ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តចុះពិនិត្យការរៀបចំកន្លែងសម្រាប់ធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ក្រុងកំពង់ចាម


ខេត្ដកំពង់ចាម៖ នៅព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យការរៀបចំកន្លែងសម្រាប់ធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម សម្រាប់ត្រៀមទទួលបងប្អូនប្រជាពលរដ្ឋ និងពលករចំណូលស្រុក ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
ក្រោយពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានរៀបចំទីតាំងសម្រាប់ត្រៀមទទួលបងប្អូនពលករចំណូលស្រុកមកពីប្រទេសថៃ និងបណ្តាលប្រទេសនានា។

រដ្ឋបាលខេត្ត បានត្រៀមរៀបចំទីតាំងមណ្ឌលចត្តាឡីស័ក កម្រិត២ របស់រដ្ឋបាលខេត្ត មានចំនួន ០២ទីតាំង ក្នុងក្រុងកំពង់ចាម ក្នុងនោះ ៖
-នៅសណ្ឋាគារមេគង្គ មាន ៧១បន្ទប់ស្មើនឹង ១៤២គ្រែ
-នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម មាន០៣អាគារ មាន ៨៩បន្ទប់ ស្មើនឹង ៤៤៣គ្រែ។

គួរបញ្ជាក់ថា៖ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋខេត្តកំពង់ចាម ចំនួន ៤៧នាក់ ហើយ ដែលត្រូវបានអាជ្ញាធរថៃបញ្ជូនមក កាន់ប្រទេសកម្ពុជា តាមច្រកអូរបីជាន់ ម៉ាឡៃ និងច្រកដូង នៃខេត្តបន្ទាយមានជ័យនឹងត្រូវដឹកបញ្ជូនបន្តតាមរថយន្តរបស់កងយោធពលខេមរភូមិន្ទ មកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កខេត្តកំពង់ចាម៕

adm

Leave a Reply

Your email address will not be published. Required fields are marked *