Elon Musk ប្រាប់ថាគម្រោងផ្សាំបន្ទះឈីបចូលទៅក្នុងខួរក្បាលអ្នកជំងឺជាលើកទីពីរ ទទួលបានជោគជ័យ

បរទេស)៖ បន្ទាប់ពីគម្រោងផ្សាំបន្ទះឈីបចូលទៅក្នុងខួរក្បាលអ្នកជំងឺដំបូងទទួលបានជោគជ័យ កំពូលមហាសេដ្ឋីលោក Elon Musk ហាក់មិននៅស្ងៀមនោះទេបានប្រកាសស្វែងរកអ្នកជំងឺជាប​ន្តបន្ទាប់ចុះឈ្មោះសាកល្បងនៅក្នុងគម្រោងរបស់លោក។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Neuralink បានសម្រេចធ្វើតេស្តសាកល្បងដាំបន្ទះឈីបចូលទៅក្នុងអ្នកជំងឺជាលើកទីពីរ នៅថ្ងៃអាទិត្យម្សិលមិញនេះ Musk បានជូនដំណឹងមកថា ការផ្សាំនោះទទួលបានជោគជ័យ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។

Neuralink គឺជាក្រុមហ៊ុនបង្កើតឈីបសម្រាប់ដាក់ក្នុងខួរក្បាលមនុស្ស ខណៈបច្ចុប្បន្ននេះកំពុងស្ថិតក្នុងដំណើរការសាងល្បងនៅឡើយ ដែលមានបំណងជួយមនុស្សដែលមានពិការភាព។​ ឧបករណ៍នេះ បានអនុញ្ញាតឱ្យអ្នកជំងឺដំបូងឈ្មោះ Noland Arbaugh អាចលេងហ្គេម ប្រើប្រាស់ការស្រាវជ្រាវតាមអ៊ីនធឺណិត បង្ហោះព័ត៌មានផ្សេងៗនៅលើបណ្តាញផ្សព្វផ្សាយ ថែមទាំងអាចបញ្ជា Cursor នៅលើកុំព្យូទ័រថែមទៀតផង។

នាពេលថ្មីៗនេះលោក Elon Musk បានបង្ហាញខ្លួននៅលើកម្មវិធី Podcast មួយដែលរៀបចំដោយលោក Lex Fridman និងបាននិយាយនៅក្នុងកម្មវិធីនោះថា អ្នកជំងឺចូលរួមក្នុងការធ្វើតេស្តសាកល្បងជាលើកទីពីរនេះ មានរបួសឆ្អឹងខ្នងស្រដៀងទៅនឹងអ្នកជំងឺទី១ ដែលជួបគ្រោះថ្នាក់ក្នុងអំឡុងពេលហែលទឹក។ Musk បានបន្ថែមទៀតថា មានអេឡិចត្រូតចំនួន ៤០០ក្នុងចំណោមអេឡិចត្រូតសរុបចំនួន ១,០២៤ កំពុងដំណើរការបានយ៉ាងល្អនៅលើខួរក្បាលរបស់អ្នកជំងឺ។ កំពូលមហាសេដ្ឋីរូបនេះ បានប្រាប់អ្នករៀបចំកម្មវិធីផតឃែស្ថលោក Lex Fridman ថា «ខ្ញុំមិនចង់លម្អិតនោះទេ ប៉ុន្តែអ្វីៗហាក់ដំណើរការយ៉ាងល្អជាមួយនឹងការផ្សាំទីពីរនេះ»។

គួរជម្រាបដែរថា Musk មិនបានបង្ហាញពីពេលវេលាដែល Neuralinks ធ្វើការវះកាត់អ្នកជំងឺទីពីរនោះទេ ប៉ុន្តែលោកគូសបញ្ជាក់ថា Neuralink នឹងផ្តល់ការផ្សាំដល់អ្នកជំងឺចំនួន ៨នាក់បន្ថែមទៀតនៅឆ្នាំនេះ ដែលផ្នែកមួយនៃការសាកល្បងព្យាបាលរបស់ខ្លួន៕

                                    





 

Powered by Blogger.