លោកជំទាវ ឱ វណ្ណឌីន ប្រជុំពិនិត្យវឌ្ឍនភាព ការអនុវត្តសៀវភៅស្តង់ដា នៃការទទួលស្គាល់ គុណភាពសេវាមណ្ឌលសុខភាព និងក្របខ័ណ្ឌអនុវត្តការជំរុញការបង្កើតការងារថែទាំសុខភាព បឋម (PHC- BIF )
ព្រៃវែង៖ នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយ លោកជំទាវ លី គឹមអេង រដ្ឋលេខាធិការ និងឯកឧត្តម ឈរ កក្កដា អនុរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ការអនុវត្តសៀវភៅស្តង់ដា នៃការទទួលស្គាល់ គុណភាពសេវាមណ្ឌលសុខភាព និងក្របខ័ណ្ឌអនុវត្តការជំរុញការបង្កើតការងារថែទាំសុខភាព បថម (PHC- BIF )
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងចំនុចសំខាន់ៗ៖ មួយចំនួ ដល់ប្រធានមន្ទីរពេទ្យបង្អែក ប្រធាន មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដោយត្រូវ យកចិត្តទុកដាក់អនុវត្ត ឲ្យមានប្រសិទ្ធភាពក្នុងមាន៖ ១,ជំរុញ PHC- BIF
2- ការគ្រប់គ្រង និង បដិសណ្ឋារកិច្ច។
3- ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតាមមន្ទីរពេទ្យបង្អែកមណ្ឌលសុខភាព ប៉ុស្ត៍សុខភាព និងត្រូវ កែលម្អរៀបចំសណ្តាប់ធ្នាប់អនាម័យឲ្យបានស្អាតនៅក្នុង មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ទាំងអស់ឱ្យបានស្អាតជាប់ជាប្រចាំ។
4- លើកកំពស់ និង គុណភាព សុវត្ថិភាព អ្នកជម្ងឺ។
5- ត្រូវរួសរាយរាក់ទាក់ ជាមួយ អ្នកជំងឺ សួរសុខទុក្ខនិងលើកទឹកចិត្ត។
6- ឱសថ ត្រូវទុកដាក់ឲ្យបានល្អ និងត្រូវធានាថាមិនមានការខ្វះខាតឱសថនោះទេ។ បរិក្ខាពេទ្យ ត្រូវជួសជុលរៀបចំឲ្យបានល្អដើម្បីធានាដល់ការប្រើប្រាស់មានប្រសិទ្ធភាពខ្ពស់ និងវេជ្ជបញ្ជា ត្រូវសរសេរអោយច្បាស់។
7- ត្រូវមានក្រុមគ្រូពេទ្យប្រចាំការ ២៤ ម៉ោង លើ ២៤ ម៉ោង សម្រាប់ទទួល ពិនិត្យព្យាបាលជំងឺប្រជាពលរដ្ឋដែលគាត់មកទទួលសេវាសុខភាពនៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស៍្តសុខភាពជាដើម។
ក្នុងនោះដែរ ឯកឧត្ដម បណ្ឌិត សេង បញ្ញាឬទ្ធ ប្រធានមន្ទីរ សុខាភិបាលខេត្តព្រៃវែង បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ - ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០- និងក្រោម ចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានធ្វើឲ្យវិស័យសុខាភិបាលខេត្តព្រៃវែង បន្តការអភិវឌ្ឍន៍ រីកចម្រើនជាលំដាប់ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សមត្ថភាពធនធានមនុស្ស និងសម្ភារៈបរិក្ខាវេជ្ជសាស្ត្រ ។ ល ។ ដែល ធ្វើឲ្យការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ។ ទោះបីស្ថិតក្នុងស្ថានភាពប្រឈម មួយចំនួន មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង បានបន្តការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយ ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ បានធ្វើឲ្យសម្រេចបាននូវសមិទ្ធផលសំខាន់ៗ គួរជាទីមោទនៈ ។
បន្ទាប់ពីកិច្ចប្រជុំនោះ លោកជំទាវ ក៏បានចុះពិនិត្យបច្ចុប្បន្នភាព និងវឌ្ឍនភាពការបម្រើសេវាសុខាភិបាលនៅមណ្ឌលសុខភាពពពឹស ស្រុកស្វាយអន្ទរ និងមណ្ឌលសុខភាព ព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។ លោក ជំទាវ បានសំដែងនូវការថ្លែងអំណរគុណ និងកោតសរសើរ ដល់មន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលប្រឹងប្រែងរួមគ្នាក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋក្នុងតំបន់ ២៤ម៉ោង លើ២៤ម៉ោង ប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយ។
លោក ជំទាវ បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលទាំងអស់ បន្តការសិក្សារៀនសូត្របន្ថែម ដោយផ្តោតលើមុខជំនាញដែលនៅពុំទាន់មាន ឫនៅមិនទាន់មុតស្រួច ដើម្បីបម្រើសេវាថែទាំព្យាបាលឱ្យកាន់តែមានគុណភាព សុវត្ថិភាព សក្តិសិទ្ធភាព និងសមធម៌ ជាពិសេសប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ជូនប្រជាពលរដ្ឋ៕
Post a Comment