ប្រជាពលរដ្ឋក្នុងស្រុកពារាំងត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា អញ្ជើញពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ
ព្រៃវែង៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញចូលរួមកម្មវិធីពិនិត្យជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្នុងស្រុកពារាំង ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលស្ថិតនៅបរិវេណវិទ្យាល័យសម្ដេចតេជោ ស្នាយ ពល ស្រុកពារាំង ខេត្តព្រៃវែង។ ដោយមានការអញ្ជើញចូលរួមពី៖ ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ពុកម៉ែបងប្អូនប្រជាពលរដ្ឋសរុបប្រមាណចំនួន ៤,០២៧ រូប។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា បេសកកម្មរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នាឱកាសនេះ ក៏មិនខុសពីកន្លងមកដែរ គឺដើម្បីចូលរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋលើផ្នែកសេវាសុខភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានក្រើនរំលឹកកុំឱ្យមានការភាន់ច្រឡំជឿតាមការញុះញង់ពីសំណាក់មជ្ឈដ្ឋានអគតិពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលនេះជាក្របខ័ណ្ឌសហប្រតិបត្តិការរវាងប្រទេសទាំងបី ក្នុងគោលបំណងសំខាន់តែមួយគត់គឺ ដើម្បីជំរុញការអភិវឌ្ឍនិងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជាប់ព្រំដែនរបស់ប្រទេសទាំង៣ដូចប្រសាសន៍ដ៏ក្បោះក្បាយនិងមានអត្ថន័យថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងសេចក្តីថ្លែងការណ៍ពិសេសផ្ញើជូនជនរួមជាតិកាលពី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានសម្តែងនូវទឹកចិត្តរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមយ៉ាងផុសផុលពីសំណាក់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ ក្នុងការអបអរសាទរយ៉ាងក្លៀវក្លាដល់ពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី៥ ខែសីហា កន្លងទៅ ដែលជាគម្រោងជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលនឹងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេងដល់ប្រទេសជាតិ និងប្រជាជនយើងទាំងអស់គ្នា។
សូមបញ្ជាក់ថា ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នាឱកាសនោះ រួមមាន៖ ការពិនិត្យនិងព្យាបាលជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួតក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺដង្កូវព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក វាស់ភ្នែក ចែកវែនតា សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោម ពិនិត្យអេកូសាស្ត្រ វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួសជាដើម៕
Post a Comment