ការិយាល័យប្រជាពលរដ្ឋខេត្តព្រៃវែង បានអញ្ជើញផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច របស់ខ្លួនដល់មន្ទីរក្នុងខេត្ត និងដល់ប្រជាពលរដ្ឋ
ព្រៃវែង៖ ការិយាល័យប្រជាពលរដ្ឋខេត្តព្រៃវែង ដែលដឹកនាំដោយលោកស្រី ងិន ពៅ ជាប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត រួមជាមួយក្រុមការងារបានអញ្ជើញផ្សព្វផ្សាយអនុក្រឹត្យលេខ ១៩ អនក្រ/បក និងផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច របស់ខ្លួនដល់មន្រ្តីមន្ទីរព័ត៌មានខេត្តព្រៃវែង និងដល់ប្រជាពលរដ្ឋនៃខេត្តព្រៃវែង នៅរសៀលថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៤។
ក្នុងនោះលោកស្រី ងិន ពៅ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានលើកឡើងថា ការិយាល័យប្រជាពលរដ្ឋ គឺជាកន្លែងទទួលពាក្យបណ្ដឹង សម្រុះសម្រួលបណ្ដឹងដោះស្រាយបណ្ដឹង និងជាកន្លែងផ្តល់អនុសាសន៍នូវបណ្តឹងរដ្ឋបាលនៅថ្នាក់ក្រោម ជាតិ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដូចជាវិវាទរវាងប្រជាពលរដ្ឋ និងមន្ត្រីរដ្ឋបាល ឬវិវាទរវាងមន្ត្រីរដ្ឋបាលនិងមន្ត្រីរដ្ឋបាល ។
លោកស្រី ប្រធាន បន្តថា លោកអ្នកអាចមកធ្វើការដាក់ពាក្យបណ្ដឹងនៅការិយាល័យប្រជាពលរដ្ឋលើបញ្ហាដូចជា៖ការផ្តល់សេវាសាធារណៈមានភាពយឺតយ៉ាវឥរិយាបថមិនសមរម្យរបស់មន្ត្រីផ្តល់សេវាសាធារណៈ ការយកកម្រៃសេវាលើសពីច្បាប់កំណត់ ការបដិសេធនូវការមិនបំពេញនូវកាតព្វកិច្ចក្នុងនាមជាមន្ត្រីរដ្ឋបាលជាដើម ។ ចំពោះការិយាល័យប្រជាពលរដ្ឋខេត្តព្រៃវែងមានទីតាំងនៅស្ថិតនៅភូមិ២ សង្កាត់ កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ក្នុងបរិវេណសាលាខេត្ត អគារជួរ ខាងជើងជាន់ផ្ទាល់ដី ។
លោកស្រីប្រធាន បន្ថែមថា រាល់ការដាក់ពាក្យបណ្តឹង និងផ្តល់ព័ត៌មានផ្សេងៗ សម្រាប់ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិដាក់ពាក្យបណ្តឹង និងផ្តល់ព័ត៌មានផ្សេងៗ ដែលពាក់ ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ មក ការិយាល័យប្រជាពលរដ្ឋខេត្តព្រៃវែង ដោយពុំមានបង់ថ្លៃសេវាឡើយ ។ ប្រជាពលរដ្ឋគ្រប់រូបអាចដាក់ពាក្យបណ្ដឹង និងផ្តល់ព័ត៌មានផ្សេងៗរៀងរាល់ម៉ោង ធ្វើការ និងអញ្ជើញទៅទីតាំងការិយាល័យប្រជាពលរដ្ឋផ្ទាល់,តាមរយៈទូរស័ព្ទ ឬតាមប្រព័ន្ធទំនាក់ទំនងផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋ, តាមប្រអប់សំបុត្រររបស់ការិយាល័យប្រជាពលរដ្ឋ, និងតាមប្រព័ន្ធអេឡិចត្រូនិច។
ដូច្នេះសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុខេត្តព្រៃវែងអាចមានបញ្ហាផ្សេងៗ ឬចង់ដាក់ពាក្យបណ្តឹង មកការិយាល័យប្រជាពលរដ្ឋអាចទាក់ទងមក
១-Facebook៖ ការិយាល័យប្រជាពលរដ្ឋខេត្តព្រៃវែង
២-អ៉ីម៉ែល៖ Ombusman.pvg@gmail.com
៣-តេលេក្រាមឆាណែល៖ ការិយាល័យប្រជាពលរដ្ឋខេត្តព្រៃវែង
៤-លេខទូរស័ព្ទ៖060 60 68 69៕
Post a Comment