អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឆ្លើយតប ៤ចំណុច ទៅកាន់ក្រុមប្រឆាំង និងជនអគតិមួយចំនួន
ក៏ព្រោះតែម្ចាស់គណនីហ្វេសប៊ុក
Samdach Seng Ratana 007 កំពុងស្ថិតក្នុងស្ថានភាពដូចពាក្យចាស់ពោលថា
«ចាក់ទឹកលើក្បាលទា» ពិសេសចុងក្រោយនេះនៅតែបង្ហាញចេតនាច្បាស់ក្រឡែត
មិនទទួលយកសច្ចធម៌ ហើយបន្តប្រើគំនិតស្មោគគ្រោក បំភ័ន្តសាធារណជន
ដោយផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
និងសម្ដេចក្រឡាហោម ស ខេង ជាអាទិ៍ ការបំផុសបំផុលថា សម្ដេចតេជោ ហ៊ុន សែន
និងសម្ដេចធិបតី ហ៊ុន ម៉ាណែត មានផែនការកំចាត់ក្រុមគ្រួសារសម្ដេចក្រឡាហោម
និងថែមទាំងតាំងខ្លួនធ្វើចិត្តល្អ
ផ្ដល់គំនិតឆ្កួតលីលាឱ្យក្រុមគ្រួសារសម្ដេចក្រឡាហោម
រួមទាំងឯកឧត្តមអភិសន្តិបណ្ឌិត រត់ភៀសខ្លួនជាដើម។
អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
សូមបដិសេធចោលចំពោះព័ត៌មានខាងលើនេះ និងសូមបញ្ជាក់ជូនសាធារណជនទាំងក្នុង
និងក្រៅប្រទេស ឱ្យបានជ្រាបដូចខាងក្រោម៖
ទី១. ឯកឧត្តមអភិសន្តិបណ្ឌិត ស
សុខា ក្នុងពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង
កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤
បានបញ្ជាក់ច្បាស់ហើយថាគ្មានឡើយការហ៊ុមព័ទ្ធផ្ទះសម្ដេចក្រឡាហោម
រួមទាំងផ្ទះរបស់ឯកឧត្តមទេ
និងសូមឱ្យអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតទាំងឡាយបញ្ឈប់សកម្មភាពនេះជាបន្ទាន់។
ទី២.
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តាមរយៈអ្នកនាំពាក្យ
បានបញ្ជាក់ដោយម៉ឺងម៉ាត់ហើយថា ឯកឧត្តម មិនមែនជាមនុស្សប្រជែងមុខតំណែងនោះឡើយ
ប៉ុន្តែឯកឧត្តមអភិសន្តិបណ្ឌិត គោរពការសម្រេចចិត្តរបស់អង្គមហាសន្និបាតគណបក្ស
គោរពឋានានុក្រមការងារនៃរាជរដ្ឋាភិបាល
ពិសេសគោរពតាមមាគ៌ាដឹកនាំប្រកបដោយភាពឈ្លាសវៃ
និងទស្សនវិស័យជឿនលឿនរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ដូចគ្នានេះ សម្ដេចក្រឡាហោម ស ខេង
ក៏បញ្ជាក់ច្បាស់តាមរយៈអ្នកនាំពាក្យរួចរាល់ហើយដែរថា ក្នុងជីវិតនយោបាយជាង
៥០ឆ្នាំ មកនេះ សម្ដេច
គ្មានបំណងអ្វីបន្តិចទាល់តែសោះក្នុងការធ្វើជានាយករដ្ឋមន្រ្តី ទាំងពីមុន
បច្ចុប្បន្ន និងទៅអនាគត។
ទី៣. ក្រោមម្លប់
និងលំអានដ៏ឧត្តុង្គឧត្តមរបស់ចាស់ទុំក្នុងជួរគណបក្ស ជាពិសេសសម្ដេចតេជោ
សម្ដេចក្រឡាហោម រួមទាំងឥស្សរជនជាច្រើនទៀត
និងក្នុងស្មារតីមនោសញ្ចតនាដ៏ជ្រាលជ្រៅឥតគណនា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
ក៏ដូចជាថ្នាក់ដឹកនាំបន្តវេនផ្សេងទៀតដែរ គឺសម្ដេចធិបតី
មិនត្រឹមតែជាប្រមុខរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែលោក
ក៏ជាបងប្រុសប្រកបដោយព្រហ្មវិហារធម៌
និងប្រកាន់ខ្ជាប់នូវក្ដីស្រលាញ់ប្រកបដោយភាតរភាពចំពោះគ្នាទៅវិញទៅមកផងដែរ។
នេះជាឫសកែវនៃសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំរបស់គណបក្ស
ក៏ដូចជារាជរដ្ឋាភិបាលទាំងមូល។
ទី៤. ចំពោះការតាំងខ្លួនធ្វើចិត្តល្អ
ដោយបុគ្គលអនាមិក ម្ចាស់គណនី Samdach Seng Ratana 007
បានណែនាំឱ្យក្រុមគ្រួសារ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
រត់ភៀសខ្លួនទៅក្រៅប្រទេស ឬរត់ចូលស្ថានទូតនានា
គឺមិនខុសអ្វីពី«អ្នកលួចដាក់ថ្នាំបំពុលតាំងខ្លួនជាគ្រូពេទ្យនោះឡើយ»។
ផ្ទុយទៅវិញ ព័ត៌មានបំពុលបែបនេះ មិនមែនតែឯកឧត្តមអភិសន្តិបណ្ឌិត
រួមទាំងក្រុមគ្រួសារនោះទេ សូម្បីតែសាធារជនទូទៅ
ក៏មានអារម្មណ៍ខ្ពើមរអើមនឹងចេតនាអគតិរបៀបនេះដែរ។
អាស្រ័យដូចបានបញ្ជាក់ជូននេះ
អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សូមអំពាវនាវដល់សាធារជនទាំងក្នុង
និងក្រៅប្រទេស
កុំជឿទៅលើការផ្សព្វផ្សាយដោយបំភ័ន្តខួបប្រាំងខួបវស្សារបស់ក្រុមប្រឆាំង
ពួកជ្រុលនិយមអគតិ រួមទាំងម្ចាស់គណនីអនាមិក ឈ្មោះ Samdach Seng Ratana 007
និងសូមរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយលើបណ្ដាញសង្គម។
ឧបាយកលបំបែកបំបាក់ផ្ទៃក្នុងកណបក្សប្រជាជនកម្ពុជា
ពីសំណាក់ក្រុមប្រឆាំង និងបុគ្គលអគតិមួយចំនួនតូច ពិតជាមិនបញ្ចប់ត្រឹមនេះទេ
ប៉ុន្តែ អ្នកនាំពាក្យ សូមសង្កត់ធ្ងន់ថា សាមគ្គីភាព
របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
ដែលកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋ នឹងកាន់តែបន្តចាក់គ្រឹះរឹងមាំឡើងៗ
ដើម្បីសម្រេចឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជន៕
Post a Comment