ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង ចុះហត្ថលេខាលើឯកសារបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន!
ឯកឧត្តមអភសន្តិបណ្ឌិត
ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ
និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន
បានចុះហត្ថលេខាលើផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃ
និងក្រសួងសន្តិសុខសាធារណៈ បន្ទាប់ពីភាគីទាំងពីរ
បានអនុវត្តដោយជោគជ័យជាបន្តបន្ទាប់ ចាប់ពីឆ្នាំ២០១៩ មក។
ពិធីចុះហត្ថលេខា
បានធ្វើឡើងនៅទីក្រុងប៉េកាំង នាឱកាសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
និងឯកឧត្តម វ៉ាង ស៊ាវហុង
អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់
នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។ ភាគីទាំងពីរ
ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបន្តដំណើរការការិយាល័យសម្របសម្រួលកិច្ចសហប្រតិបត្តិការការអនុវត្តច្បាប់ផងដែរ។
ផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា
និងក្រសួងសន្តិសុខសាធារណៈចិន ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់
និងការប្តេជ្ញាចិត្តរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ
ក៏ដូចជារវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន
ក្នុងកិច្ចសហការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
សម្រាប់ឆ្នាំបន្តនេះ
ភាគីទាំងពីរ បានផ្ដោតលើការងារសន្តិសុខ ការស្វែងរកជនល្មើស
និងការធ្វើមាតុភូមិនិវត្តន៍ ការពង្រឹងការអនុវត្តច្បាប់ជាក់ស្តែង
ការកសាងសមត្ថភាព ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ។
គិតត្រឹមឆ្នាំ២០២៣ ដល់ឆមាសទី១ ឆ្នាំ២០២៤ ភាគីទាំងពីរ
បានសហការស្រាវជ្រាវនិងបង្ក្រាបបទល្មើសឆ្លងដែនជាច្រើនករណី
ទាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា អំពើជួញដូរមនុស្ស
និងបទល្មើសគ្រឿងញៀនជាដើម។
បន្ទាប់ពីអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំ
និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
និងឯកឧត្តម វ៉ាង ស៊ាវហុង បានបន្តជួបពិភាក្សាទ្វេភាគីបន្ថែមទៀត។
ក្នុងជំនួបនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងកោតសរសើរ
និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនានា ដែលភាគីចិន
បាននិងកំពុងជួយកម្ពុជាលើវិស័យសន្តិសុខ ទាំងការផ្តល់សម្ភារៈបច្ចេកទេស
ការបណ្តុះបណ្តាលធនធានមនុស្ស ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
ការជួញដូរមនុស្ស និងសកម្មភាពឆបោកតាមអនឡាញជាដើម។
ជាការឆ្លើយតប
ឯកឧត្តម វ៉ាង ស៊ាវហុង បានថ្លែងកោតសរសើរ
និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នាពេលកន្លងមក
ព្រមទាំងបានបង្ហាញក្ដីសង្ឃឹមជឿជាក់ខ្ពស់ថានៅក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា
កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា
និងក្រសួងសន្តិសុខសាធារណៈចិន នឹងកាន់តែមានភាពរីកចម្រើនជាផ្លែផ្កា។ ឯកឧត្តម
ក៏បានបញ្ជាក់ជូនឯកឧត្តមអភិសន្តិបណ្ឌិត នូវការបន្តគាំទ្រ
និងផ្តល់ជំនួយទាំងផ្នែកពង្រឹងសមត្ថភាព និងសម្ភារៈផ្សេងៗផងដែរ។
ទន្ទឹមនឹងការផ្លាស់ប្ដូរយោបល់គ្នាលើប្រធានបទសំខាន់ៗមួយចំនួន
ក្នុងជំនួបនោះ ភាគីទាំងពីរ
ក៏បានគូសបញ្ជាក់នូវអំណរសាទរចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចទាំងពីរលើក
របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មកកាន់ប្រទេសចិន
កាលពីឆ្នាំ២០២៣ ជាពិសេសការឯកភាពពង្រឹង
និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យ
ដោយបានចុះហត្ថលេខាលើផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន
ក្នុងយុគសម័យថ្មី សម្រាប់ឆ្នាំ២០២៤-២០២៨។
ក្នុងបរិយាកាសប្រកបដោយមិត្តភាព
ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ឯកឧត្តម វ៉ាង ស៊ាវហុង
សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងសន្តិសុខ សាធារណៈចិន
បានអញ្ជើញឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងគណប្រតិភូកម្ពុជា ពិសាអាហារនៅសណ្ឋាគារយួយអាន
ទីក្រុងប៉េកាំង ដោយមានការថ្លែងសុន្ទរកថា
និងកិច្ចពិភាក្សាបន្ថែមប្រកបដោយភាតររវាងថ្នាក់ដឹកនាំនិងមន្រ្តីជាន់ខ្ពស់នៃភាគីទាំងពីរផងដែរ។
សូមបញ្ជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
បាននិងកំពុងបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន
តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង ស៊ាវហុង
និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតីនាយករដ្ឋមន្រ្តី។
ទស្សនកិច្ចនឹងបន្តដល់ថ្ងៃទី៧ ខែកញ្ញា ដោយឯកឧត្តមអភិសន្តិបណ្ឌិត
នឹងដឹកនាំគណៈប្រតិភូទស្សនកិច្ចមជ្ឈមណ្ឌលទិន្នន័យធំ ខេត្តគួយចូវ
ការិយាល័យអនុវត្តច្បាប់នៃមន្ទីរសន្តិសុខសាធារណៈគ័នសានហ៊ូ
និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្តគួយចូវ
មុនអញ្ជើញមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជា៕
Post a Comment