផ្តាំផ្ញើ និងណែនាំដល់ បេក្ខជន បេក្ខនារី លោកគ្រូអនុរក្សទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នៅបទបញ្ញាត្តិផ្ទៃក្នុង នៃការប្រលងនេះធ្វើយ៉ាងណាដើម្បីយើងទទួលបាននូវចំណេះដឹងពិតប្រាកដ ដើម្បី មានសមត្ថភាពក្នុងការបម្រើការងារ និងជួយអភិវឌ្ឍប្រទេសជាតិយើង។ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត ក៏សូមជូនពរដល់បេក្ខជន បេក្ខនារី ដែលបានមកប្រឡងទាំងអស់សូមឲ្យជាប់គ្រប់ៗគ្នា៕
Post a Comment