ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គាំទ្រពេញទំហឹងចំពោះសារសំឡេងសម្តេចតេជោ ហ៊ុន សែន ពន្យល់បន្ថែមលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA
ឯកឧត្តមអភិសន្តិបណ្ឌិត
ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមថ្នាក់ដឹកនាំ
មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ
បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង
និងមុតមាំបំផុតចំពោះសារសំឡេងពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ដែលបានថ្លែងពន្យល់បន្ថែមអំពី«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA»។
ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តទៀតថា សារសំឡេងពន្យល់បន្ថែមរបស់សម្ដេចតេជោ
បានធ្វើឱ្យសាធារណជនជាតិ និងអន្តរជាតិ
កាន់តែយល់ច្បាស់និងស៊ីជម្រៅលើ«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍»
នេះថា ៖ ទី១. មិនមែនជាការធ្វើឱ្យបាត់បង់ទឹកដីទៅបរទេសណាមួយ
ដូចការចោទប្រកាន់ឡើយ ទី២. មិនមែនជាការអភិវឌ្ឍរួមគ្នា ឬចូលហ៊ុនជាមួយគ្នា
ដូចការមួលបង្កាច់នោះឡើយ និងទី៣. មិនមែនជាតំបន់ស្វយ័ត ឬប្រទេសមួយឡើយ
គឺដីខ្មែរគ្រប់គ្រងដោយខ្មែរ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
បានគូសបញ្ជាក់ទៀតថា ផ្ទុយទៅវិញវាគឺជាកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក
ដើម្បីអភិវឌ្ឍន៍តាមតំបន់ជាប់ព្រំដែន ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា
ហើយធ្វើជាទូទៅជាមួយប្រទេសជាប់ព្រំដែនកម្ពុជា។ ត្រឡប់មកវិញ
«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA»
បានផ្លាស់ប្ដូរស្ថានភាពខេត្តទាំងបួន៖ ទី១. ទៅជាតំបន់មានសុវត្ថិភាពគ្មានមីន
និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ខុសពីការបំភាន់ថាគ្មានមីន ទី២.
ក្លាយពីតំបន់ស្ងាត់ជ្រងំក្រីក្រ
ទៅជាតំបន់ផ្ដល់នូវផលប្រយោជន៍សេដ្ឋកិច្ចសង្គមដល់ប្រជាពលរដ្ឋ
ដែលមានប្រទេសជប៉ុន និងតួអង្គអន្តរជាតិផ្សេងៗទៀតចូលទៅគាំទ្រ
និងផ្ដល់ជំនួយតាមយន្តការនានា និងទី៣.
ក្លាយជាតំបន់មានការតភ្ជាប់ប្រព័ន្ធផ្លូវទឹក បណ្ដាញអគ្គិសនី
សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងបម្រើដល់វិស័យពាណិជ្ជកម្ម ទេសចរណ៍
ទូរគមនាគមន៍ និងសង្គមផ្សេងៗទៀតជាដើម។
ជាចុងក្រោយនៃសាររបស់ឯកឧត្តមអភិសន្តិបណ្ឌិត
ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា
សារពន្យល់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី កន្លងទៅ និងសម្ដេចតេជោ ហ៊ុន សែន
នាពេលនេះ ល្មមឱ្យបងប្អូនយល់
និងចៀសបានពីការញុះញង់បោកបញ្ឆោតរបស់ក្រុមឱកាសនិយមខុសតម្រាទាំងនោះហើយ។
ខ្ញុំសូមទទូចដល់បងប្អូនជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា
លើសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងសម្ដេចតេជោ ហ៊ុន សែន
ដែលលោកតែងផ្ញើសារពន្យល់ប្រកបដោយព្រហ្មវិហារធម៌
និងទទូចដោយសន្តិវិធីឱ្យបញ្ឈប់ការឆ្កឹះឆ្កៀល
ក៏ដូចជាបញ្ឈប់ការចូលរួមធ្វើសកម្មខុសច្បាប់នានាដើម្បីបំពេញមហិច្ឆតាដ៏ពិសពល់របស់ក្រុមណាមួយ
ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតនោះ។ ទាំងនេះ
ពុំមែនជាសេរីភាពបញ្ចេញមតិដែលច្បាប់ការពារនោះទេ គឺជាជំហានហួសបន្ទាត់ក្រហម
ដែលជាបទល្មើសព្រហ្មទណ្ឌ
មានធាតុផ្សំបទល្មើសគ្រប់គ្រាន់ក្នុងការអនុវត្តច្បាប់
ពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ និងរាជរដ្ឋាភិបាលទាំងមូល។ សូមបងប្អូន
កុំលង់ខ្លួនក្លាយទៅជា«តេឡេ»
សម្រាប់គេចុចបញ្ជាឱ្យធ្វើអ្វី«ចំអែតតណ្ហា»របស់ពួកគេ៕
Post a Comment