ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធវីដេអូ Conference

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត/លោកឧត្តមសេនីយ៍ ស្នងការ/មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ/លោកនាយករដ្ឋបាលសាលាខេត្ត និងលោកស្រី ប្រធានមន្ទីរព័ត៌មាន អញ្ជើញចូលក្នុងកិច្ចប្រជុំពិសេសពេញអង្គរបស់គណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធវីដេអូConference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ កិច្ចប្រជុំពិសេសនេះធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ។

សម្រាប់រៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម ៖

១- សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
២-សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន។
៣- សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល២០២២-២០២៤។
៤- បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹតឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *