សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានប្រារព្ធទិវាពិភពលោកសង្គ្រោះបឋម ឆ្នាំ២០២៤ ក្រោមប្រធានបទ “សង្គ្រោះបឋម និងកីឡា” នៅស្រុកស៊ីធរកណ្តាល
ព្រៃវែង ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានចាត់ឱ្យលោកស្រី បណ្ឌិត នាយិកាសាខាខេត្ត និងសហការី សហការជាមួយក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស៊ីធរកណ្តាល រៀបចំទិវាពិភពលោកសង្រ្គោះបឋម ឆ្នាំ២០២៤ ក្រោមប្រធានបទ " សង្រ្គោះបឋម និងកីឡា " ដែលមានការចូលរួមពីក្រុមប្រតិបត្តិសាខាខេត្ត ក្រុមការងារអនុសាខាស្រុកស៊ីធរកណ្តាល ការិយាល័យអប់រំ យុវជន និងកីឡាស្រុក ក្រុមគ្រូពេទ្យ នាយកសាលា អ្នកស្ម័គចិត្តភូមិ ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា ប្រជាពលរដ្ឋក្នុងសហគមន៍ ព្រមទាំងមានការចូលរួមពីក្រុមការងារអនុសាខាស្រុកកញ្ជ្រៀច និងសហការី សរុបអ្នកចូលរួមចំនួន ១៤៧នាក់ ស្រី ១១៣នាក់ នៅភូមិព្រែកចង្ក្រានលើ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
នាឱកាសនោះដែរ លោកស្រីបណ្ឌិតនាយិកាសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត និងឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខា ពិសេស សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
លោកស្រីបណ្ឌិតនាយិកាសាខាខេត្ត បានថ្លែងថាវិជ្ជាសង្គ្រោះបឋមមានប្រវត្តិដ៏យូរលង់មកហើយ ស្របពេលការចាប់ផ្តើមឱ្យមានកាកបាទក្រហមទូទាំងពិភពលោក គឺក្នុងខែមិថុនា ឆ្នាំ១៨៥៩ ដោយ លោក ហង់រី ឌុយណង់ ដែលលោកជាពាណិជ្ជករវ័យក្មេង ជនជាតិស្វីស ដែលបានបង្កើតគំនិតនេះឡើង ដើម្បីជួយសង្គ្រោះជីវិតមនុស្សក្នុងការងារមនុស្សធម៌។ ក្នុងកម្មវិធីនាថ្ងៃនេះ គឺជាទិវាមួយដែលមានសារៈសំខាន់ ក្នុងការលើកម្ពស់សុខភាព និងសុខភាពសហគមន៍ របស់កាកបាទក្រហមកម្ពុជា ស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់ទុកវិជ្ជាសង្គ្រោះបឋមជាការងារស្នូល និងត្រូវអនុវត្តជាប្រចាំ។
គោលបំណងនៃការប្រារព្ធទិវាទិវាពិភពលោកសង្គ្រោះបឋមឆ្នាំ២០២៤ ក្រោមប្រធានបទ “សង្គ្រោះបឋម និងកីឡា” គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃចំណេះដឹងសង្គ្រោះបឋមក្នុងបរិបទកីឡា និងបច្ចេកទេសក្នុងការជួយសង្គ្រោះជាពិសេសជម្រុញលើកទឹកចិត្តប្រជាជនខ្មែរឱ្យចូលរួមក្នុងសកម្មភាពកីឡា។
ក្នុងនោះដែរ ក៍មានការបង្ហាញពីការលេងកីឡាបាលទាត់ជាក្រុម និងការហាត់តៃក្វាន់ដូរ ដើម្បីផ្សាភ្ជាប់ទៅនឹងប្រធានបទនៃទិវា ក្រោមប្រធានបទ “សង្គ្រោះបឋម និងកីឡា” ពិសេសប្អូនៗ យុវជនកាកបាទក្រហមកម្ពុជា ក៏បានបង្ហាញពីការសង្គ្រោះបឋម (គោលការណ៍គ្រឹះនៃអ្នកសង្គ្រោះបឋម ការធ្វើចលនាបេះដូង ការសង្គ្រោះអ្នកលង់ទឹក និងគ្រោះថ្នាក់ចរាចរណ៍) និងបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីការគោរពច្បាប់ចរាចរណ៍ និងការប្រែប្រួលអាកាសធាតុ និងបរិស្ថាន។
សាខាខេត្ត ក៍បានផ្តល់ឃីតអនាម័យ ១កញ្ចប់(សាប៊ូ ២ដុំ និងកន្លែង ១) ដល់អ្នកចូលរួម ហើយក្រុមការងារ ក៏បានរៀបចំការហូបនំបញ្ចុកសាមគ្គី រួមគ្នាផងដែរ៕
Post a Comment