ក្រុមឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែន៦នាក់ ត្រូវសមត្ថកិច្ចបង្ហាញមុខជាសាធារណៈ រួមនិងថ្នាំញៀនជាង៤០០គីឡូក្រោម!
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះថា៖ ក្រុមជនសង្ស័យដែលឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែនចំនួន ០៦នាក់ នឹងគ្រឿងញៀនជាង៤០០គីឡូក្រាម ត្រូវបានកម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន ក.៤ ធើ្វការស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។
ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលេីនេះ ដោយមានការសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញា សមត្ថកិច្ចឈានទៅបង្ក្រាបបានក្រុមជួញដូរគ្រឿងញៀនឆ្លងដែន និងចែកចាយនៅស្រុកចំនួន៦នាក់ ក្នុងនោះមានស្រី២នាក់ មានម្នាក់ជាមេក្លោង ព្រមទាំងដកហូតបានថ្នាំញៀនជាង៤០០ គីឡូក្រាមដែលមាន៣ប្រភេទ មេតំហ្វេតាមីន,កេតាមីន និងហ៊េរ៉ូអីន ដែលមានតម្លៃរាប់លានដុល្លារ។
លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងនៅ៣ទីតាំងផ្សេងគ្នា គឺនៅខណ្ឌទួលគោក១ទីតាំងនិងខណ្ឌពោធិ៍សែនជ័យ២ទីតាំង បន្ទាប់ពីមានការស្រាវជ្រាវអស់រយៈពេលប្រមាណ៣ទៅ៤ខែ។ លោកឧត្តមសេនីយ៍ក៏បានបញ្ជាក់ថា គ្រឿងញៀនទាំងនោះនាំចូលពីតំបន់ត្រីកោណមាសដោយមានក្រុមឧក្រិដ្ឋជនជាមេក្លោងជាស្ត្រីម្នាក់បានទៅទទួលយកពីជនជាតិភូមា និងជនជាតិចិនយកមករក្សាទុកនៅរាជធានីភ្នំពេញដើម្បីនាំចេញទៅចែកចាយប្រទេសជិតខាង និងមួយចំនួនចែកចាយក្នុងស្រុក។
លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់បន្ថែមថា បញ្ហាគ្រឿងញៀនក៏ជាការងារអាទិភាពចម្បងទី៤ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខថ្នាក់ដឹកនាំបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដាក់ចេញនូវយន្តការបញ្ហាគ្រឿងញៀនជាអាទិភាពចម្បង។
នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេលក្រោយមកនេះ នគរបាលកម្ពុជា តែងបានធ្វើការបង្ក្រាបករណីជួញដូរ និងផលិតគ្រឿងញៀនធំៗជាច្រើនករណី ដោយបានឃាត់ខ្លួនក្រុមឧក្រិដ្ឋជនជាច្រើននាក់ ដើម្បីអនុវត្តនីតិវិធីច្បាប់ និងដកហូតថ្នាំញៀនរាប់ពាន់គីឡូក្រាមជាបន្តបន្ទាប់ ហើយបានរៀបចំពិធីដុតបំផ្លាញគ្រឿងញៀនកម្ទេចចោលជារៀងរាល់ឆ្នាំផងដែរ។ ជាក់ស្តែងក្នុងឆ្នាំ២០២៤នេះ សមត្ថកិច្ចក៏ទើបធ្វើពិធីដុតបំផ្លាញគ្រឿងញៀនជាង ៤តោនចោលផងដែរ៕សហការី
Post a Comment