រាជរដ្ឋាភិបាល នឹង​ផ្ដល់​សំណង​យ៉ាង​សម​ស្រប ដល់​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ

ខេត្តកណ្តាល​ ៖ រាជរដ្ឋាភិបាល​កម្ពុជា នឹង​គិតគូរ​សិក្សា​យ៉ាង​លម្អិត និង​វាស់វែង​ច្បាស់លាស់ ដើម្បី​ដោះស្រាយ​បញ្ហា​ផល​ប៉ះពាល់ សំដៅ​ធានា ការ​ផ្ដល់​សំណង​យ៉ាង​សម​ស្រប ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ដោយ​គម្រោង​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជា​អនុប្រធាន​ប្រចាំការ​គណៈកម្មាធិការ​ពិសេស ដើម្បី​ជំរុញ​ការ​រៀបចំ និង​ការ​អនុវត្ត​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​។

ថ្លែង​ក្នុង​ព្រឹ​ត្ត​ការណ៍​ជា​ប្រវត្តិសាស្ត្រ​ជាតិ ពិធី​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ នា​ថ្ងៃ​ទី​៥ សីហា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​លើក​ឡើង​ថា​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​បង្ហាញ​ឱ្យ​ឃើញ​អំពី​ឆន្ទៈ​ដ៏​មុតមាំ ក្នុង​ការ​អនុវត្ត​តាម​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​និង​ជា​ប្រធាន​ព្រឹទ្ធសភា ដែល​បាន​នាំ​យក​សន្តិភាព និង​ការ​បង្រួបបង្រួម​ជាតិ​មាតុភូមិ ដោយ​ប្រើ​រូបមន្ត​ពិសេស​គ្មាន​ពីរ គឺ «​នយោបាយ​ឈ្នះ​-​ឈ្នះ​» ប្រែក្លាយ​សង្គ្រាម​ឱ្យទៅ​ជា​សន្តិភាព ស្ថិរភាព ឯករាជ្យ​ភាព សាមគ្គីភាព និង​បូរណភាព​ទឹកដី និង​ដោយ​ស្ថិត​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​បញ្ញាញាណ​ដ៏​ប៉ិនប្រសព្វ និង​ឈ្លាសវៃ​របស់ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី នា​អាណត្តិ​ទី​៧ ។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល​បាន​គូសបញ្ជាក់​ថា «​ចំពោះ​កង្វល់​របស់​បងប្អូន​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​ដីធ្លី ផ្ទះសំបែង ស្រែ​ចំការ ដែល​នឹង​រង​ផល​ប៉ះពាល់ ដោយសារ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ខ្ញុំបាទ​សូម​ធ្វើការ​បញ្ជាក់​អះអាង​ជូន បងប្អូន​ថា រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​សេនាធិការ​នឹង​គិតគូរ​សិក្សា​យ៉ាង​លម្អិត និង​វាស់​វង​ច្បាស់លាស់ ដើម្បី​ដោះស្រាយ​បញ្ហា​ផល​ប៉ះពាល់​នេះ សំដៅ​ធានា ការ​ផ្ដល់​សំណង​យ៉ាង​សម​ស្រប ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ជឿ​ទុកចិត្ត លើ​រាជរដ្ឋាភិបាល និង​កុំ​មានការ​ព្រួយបារម្ភ ពី​បញ្ហា​ផល​ប៉ះពាល់​នេះ​» ។

ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​នៃ​ស្ថាប័ន ទទួល​បន្ទុក​អនុវត្តន៍ សូម​ធ្វើការ​ប្ដេជ្ញា​ចិត្ត ប្រកបដោយ​ឆ​ន្ទះ​ខ្ពស់ ចូលរួម​ការងារ​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ឲ្យ​បាន​ជោគជ័យ និង​លេច​ចេញ​ជា​រូបរាង ក្នុង​ឆ្នាំ​២០២៨​ខាង​មុខ ដើម្បី​បន្សល់​ទុកជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ សម្រាប់​កូនចៅ​ខ្មែរ​គ្រប់​ៗ​ជំនាន់​បន្ត​ទៅ​មុខ​ទៀត ។

ឯកឧត្តម​បាន​លើក​ឡើង​ថា​ក្នុង​បរិការណ៍​ចូលរួម​សម្រេច​ឱ្យ​បាន​នូវ ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ ច្បាស់លាស់ និង​ប្រកប​ដោយ​ឆន្ទៈ​ដ៏​មុតមាំ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​នាម​ឯកឧត្តម​ផ្ទាល់ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​នៃ​ស្ថាប័ន​ទទួល​បន្ទុក​អនុវត្ត បាន​ប្តេជ្ញា​ចិត្ត​ប្រកបដោយ​ឆន្ទៈ​ខ្ពស់​ចូលរួម​អនុវត្ត​ការងារ​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ឱ្យ​បាន​ជោគជ័យ និង​លេច​ចេញ​ជា​រូបរាង​នៅ​ក្នុង​ឆ្នាំ​២០២៨ ខាង​មុខ ដើម្បី​បន្សល់​ទុកជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ សម្រាប់​កូនចៅ​ខ្មែរ​គ្រប់​ៗ​ជំនាន់​បន្ត​ទៅ​មុខ​ទៀត ។

សូម​បញ្ជាក់​ថា គម្រោង «​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​» ប្រវែង​១៨០​គីឡូម៉ែត្រ ចាប់ពី​ព្រែក​តាកែវ​នៃ​ទន្លេមេគង្គ ឆ្លងកាត់​តាម​ព្រែក​តា​ឯកនៃ​ទន្លេបាសាក់ រួច​ចូល​តាម​ព្រែក​តា​ហ៊ីង នៃ​ទន្លេបាសាក់ ស្រុក​កោះធំ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត​ចំនួន​៤ រួម​មាន​៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង​ខេត្ត​កែប​។ ផ្លូវទឹក​នេះ​នឹង​មាន​ទទឹង​មុខកាត់​ផ្នែក​ខាងលើ​ប្រវែង ១០០​ម៉ែត្រ និង​មុខកាត់​ផ្នែក​ខាងក្រោម​ប្រមាណ ៨០​ម៉ែត្រ និង​ជម្រៅ​ទឹក​ប្រមាណ ៥,៤​ម៉ែត្រ (​ជម្រៅ​នាវាចរណ៍ ៤,៧​ម៉ែត្រ និង​គម្លាត​សុវត្ថិភាព ០,៧​ម៉ែត្រ​) មាន​គន្លង​នាវាចរណ៍​ចំនួន ២​គន្លង អាច​ចេញ​-​ចូល និង​ជៀស​គ្នា​បាន​ដោយ​សុវត្ថិភាព ។

គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ នឹង​ត្រូវ​ចំណាយពេល​សាងសង់​រយៈពេល​ប្រមាណ​៤៨​ខែ ហើយ​គ្រោង​នឹង​ចប់​រួចរាល់​នៅ​ក្នុង​អំឡុង​ឆ្នាំ ២០២៨​ខាង​មុខ​។ គម្រោង​ព្រែកជីក​នេះ​ត្រូវ​ចំណាយ​ថវិការ​ទន់​វិនិយោគ​ប្រមាណ​១​ពាន់​៧​រយ​លាន​ដុល្លា​អា​មេ​រិ​ក ។ គម្រោង​នេះ​ត្រូវ​បាន​ចែក​ចេញ​ជា​ពី​កំណាត់ ក្នុង​និង​កំណាត់​ទី​១ មាន​ចម្ងាយ​២៦​គីឡូម៉ែត្រ ចេញពី​ព្រែក​តាកែវ នៃ​ទន្លេរ​មេគង្គ​ទៅ​ដល់​ព្រែក​គរ នៃ​ទន្លេ​របា​សាក់​ដោយ​វិនិយោគទន់ ដោយ​សហគ្រាស​សាធារណៈ​និង​ក្រុមហ៊ុន​ក្នុងស្រុក​។ ចំពោះ​កំណាត់​ទី​២​វិញ​មាន​ចម្ងាយ​១៥៩​គីឡូម៉ែត្រ ចេញពី​ទន្លេ​របា​សាក់​ខេត្តតាកែវ​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ត្រូវ​វិនិយោគ​រួម​គ្នា​រវៀង​សហគ្រាស​សាធារណៈ ក្រុមហ៊ុន​ស្រុក និង​ក្រុមហ៊ុន​សាជីវកម្ម​កសាង​ស្ពាន ថ្នល់ ។ ការ​វិនិយោគ​នេះ​នឹង​ត្រូវ​វិនិយោគ​គ្រោ​ម​រូបភាព សាងសង់​ផ្ទេរ​(BOT)៕​






 

Powered by Blogger.