ហ្វូង​ដង្កូវចេញ​​រាតត្បាត​បំផ្លាញ​ដំណាំ​ស្រូវ​និង​ដំឡូង​មី​យ៉ាង​​គំហុក

ខេត្តស្ទឹងត្រែង ៖ ហ្វូង​សត្វ​ដង្កូវ​បាន​និង​កំពុង​រាតត្បាត​ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ​និង​ដំឡូង​មី​របស់​ប្រជា​កសិករ​យ៉ាង​គំហុក​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ ។

ប្រធាន​ការ​រិ​យា​ល័យ​ការពារ​ដំណាំ​នៃ​អគ្គនាយកដ្ឋាន​ដំណាំ​អនាម័យ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក​កង សា​រ៉េ​ត បាន​បញ្ជាក់​ថា បញ្ហា​ដែល​កសិករ​ជួប​ប្រទះ​នេះ​ស្នើ​ឲ្យ​បងប្អូន​ជា​ម្ចាស់​ចម្ការនីមួយ​ៗ​ធ្វើការ​តាមដាន​ឱ្យ​បាន​ដិត​ដល់ ព្រោះថា ធ្វើ​ការងារ​បង្កបង្កើន​ផល តែងតែ​ពឹងផ្អែក​ទៅ​លើ​ផលដំណាំ​នេះ​ហើយ ដើម្បី​ធានា​នូវ​សន្តិសុខ​ស្បៀង​សំរាប់​ការ​រស់នៅ ។

លោក​បន្ត​ទៀត​ថា បងប្អូន​កសិករ​ត្រូវ​អនុវត្ត​តាម​មន្ត្រី​ជំនាញ​បច្ចេកទេស​ដែល​បាន​ណែនាំ​បើ​មាន​លទ្ធភាព អាច​ជីក​ប្រឡាយ​ព័ទ្ធ​ជំវិញ ហើយ​បញ្ចូល​ទឹក​និង​បាច​កំបោរ ហើយ​សំអាត​ព្រៃ​ដែល​នៅ​ជុំវិញ​ផង ដើម្បីកំចាត់​សត្វ​ចង្រៃ​កុំ​ឱ្យមក​ស៊ី​ដំណាំ នេះ​ជា​វិធីសាស្ត្រ​ធ្វើ​បែប​ធម្មជាតិ​នៅ​តាម​មូល​ដ្ឋាន​យើង ។

ហើយ​ជម្រើស​ទី​២ គឺ​ប្រើ​ថ្នាំ​គីមី​បាញ់​សម្លាប់​តែ​ម្តង តែ​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​ដើម្បី​យើង​ថែរក្សា​សុខភាព​ចៀសវាង​ពី​ការ​ពុល​ដោយសារ​ការ​ប្រើ​ថ្នាំ​គីមី​ពុល ។ លោកស្រី មិ​ល ភាន កសិករ​នៅ​ភូមិ​ពងទឹក បាន​សម្តែង​ការ​ព្រួយបារម្ភ​ទៅ​លើ​ដំណាំ​ស្រូវ​ដែល​បច្ចុប្បន្ន​កសិករ​យើង​ដាំ​ដុះ​បាន​លូត​លាស់​ហើយ បែរជា​មាន​ហ្វូង​សត្វ​ដង្កូវ​កើត​ច្រើន​មី​ដេរដាស់​មក​ស៊ី​ស្រូវ តែ​មួយ​យប់​២​យប់​អស់​មួយ​ស្រែ​តែ​ម្តង ។

លោក គឹ​ម​ជឿន តំណាង​ឱ្យ​កសិករ​ដាំដំឡូង​មី នៅ​ភូមិ​រុន ឃុំ​កាំ​ង​ចាម បាន​អះអាង​ថា ប៉ុន្មាន​ឆ្នាំ​កន្លង​មក មិន​ដែល​កើត​មាន​ហ្វូង​សត្វ​ដង្កូវ​មក​ស៊ី​បំផ្លាញ​ស្រូវ និង​ដំឡូង​នេះ​ទេ តែ​ឆ្នាំ​២០២៤​នេះ​កសិករ ជួប​ប្រទះ​ស្ទើរ​គ្រប់​ទីកន្លែង​ហើយ ។ លោក​សាទរ​បាន​មន្ត្រី​ជំនាញ​កសិកម្ម ថ្នាក់​ក្រសួង និង​ខេត្ត​បន្ត​ចុះ​មក​ណែនាំ​ផ្តល់​ពី​បច្ចេកទេស​និង​វិធីសាស្ត្រ ដើម្បី​កំចាត់​សត្វ​ចង្រៃ​នេះ ហើយ​លោក​និង​បន្ត​ផ្សព្វផ្សាយ​ជូន​ទៅ​កសិករ​ផ្សេង​ៗ​ទៀត ដើម្បី​រូ​ម​គ្នា​សម្លាប់​ហ្វូង​សត្វ​ដង្កូវ​នេះ ។

សូម​បញ្ជាក់​ថា បញ្ហា​ប្រឈម​នេះ​មន្ត្រី​ជំនាញ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ប្រកាស​ជូនដំណឹង ដល់​កសិករ​គ្រប់​មូលដ្ឋាន បើ​កើត​មាន​សត្វ​ដង្កូវ​ហ្វូង​មក​ស៊ី​បំផ្លាញ​ដំណាំ​អ្វី​ក៏​ដោយ ត្រូវ​ផ្តល់​ព័ត៌មាន​ជូន ទៅ​អាជ្ញាធរ ភូមិ ឃុំ ឬ​មក​មន្ទីរ​កសិកម្ម​ផ្ទាល់​ក៏​បាន និង​អាច​ទាក់ទង​តាម​លេខ​ទូរស័ព្ទ ០៩៧ ២៣៦ ៦១៤ ៥ ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​ទាន់​ពេល៕







 

 

Powered by Blogger.