ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលជាតិ ទោះមានឋានន្តរស័ក្តិនិងតួនាទីយ៉ាងណាក៏ដោយ ត្រូវតែគោរពវិន័យឱ្យបានច្បាស់លាស់ ពិសេសការសុំច្បាប់
ភ្នំពេញ
៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងនាមជាកងកម្លាំងរបស់ជាតិ
មន្រ្តីនគរបាលទាំងអស់ ទោះបីមានឋានន្តរស័ក្ដិ និងតួនាទីខុសគ្នាបែបណាក៏ដោយ
គឺត្រូវតែមានស្មារតីគោរពវិន័យឱ្យបានច្បាស់លាស់។ ជាពិសេសការសុំច្បាប់
ត្រូវអនុវត្តតាមអនុក្រឹត្យស្តីពីការសុំច្បាប់
និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រទេស របស់មន្ត្រីនគរបាលជាតិកម្ពុជា
ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។ ការថ្លែងបែបនេះ
ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត
អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យស្តីពីការសុំច្បាប់
និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិកម្ពុជា
នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហផ្ទៃ នារសៀលថ្ងៃទី១៣ ខែកញ្ញា
ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
ក៏បានណែនាំទៅកាន់ប្រធានអង្គភាពនគរបាលទាំងអស់
ត្រូវពន្លឿនការផ្សព្វផ្សាយអនុក្រឹត្យនេះ បន្តទៅកាន់មន្រ្តីក្រោមឱវាទ
ឱ្យបានយល់ដឹងច្បាស់ និងត្រូវធានាថា អនុក្រឹត្យនេះ
នឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានេះ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកអនុក្រឹត្យនេះ
ជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា
ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត
ពិសេសលើការពង្រឹងគុណភាពធនធានមនុស្ស និងសម្រាប់ក្រសួងមហាផ្ទៃផ្ទាល់
ក្នុងការពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា
ក៏បានរលឹកជាថ្មីទៀត ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ
បន្តពង្រឹងវត្តមានបំពេញការងារ អភិវឌ្ឍន៍សមត្ថភាពជាប្រចាំ
ដើម្បីធានាផ្ដល់សេវារដ្ឋបាល និងសន្តិសុខ ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព។
ក្នុងចំណោមអនុសាសន៍សំខាន់ៗជាច្រើនទៀត
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ក៏បានណែនាំអគ្គនាយកដ្ឋានធនធានមនុស្ស
ពន្លឿនការប្រជុំពិនិត្យផ្ដល់យោបល់លើសេចក្តីព្រាងប្រកាសស្តីពីសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្ត្រីនគរបាលជាតិកម្ពុជា
ឱ្យបានមុនដាច់ឆ្នាំ២០២៤។ ដោយឡែកបណ្ឌិត្យសភានគរបាលកម្ពុជា
ត្រូវបញ្ចូលខ្លឹមសារអនុក្រឹត្យនេះទៅក្នុងកម្មវិធីសិក្សា ឬរៀបចំជាបទបាឋកថា
ដើម្បីឱ្យនិស្សិត សិក្ខាកាម និងសិស្សនគរបាលគ្រប់កម្រិត និងគ្រប់ជំនាន់
បានយល់ដឹងអំពីរបបនៃការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទ។
សូមបញ្ជាក់ថា
ពិធីផ្សព្វផ្សាយអនុក្រឹត្យនេះ
បានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍
សាស្រ្តាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស
នៃក្រសួងមហាផ្ទៃ។ បើតាមឯកឧត្តមអគ្គនាយក អនុក្រឹត្យនេះ មាន ៨ជំពូក និង
២១មាត្រា មានគោលបំណងកំណត់ឱ្យបានច្បាស់អំពីរបបនៃការសុំច្បាប់
និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា
និងធានានូវនិរន្តរភាពការងារ
ព្រមទាំងលើកកម្ពស់សុខុមាលភាពរបស់មន្រ្តីនគរបាលជាតិ។
យោងតាមខ្លឹមសារនៃអនុក្រឹត្យនេះ
មន្រ្តីនគរបាលជាតិកម្ពុជា ដែលបានតាំងស៊ុបក្នុងក្របខ័ណ្ឌ
មានសិទ្ធិទទួលបានច្បាប់ឈប់សម្រាក ចំនួន ១៥ថ្ងៃ នៃថ្ងៃធ្វើការ ក្នុងមួយឆ្នាំ
ដោយអាចស្នើសុំមួយលើក ឬច្រើនលើក ខណៈមន្រ្តីនគរបាលជាតិជាស្រ្តី
ត្រូវបានអនុញ្ញាតច្បាប់ឈប់សម្រាកលំហែមាតុភាពរយៈពេល៣ខែ។ អនុក្រឹតនេះ
ក៏បានចែងអំពីលក្ខខណ្ឌនៃការសុំច្បាប់ឈប់រយៈពេលខ្លី
ច្បាប់ឈប់សម្រាកព្យាបាលជំងឺរ៉ាំរ៉ៃ
និងច្បាប់ឈប់សម្រាកដោយមានកិច្ចការផ្ទាល់ខ្លួន។
ក្រៅពីនេះអនុក្រឹត្យ
ក៏បានកំណត់អំពីលក្ខខណ្ឌអនុញ្ញាតឱ្យចេញធ្វើការមុនឬក្រោយម៉ោង មិនលើសពី ១ម៉ោង
ចំពោះមន្រ្តីនគរបាលជាតិដែលមានជនចាស់ជរា ឬជនមានស្មារតីវិបល្លាស
ឬជនមានពិការភាពអចិន្ត្រៃយ៍ក្នុងបន្ទុក មន្រ្តីនគរបាលជាតិជាស្រ្តី
ដែលមានផ្ទៃពោះ មានកូនអាយុក្រោម ១ឆ្នាំ
មន្រ្តីដែលមានជំងឺរ៉ាំរ៉ៃដែលមានការបញ្ជាក់ពីគ្រូពេទ្យ ដោយមន្រ្តីនោះ
ត្រូវមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ
ព្រមទាំងមន្រ្តីដែលទទួលការបណ្ដុះបណ្ដាលបន្ថែមក្រៅម៉ោងធ្វើការ។
ជាការកត់សម្គាល់ គឺមន្រ្តីនគរបាលជាតិទាំងអស់
ត្រូវតែស្វែងយល់ឱ្យបានច្បាស់លាស់អំពីអនុក្រឹត្យនេះ៕
Post a Comment