ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ៖ អង្គការសង្គមស៊ីវិល គឺជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងចូលរួមចំណែកធ្វើឱ្យសម្រេចបាននូវយុទ្ធបញ្ចកោណដំណាក់កាលទី១



ព្រៃវែង៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស)  បានរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនៅខេត្តព្រៃវែង ប្រធានបទស្តីពី «ការឈ្វេងយល់ពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១» ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស  ដោយមានការចូលរួមពីឯកឧត្តម អន ភារៈ អភិបាលរងខេត្តព្រៃវែង  តំណាងអង្គការសង្គមស៊ីវិលនៅក្នុងខេត្ត រួមទាំងសមាជិកដៃគូសហការរបស់ វ.ស.ស. នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅសាលាខេត្តព្រៃវែង។

វេទិការនេះគឺជាកិច្ចប្រជុំដែល វ.ស.ស រៀបចំធ្វើជារៀងរាល់ឆ្នាំ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់អង្គការសង្គមស៊ីវិលនៅថ្នាក់ក្រោមជាតិ និងដើម្បីពង្រឹងពង្រីកភាពជាដៃគូសហការជាមួយអង្គការស៊ីវិល។ បន្ថែមលើនេះ ឆ្នាំនេះ វ.ស.សបានជ្រើសរើសប្រធានបទស្តីពី «ការឈ្វេងយល់ពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១» និងផ្សព្វផ្សាយពីអត្ថប្រយោជន៍ជាច្រើនដែលអង្គការសង្គមស៊ីវិលទទួលបានពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) ដោយមានការចូលរួមធ្វើបទបង្ហាញពីតំណាង ប.ស.ស. ប្រចាំខេត្តព្រៃវែង។

ក្នុងឱកាសនោះផងដែរឯកឧត្តម អន ភារៈ អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា  វេទិកានេះបានធ្វើឲ្យ យល់ដឹងកាន់តែច្បាស់ ក្នុងការ យកចិត្តទុកដាក់គិតគូរដ៏ធំធេងពីសំណាក់រាជរដ្ឋាភិបាល ទៅលើ បេឡាជាតិ សន្តិសុខសង្គម ក៏ដូចជា វេទិការសង្គមស៊ីវិល រួមទាំងសមាជិកដៃគូ
ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រក៏លើកកម្ពស់ កំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាផងដែរ។

នៅក្នុងឱកាសនោះ  ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានគូសបញ្ជាក់ថា  ជានិច្ចជាកាល រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរតិបតី ហ៊ុន ម៉ាណែត នៅតែបន្តយកចិត្តទុកដាក់និងផ្តល់សារសំខាន់ដល់តួនាទីរបស់អង្គការសង្គមស៊ីវិលដែលជាដៃគូដ៏សំខាន់ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិលជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ រាជរដ្ឋាភិបាលតែងតែបង្កឱ្យមានលំហបរិយាកាសសេរី និងបើកចំហរដល់អង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពទៅតាមតួនាទីនិងភារកិច្ចរៀងៗខ្លួន។ អង្គវេទិកាទាំងមូលបានបើកឱ្យមានការពិភាក្សាយ៉ាងផុសផុល និងមានការចូលរួមយ៉ាងសកម្មពីសំណាក់អង្គការសង្គមស៊ីវិលដែលចូលរួម ដោយពួកគាត់បង្ហាញពីការពេញចិត្តចំពោះការរៀបចំវេទិកានេះដែលផ្តល់ឱកាសឱ្យពួកគាត់ទទួលបាននូវពុទ្ធិថ្មីៗ អាចចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក និងផ្លាស់ប្តូរមតិយោបល់ដោយត្រង់ទៅត្រង់មកអំពីបញ្ហា ប្រឈមនិងសំណូមពរនានា ស្ថិតក្នុងបរិយាកាសស្និទ្ធស្នាលក្នុងនាមជាគ្រួសារសង្គមស៊ីវិលក្នុងខេត្ត។  ពួកគាត់មានក្តីរីករាយជាមួយនឹងបរិយាកាសប្រកបដោយភាពសុខដុមរមនាក្នុងទំនាក់ទំនងរវាង អង្គការសង្គមស៊ីវិលជាមួយអាជ្ញាធរមូលដ្ឋាន ដែលអនុញ្ញាតឱ្យពួកគាត់ចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិដោយគ្មានការរារាំង ព្រមទាំងពេញចិត្តយ៉ាងខ្លាំងជាមួយនឹងអត្ថប្រយោជន៍ដែលអាចទទួលបានពីប.ស.ស. ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដល់សុខភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅនិយាយរួម និងជាពិសេសរបស់អង្គការសង្គមស៊ីវិល និយាយដោយឡែក។

ថ្លែងក្នុងកិច្ចពិភាក្សានោះ ឯកឧត្តម ប្រធានបានផ្តាំផ្ញើអង្គការសង្គមស៊ីវិលបន្តធ្វើសកម្មភាពរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់ ក្នុងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដោយគោរពតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងលក្ខន្តិកៈរបស់ខ្លួន។ ឯកឧត្តមបានក្រើនរំលឹកដល់អង្គការសង្គមស៊ីវិលទាំងអស់ឱ្យបានយល់ជ្រួតជ្រាប អំពីការខិតខំប្រឹងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ ជាពិសេសគឺការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅនាំកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។ 

ក្នុងនោះដែរ ឯកឧត្តម ប្រធានក៏បានក្រើនរំលឹកកុំឱ្យមានការភាន់ច្រឡំជឿតាមការញុះញង់ពីសំណាក់មជ្ឈដ្ឋានអគតិពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលនេះជាក្របខ័ណ្ឌសហប្រតិបត្តិការរវាងប្រទេសទាំងបី ក្នុងគោលបំណងសំខាន់តែមួយគត់គឺ ដើម្បីជំរុញការអភិវឌ្ឍនិងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជាប់ព្រំដែនរបស់ប្រទេសទាំង៣ដូចប្រសាសន៍ដ៏ក្បោះក្បាយនិងមានអត្ថន័យថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងសេចក្តីថ្លែងការណ៍ពិសេសផ្ញើជូនជនរួមជាតិកាលពី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តម បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលជួយពន្យល់ណែនាំដល់ប្រជាជន ជាពិសេសយុវជននៅក្នុងដែនប្រតិបត្តិការងាររបស់គាត់ឱ្យបានយល់ជ្រួតជ្រាបផងដែរ ជៀសវាងការយល់ភាន់ច្រឡំជឿតាមការឃោសនាអកុសលរបស់ជនអគតិ។ ជាងនេះទៀត  ឯកឧត្តមប្រធានបានសម្តែងនូវទឹកចិត្តរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមយ៉ាងផុសផុលពីសំណាក់អង្គការសង្គមស៊ីវិលទាំងអស់ ជាមួយអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋក្នុងការអបអរសាទរយ៉ាងក្លៀវក្លាដល់ពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី៥ ខែសីហា កន្លងទៅ ដែលជាគម្រោងជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលនឹងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេងដល់ប្រទេសជាតិ និងប្រជាជនយើងទាំងអស់គ្នា៕








Powered by Blogger.