ព័ត៌មានជាតិ

គ្រួសារ ចាស់ជរា ក្រីក្រ មានជីវៈភាពលំបាកចំនួន ២០ គ្រួសារ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ

ព្រៃវែង៖ លោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ និងជាប្រធានគណៈកម្មការប្រយុទ្ធនិងជំងឺកូវីដ-១៩ ស្រុក រួមជាមួយលោក ពត ចាន់នី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំមេបុណ្យ តំណាងឯកឧត្តម ជា សណ្តាប់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំមេបុណ្យ ព្រមទាំងសហការី  បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ច្រៀច ចែកជូនដល់គ្រួសារចាស់ជរា ក្រីក្រ ដែលជួបការលំបាកក្នុងដំណាក់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន ២០ គ្រួសារ ដែលស្ថិតនៅឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

ថ្លែងក្នុងឱកាស់នោះ លោក  ប៉ិច សុង អភិបាលស្រុកបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចក្រឡាហោម ស ខេង  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលដែលជានិច្ចកាលសម្ដេច និងឯកឧត្តម  តែងតែយកចិត្ដទុក្ខដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់ការលៈទេសៈ គ្រប់ពេលវេលា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនិយោបាយអ្វីឡើយ។​

លោក អភិបាលស្រុកក៏បានបន្តទៀតថា អំណោយទាំងនេះទោះជាមិនអាចបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ បានយូអង្វែងក៏ពិតមែន ក៏ប៉ុន្តែវាជួយសម្រួលជីវភាពបងប្អូនប្រជាពលរដ្ឋបានមួយគ្រាផងដែ។

ជាមួយគ្នានោះ លោកអភិបាលស្រុក បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវរៀនរស់នៅតាមបែបគន្លងថ្មី ដោយអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសប្រសាសន៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ៖ ៣ ការពារ និង ៣កុំ អោយបានគ្រប់ៗគ្នា ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងថ្មីឌែលតា (Delta) ឲ្យមានប្រសិទ្ធភាពខ្ពស់។

សម្ភារៈបានផ្តល់ជូននោះ ក្នុងមួយគ្រួសារទទូលបាន អង្ករ ២៥ គីឡូក្រាម, មី ១ កេស, ទឹកស៊ីអ៊ីវ ១ យួ, ម៉ាស់ ១ ប្រអប់, និងថវិកា ២ ម៉ឺនរៀលផងដែរ។

បន្ទាប់ពីការអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ២០ គ្រួសារនោះរួចមក លោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ រួមជាមួយ និងក្រុមការងារបាននាំយក បច្ច័យ និងទេយ្យទាន របស់ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តហាបូរ ស្ថិតនៅក្នុងភូមិហាបូរ ឃុំមេបុណ្យ  ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅក្នុងបរិបទនៃជំងឺកូវីដ19នេះ ដែលកំពង់រីករៀលដាលឆ្លងនាពេលកន្លងមកដែលបណ្ដាលឲ្យរាជរដ្ឋាភិបាលសម្រេចផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ19 ពីសហគមន៍មួយទៅសហគមន៍មួយនោះ។

ក្នុងនោះឯកឧត្តម ជា សុមេធី អភិបាលខេត្ត ក៏បានឲ្យមន្ត្រីថ្នាក់មូលដ្ឋាន នាំយកបច្ច័យ និងទេយ្យទានរបស់ឯកឧត្តមទៅប្រគេនព្រះសង្ឃដើម្បី ទុកប្រើប្រាស់នៅក្នុងវត្ត។ សម្ភារៈដែលបានប្រគេនព្រះសង្ឃនោះមានអង្ករ ៥០ គីឡូ,ទឹកសុទ្ធ,ទឹកក្រូច,ទឹកត្រី,ទឹកស៊ីអ៊ីវ,ម៉ាស,និងថវិកា ៥០ម៉ឺនរៀលផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *