សារពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ក្របខណ្ឌក្រសួងមហាផ្ទៃ!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សារផ្ញើជូន មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្របខណ្ឌក្រសួងមហាផ្ទៃ៖ កន្លងទៅ និងជាបន្តបន្ទាប់ ការប្រឌិតព័ត៌មានក្លែងក្លាយ ញុះញង់ អុចអាល បំបែកបំបាក់រវាងខ្ញុំ និងថ្នាក់ ដឹកនាំកំពូល ឬរវាងថ្នាក់ដឹកនាំផ្សេងទៀត និងថ្នាក់ដឹកនាំកំពូល គឺជាឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុល និយមមួយក្តាប់តូចនៅក្រៅប្រទេសតែប៉ុណ្ណោះ ដោយមិនឆ្លុះបញ្ចាំងពីឆន្ទៈ និងគោលជំហររបស់ខ្ញុំឡើយ។ ខ្ញុំសូម បញ្ជាក់ម្តងហើយម្តងទៀតថា ក្នុងក្របខណ្ឌរាជរដ្ឋាភិបាល ខ្ញុំគោរព និងអនុវត្តតាមអគ្គមគ្គទេសក៍របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយឥតងាករេ។ ក្នុងក្របខណ្ឌគណបក្ស ខ្ញុំគោរពអនុវត្តតាមសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍បក្ស និងតាមអគ្គមគ្គទេសក៍ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយឥតងាករេ។
ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះ ចំពោះកម្លាំងសាមគ្គី ភាពប្រកបដោយស្មារតីទទួលខុសត្រូវ បង្ការទប់ស្កាត់បានយ៉ាងជោគជ័យរាល់ចលនាប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ។
ខ្ញុំសូមជូនពរមន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្របខណ្ឌក្រសួងមហាផ្ទៃ ទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះនូវព្រះពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
Post a Comment