ព័ត៌មានជាតិ

រដ្ឋ​ម​ន្ន្រ្តីកសិកម្មប​ង្ហាញលទ្ធផល​នៃ​ការបណ្តុះបណ្តា​លកសិករស្តីពី​វិធានកា​រចម្រុះ​គ្រប់គ្រងដី​និ​ងសារធាតុ​ចិញ្ចឹមក្នុងផ​លិត​កម្មដំណាំ​​បន្លែសុវ​ត្ថិភាព

មូលដ្ឋានគ្រឹះនៃដំណាំកសិកម្មគឺដី ការប្រើប្រាស់ដី ការលើកកម្ពស់គុណភាពដី និងការគ្រប់គ្រង ដីដោយឈរលើគោលការណ៍ផលិតភាព ចីរភាព និងនិរន្តរភាព គឺជាកិច្ចការចាំបាច់បំផុតក្នុងការ ចូលរួមអភិវឌ្ឍផលិតកម្មដំណាំកសិកម្ម ធានាបាននូវស្ថិរភាពផលិតភាពផលិតកម្ម គុណភាព និងសុវត្ថិភាពកសិផល បង្កើនទិន្នផល និងប្រាក់ចំណូល ព្រមទាំងសម្រេចបាននូវវិវឌ្ឍនាការ កសិ-អេកូឡូស៊ី។
នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្មបានយកចិត្តទុកដាក់ខ្ពស់ដល់ការពង្រឹងសមត្ថភាពប្រជាកសិករ និងអ្នកពាក់ព័ន្ធនានាលើការគ្រប់គ្រងដី និងសារធាតុចិញ្ចឹមរបស់ក្នុងផលិតកម្មដំណាំកសិកម្ម ដោយបានរៀបចំឯកសារសម្រាប់ធ្វើការបណ្តុះបណ្តាលស្តីពី ” វិធានការចម្រុះគ្រប់គ្រងដី និងសារធាតុចិញ្ចឹមរបស់ដីក្នុងផលិតកម្មដំណាំបន្លែសុវត្ថិភាព” ។ ឯកសារនេះ គឺជាមូលដ្ឋានគ្រឹះនៃចំណេះដឹងបច្ចេកទេសសម្រាប់ជំរុញផលិតកម្មដំណាំបន្លែសុវត្ថិភាព ប្រកបដោយផលិតភាពខ្ពស់ មានប្រសិទ្ធភាព និងនិរន្តរភាព ជាពិសេសធានាបាន នូវគុណភាព និងសុវត្ថិភាពចំណីអាហារ។ឯកសារនេះ បានរៀបចំចងក្រងឡើងសម្រាប់ធ្វើការបណ្តុះបណ្តាដល់កសិករ និងសមាជិកសហគមន៍កសិកម្មនៅតាមបណ្តាខេត្តគោលដៅចំនួន០៨ រួមមាន៖ ខេត្តកណ្តាល ព្រៃវែង កំពង់ ចាម ត្បូងឃ្មុំ ក្រចេះ កំពង់ឆ្នាំង បាត់ដំបង និងសៀមរាប ក្រោមកិច្ចសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តនៃខេត្តគោលដៅ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងបង្កើនចំណេះដឹងបន្ថែមអំពីការគ្រប់គ្រងដី និងសារធាតុចិញ្ចឹមរបស់ដីក្នុងផលិតកម្មដំណាំបន្លែសុវត្ថិភាពដល់ពួកគាត់ដែលបាននិងកំពុងប្រកបរបរដាំដុះដំណាំបន្លែ ដើម្បីទទួលបានទិន្នផលខ្ពស់ មាន គុណភាព និងមានសុវត្ថិភាព ព្រមទាំងធានានូវនិរន្តរភាពនៃការប្រើប្រាស់ធនធានដីកសិកម្ម។ ជាងនេះទៅទៀត ក្រោយពេលបញ្ចប់វគ្គ ចង់ទាញចំណាប់អារម្មណ៍ឲ្យកសិករយល់ដឹងកាន់ស៊ី ជម្រៅអំពីគោលការណ៍នៃការគ្រប់គ្រងសារធាតុចិញ្ចឹមរបស់ដីនៅក្នុងផលិតកម្មដំណាំឱ្យមាន ប្រសិទ្ធភាពខ្ពស់ គឺត្រូវឲ្យកសិករយកចិត្តទុកដាក់លើកត្តាបីជាចម្បងរួមមាន ៖ ទី១. ការយល់ដឹងអំពីដីកសិកម្ម ទី២. ការយល់ដឹងអំពីសារធាតុចិញ្ចឹមសំខាន់ៗ និងតម្រូវការរបស់រុក្ខជាតិ និងទី ៣. ការយល់ដឹងអំពីវិធានការគ្រប់គ្រងដី និងសារធាតុចិញ្ចឹមរបស់ដីប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
១- ខ្លឹមសារមេរៀន ៖ ហេតុអ្វីចាំបាច់ត្រូវយល់ដឹងអំពីដីកសិកម្ម?
ការស្គាល់អំពីប្រភេទដី គឺមានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងសារធាតុចិញ្ចឹមសម្រាប់ដំណាំឱ្យបានសមស្របទៅតាមតម្រូវការជាក់លាក់របស់ប្រភេទដំណាំ និងដី ពីព្រោះគុណសម្បត្តិរបស់ដីទាំងលក្ខណៈរូបសាស្ត្រ គីមីសាស្ត្រ និងជីវសាស្ត្រមានភាពខុសៗគ្នា ដោយសារតែភាពខុសគ្នានៃសារធាតុគ្រឹះដែលបានបង្កើតដីក្នុងលក្ខខណ្ឌនៃអាកាសធាតុផ្សេងៗគ្នា។ ការយល់ដឹងអំពីដីជួយឱ្យកសិករមានលទ្ធភាពរៀបចំផែនការប្រើប្រាស់ដីសម្រាប់ដាំដុះដំណាំ គ្រប់គ្រងជីជាតិដី និងសារ ធាតុចិញ្ចឹមរបស់ដីបានសមស្រប និងមានប្រសិទ្ធភាព។


២- ការយល់ដឹងអំពីលក្ខណៈនៃសារធាតុចិញ្ចឹម និងតម្រូវការរបស់ដំណាំ ៖ សារធាតុចិញ្ចឹមដែលរុក្ខជាតិត្រូវការជាចាំបាច់បំផុតមានចំនួន១៧ធាតុ ដែលត្រូវបានចែកចេញជា ១. ក្រុមម៉ាក្រូធាតុ រួមមាន៖ កាបូន (C) អ៊ីដ្រូសែន (H) អុកស៊ីសែន (O) អាសូត 👎 ផូស្វ័រ (P) ប៉ូតាស្យូម (K) កាល់ស្យូម (Ca) ម៉ាញ៉េស្យូម (Mg) ស្ពាន់ធ័រ (S) និងក្លរ (Cl) ដែលធាតុទាំងនេះមានបរិមាណលើសពី ១ ០០០ ម.ក្រ/គ.ក្រ ក្នុងជាលិការុក្ខជាតិ ស្ងួត និង ២. ក្រុមមីក្រូធាតុ រួមមាន៖ ដែក (Fe) ម៉ង់កាណែស (Mn) ទង់ដែង (Cu) ស័ង្កសី (Zn) ប័រ (😎 ម៉ូលីដែន (Mo) និងនីកែល (Ni) ដែលធាតុទាំងនេះមានបរិមាណតិចជាង ១០០ ម.ក្រ/គ.ក្រ ក្នុងជាលិការុក្ខជាតិស្ងួត។ ចំណុចសំខាន់ដែលគួរកត់សម្គាល់០៣យ៉ាងលើសារធាតុចិញ្ចឹមរុក្ខជាតិគឺ ៖ ទី១. រុក្ខជាតិនឹងមិនអាចបញ្ចប់វដ្តជីវិតបានទេក្នុងករណីគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ទី២. តួនាទីសារធាតុចិញ្ចឹម នីមួយៗមិនអាចជំនួសគ្នាបានទេ និងទី៣. សារធាតុចិញ្ចឹមនីមួយៗត្រូវតែចូលរួមដោយផ្ទាល់ជាមួយនឹងដំណើរមេតាបូលីសរបស់រុក្ខជាតិ។
៣- ការអនុវត្តកសិកម្មដើម្បីគ្រប់គ្រងដី និងដំណាំឱ្យមាននិរន្តរភាព ៖ ការប្រើប្រាស់គម្របដី ការដាំដំណាំជីស្រស់ ការធ្វើជីកំប៉ុស្តិ៍ និងការដាំដំណាំបង្វិល។


ការគ្រប់គ្រងជីជាតិដី និងការដាក់ជី ៖ ដើម្បីធានាបាននូវការផ្គត់ផ្គង់សារធាតុចិញ្ចឹមឱ្យបានគ្រប់ គ្រាន់ដល់ដំណាំ និងរក្សាបាននូវតុល្យភាពសារធាតុចិញ្ចឹមក្នុងប្រព័ន្ធដី ត្រូវកាត់បន្ថយការបាត់បង់សារធាតុចិញ្ចឹមឱ្យនៅកម្រិតអប្បរមា ហើយត្រូវយកចិត្តទុកដាក់បំពេញបន្ថែមសារធាតុចិញ្ចឹមទៅក្នុងដីឱ្យបានទៀងទាត់ និងត្រឹមត្រូវតាមដែលអាចធ្វើទៅបាន ដើម្បីចៀសវាងការរិចរិលជីជាតិដី ឬការធ្លាក់ចុះគុណភាពដី។ កត្តាចាំបាច់មួយចំនួនដែលត្រូវផ្តោតការយកចិត្តទុកដាក់ គឺការប្រើប្រាស់ជីកំប៉ុស្តិ៍ (ជីកំប៉ុស្តិ៍គោក និងជីកំប៉ុស្តិ៍ទឹក) ការប្រើប្រាស់ជីលាមកសត្វ និងជាពិសេសការប្រើប្រាស់ជីគីមីឱ្យបានសមស្រប និងតាមតម្រូវការជាក់លាក់របស់ដំណាំ។ ការកែលម្អដីដោយប្រើប្រាស់កំបោរកសិកម្ម៖ ក្នុងផលិតកម្មបន្លែ ការបន្សាបជាតិជូរនៃដី គឺជាការចាំបាច់ពីព្រោះ ដំណាំបន្លែមិនធន់នឹងដីជូរទេ។ ការប្រើប្រាស់កំបោរកសិកម្មជួយបន្សាបជាតិជូរនៃដី ជួយកែលម្អការលូតលាស់ដំណាំ និងជួយជំរុញសកម្មភាពរបស់អតិសុខុមប្រាណក្នុងដី។ កំបោរកសិកម្មដូចជាកំបោរកាល់ ស្យូមកាបូណាត (CaCO3) ឬកំបោរដូឡូមីត CaMg(CO3)2 បានផ្តល់ឱ្យដីនូវធាតុកាល់ស្យូម (Ca) និងម៉ាញ៉េស្យូម (Mg) ដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់ដំណាំ និងជួយឱ្យដីមានសុខភាពល្អផងដែរ។
៤- លទ្ធផលវគ្គបណ្តុះបណ្តាល ៖
វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមចំនួន ៣៣១នាក់ (ស្រី្ត ១៤៩) មកពីសហគមន៍កសិកម្មចំនួន០៩ នៃខេត្តគោលដៅ។ វគ្គបណ្តុះបណ្តាលបានប្រព្រឹត្តទៅតាមផែនការដោយជោគជ័យដោយមានការចូលរួមសម្របសម្រួលពីសំណាក់មន្ត្រីមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តទាំង០៨ អាជ្ញាធរមូលដ្ឋាន និងជាពិសេសមានការចូលរួមយ៉ាងសកម្មពីកសិករដែលជាសមាជិកសហគមន៍កសិកម្មទាំង០៩ ដែលកំពុងធ្វើការដាំដុះដំណាំបន្លែសុវត្ថិភាព។

វគ្គបណ្តុះបណ្តាលនេះ មានការគាំទ្រ និងចាប់អារម្មណ៍ពីសំណាក់កសិករលើចំណេះដឹងបច្ចេកទេសថ្មីៗតាមខ្លឹមសារវគ្គ និងការរៀបចំឯកសារបណ្តុះបណ្តាលដែលមានគុណភាពអាចយកទៅអនុវត្តទទួលបានជោគជ័យបន្ថែមទៀតក្នុងផលិតកម្មដំណាំបន្លែសុវត្ថិភាពរបស់បងប្អូនប្រជាកសិករ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺឆ្លងជាសកលកូវីដ-១៩។
ចង់ទទួលបានព័ត៌មានបន្ថែមទាក់ទងនឹងឯកសារបណ្តុះបណ្តាល សូមអញ្ជើញទាក់ទងទៅបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម (០១២ ៨០៤ ១៨១) ឬលោក ភី ឈិន អនុប្រធានការិយាល័យ (០៧៧ ៦៣៦ ៣៨៧)៕

adm

Leave a Reply

Your email address will not be published. Required fields are marked *