ឯកឧត្តម ប៊ុន បុណ្យសារ៉ាត់ ៖ ការលើកកម្ពស់សុខដុមនីយកម្មសាសនាក្នុងសង្គម បានបង្ហាញអំពីប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍន៍

 


ព្រៃវែង៖ នៅសាលាខេត្តព្រៃវែងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងធម្មការនិងសាសនា សហការជាមួយមន្ទីរធម្មការនិងសាសនាខេត្ត បានរៀបចំសិក្ខាសាលា ស្តីអំពី “ការលើកកម្ពស់សុខដុមនីយកម្មសាសនាក្នុងសង្គម” ក្រោមជំនួយឧបត្ថម្ភរបស់មូលនិធីពិសេសនៃកិច្ចសហប្រតិបត្តិការ ទន្លេមេគង្គ-ឡានឆាង។ ពិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជាអធិបតីរបស់ ឯកឧត្តម ប៊ុន បុណ្យសារ៉ាត់ អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ព្រវត្តមាន និងវត្តមាន ព្រះមេគណទាំងពីគណៈ និងលោកស្រី  ហ៊ន់ សុធារី អភិបាលរងខេត្តព្រៃវែង ជាគណៈអធិបតី ព្រមទាំងមានការនិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ និងពុទ្ធសាសនិក ឥស្លាមសាសនិក និងគ្រឹស្ទសាសនិក និងយុវជន ប្រមាណជាង ១០០ អង្គ/ នាក់ ផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៊ុន បុណ្យសារ៉ាត់ អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ថា ប្រធានបទ “ការលើកកម្ពស់សុខដុមនីយកម្មសាសនាក្នុងសង្គម” ពិតជាប្រធានបទពាក់ព័ន្ធដ៏សំខាន់ ដើម្បីបញ្ជ្រាបការយល់ដឹងពីគ្នាទៅវិញទៅមក ការយោគយល់ កិច្ចសហប្រតិបត្តិការល្អ និងការរួមរស់ប្រកបដោយសន្តិសហវិជ្ជមានក្នុងចំណោមថ្នាក់ដឹកនាំ សាសនិកពីគ្រប់សាសនានៅកម្ពុជា សំដៅចូលរួមថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តម អនុរដ្ឋលេខាធិការ មានប្រសាសន៍បន្តទៀតថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាងនិងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចង្អុលបង្ហាញយ៉ាងច្បាស់ដល់ក្រសួងធម្មការនិងសាសនា ស្តីពីការអភិរក្ស និងការអភិវឌ្ឍវិស័យសាសនា មានជាអាទិ៍៖ ១) គោរពសេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរព ប្រតិបត្តិសាសនាផ្សេងៗទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា ២) ពង្រឹងសុខដុមនីយកម្មរវាងគ្រប់សាសនា, ៣) បន្តពង្រឹង និងពង្រីកការអប់រំពុទ្ធិកសិក្សាពីកម្រិតបឋម ដល់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា។

ឯកឧត្តម អនុរដ្ឋលេខាធិការ បន្តថា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលខាងលើ ក្រសួងធម្មការនិងសាសនា បានបន្តអនុវត្តគោលនយោបាយ “លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា” សម្រាប់អនុវត្តឆ្នាំ២០២៤ ដល់២០២៨ ដោយផ្អែកលើផែនការយុទ្ធសាស្រ្តចំនួន៥ របស់ក្រសួង រួម មាន៖ ១) ការលើកកម្ពស់សាសនារបស់រដ្ឋ, ២) ការលើកកម្ពស់សីលធម៌សង្គម, ៣) រក្សាសុខដុមនីយកម្មសាសនា, ៤) ការពង្រឹងគុណភាពវិស័យអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត និង ៥) ការអភិវឌ្ឍសមត្ថភាពស្ថាប័ននិងធនធានមនុស្ស។

ឯកឧត្តម ប៊ុន បុណ្យសារ៉ាត់ អនុរដ្ឋលេខាធិការ បានលើកយកទស្សនៈសម្រាប់ការស្វែងរកសេចក្ដីសុខតាមមាគ៌ាព្រះពុទ្ធសាសនាមានបីកម្រិតប្រគេននិងជូនអង្គសិក្ខាសាលាត្រិះរិះពិចារណា ទី១ កម្រិតបុគ្គល  “នត្ថិ សន្តិ បរំ សុខំ” (មិនមានសេចក្តីសុខដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ) ទោះជាសង្គមមានសន្តិភាព បើចិត្តបុគ្គលមិនស្ងប់ នឹងមិនមានសេចក្ដីសុខឡើយ ទី២ កម្រិតសង្គមឬសមូហភាព “សង្ឃស្ស សាមគ្គី សាមគ្គានំ តបោ សុខោ” (សេចក្តីព្រមព្រៀងក្នុងពួកគណៈរមែងនាំមកនូវសេចក្តីសុខ) សាមគ្គីធម៌ជាឧបករណ៍ដ៏ប្រសើរបំផុត សម្រាប់ការរួមរស់ដ៏សុខសាន្តរបស់សង្គមមនុស្ស ទី៣ កម្រិតពិភពលោក “អព្យាបជ្ឈំ សុខំ លោកេ” (ការមិនបៀតបៀនជាសេចក្តីសុខក្នុងលោក) សេចក្ដីសុខក្នុងពិភពលោកមិនអាចកើតមានបានដោយសារការបៀតបៀនគ្នា ឬការធ្វើសង្រ្គាមឡើយ។

ឯកឧត្តម អនុរដ្ឋលេខាធិការបានលើកទឹកចិត្តឱ្យអង្គសិក្ខាសាលាពិភាក្សាគ្នាឱ្យបានផុលផុសកប្រកបដោយស្មារតីសាមគ្កីភាព ភារតភាព និងការគោរពរាប់ស្មោះត្រង់ ដើម្បីធានាថាអង្គសិក្ខាសាលាសម្រេចបានតាមគោលបំណងរំពឹងទុកស្របតាមគោលនយោបាយនៃការថែរក្សាសុខដុមនីយកម្មសាសនារបស់ក្រសួងធម្មការនិងសាសនា។

នៅក្នុងពិធីនោះដែរលោក លី សិទ្ធី ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តព្រៃវែង បានធ្ចើរបាយការណ៍ ជូនគណៈអធិបតី និងអង្គពិធីទាំងមូលអំពីសមិទ្ធផលនៃវិស័យធម្មការនិងសាសនានៅខេត្តព្រៃវែង ដែលមានវត្តសរុបចំនួន៥១៩វត្ត (វត្តធម្មយុត្តិកនិកាយចំនួន១៩វត្ត) ។ ពាហិរសាសនាក្នុងខេត្តព្រៃវែងមានចំនួន៥៖ ១-សាសនាគ្រីសមានចំនួន៦៦កន្លែង ២-ឥស្លាមសាសនាមានចំនួន៦កន្លែង ៣-សាសនាមហាយានមាន៨កន្លែង ៤-អ្នកតាចិនមាន៣វិហារ ៥-ព្រហ្មញ្ញសាសនាមាន១កន្លែង៕











Powered by Blogger.