ព័ត៌មានជាតិ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញបូជាសពឯកឧត្តម សុខ យាតសមាជិកព្រឹទ្ធសភា

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២១  សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម ស្បោង សារា៉ត់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានអញ្ជើញបូជាសព ឯកឧត្តម សុខ យាត សមាជិកគណៈកម្មការអប់រំ យុវជន កីឡា សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដែលបានទទួលមរណភាព នៅថ្ងៃសៅរ៍ ៧រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង២១:១០នាទីយប់ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។  សព ឯកឧត្តម សុខ យាត ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ នៅគេហដ្ឋានសព ស្ថិតនៅក្នុងភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

នាឱកាសដ៏សែនក្រៀមក្រំ ស្រពាប់ស្រពោនខ្សឹកខ្សួលអួលអាក់ក្នុងចិត្តឥតឧបមា គ្មានអ្វីប្រៀប ប្រដូចបាន ក្នុងពិធីបូជាសព ឯកឧត្តម សុខ យាត ក្រោយពីបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាម ប្រពៃណីព្រះពុទ្ធសាសនាអស់ជាច្រើនថ្ងៃកន្លងមក។

មរណភាពរបស់ ឯកឧត្តម សុខ យាត គឺជាការបាត់បង់ឥស្សរជនស្នេហាជាតិរបស់ខ្មែរដ៏ឧត្តុង្គឧត្តម មួយរូប ដែលបានធ្វើពលិកម្មដ៏ធំធេងក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាពី របប ប្រល័យពូជសាសន៍ ដើម្បីនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ដ៏ឥតនឿយណាយរហូតដល់ថ្ងៃអវសានជីវិត។ យើងទាំងអស់គ្នាសោកស្ដាយ ស្រណោះអាឡោះអាល័យក្រៀមក្រំ ដោយពុំមានពាក្យអ្វីមកថ្លែ រៀបរាប់អោយដូចបានឡើយ។

ក្នុងឱកាសប្រកបដោយសមាណទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជា សុមេធី អភិបាលខេត្ត មន្ត្រីរាជការកងកម្លាំង មន្ទីរអង្គភាព សូមចូលរួមរំលែកនូវមរណទុក្ខជាមួយ ក្រុមគ្រួសារ ញាតិមិត្តនៃសព និងសូមឲ្យវិញ្ញាណក្ខន្ធរបស់ ឯកឧត្ដម បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

នៅទីបញ្ចប់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏បានថ្វាយព្រះភ្លើងបូជាសពឯកឧត្តម សុខ យាត នោះផងដែ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *