ព័ត៌មានសន្តិសុខសង្គម

ចេញប្លន់ ០៥ឆ្នាំ ទាំងក្នុងខេត្តនិងរាជធានី បែរជាអស់លក្ខណ៍ដោយសារ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌកំបូល!

កាលពី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ មានករណីជនសង្ស័យចំនួន ០៤នាក់ បានវាយប្លន់ម៉ូតូមួយគ្រឿង ពីជនរងគ្រោះម្នាក់ នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទូលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ បន្ទាប់ពីជនរងគ្រោះត្រូវបាន ចោរទាំងនេះវាយប្លន់រួចហើយ ជនរងគ្រោះ ក៏មិនបានដាក់ពាក្យបណ្តឹងឬផ្តល់ព័ត៌មានដោយផ្ទាល់ ដល់សមត្ថកិច្ចកងរាជអាវុធហត្ថ ឲ្យបានដឹងនោះដែរ តែតាមរយៈបណ្តាញក្តាប់ព័ត៌មានថាមានករណីប្លន់ដូចខាងលើ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌកំបូល បានបើកការ ស៊ើបអង្កេតស្រាវជ្រាវ ជាបន្តបន្ទាប់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ០២នាក់ ជាក់ស្តែង នៅចំណុចដីវាលទុកចោលមួយកន្លែងក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីវេលាម៉ោង១៨:៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ក្រោមការសម្របសម្រួលពីលោក សុក កែវបណ្ឌិត ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ដោយសារទីតាំងឃាត់ខ្លួន ជាភូមិសាស្ត្រដីវាល បានធ្វើឲ្យមានការរំខានដល់ប្រតិបត្តិ របស់សមត្ថកិច្ច ក្នុងការលបចូលទៅជិតជនសង្ស័យ បណ្តាលឲ្យបក្ខពួកផ្សេងទៀត ដឹងខ្លួនចែកផ្លូវគ្នារត់គេចយ៉ាងលឿន មុនសមត្ថកិច្ចចូលទៅដល់ ទើបធ្វើឲ្យសម្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យត្រឹមតែ០២នាក់ និងដកហូតម៉ូតូបាន ចំនួន ៣ គ្រឿង៖
– ម៉ាកសង់ C125 ,021ពណ៍ ខ្មៅ គ្មានស្លាកលេខ (ជារបស់ជនសង្ស័យ ដែលឃាត់ខ្លួនបាន),
– ម៉ាកសង់ C125,020 ក្រហម  ពាក់ស្លាកលេខ 1IC,6209 (ជារបស់ជនសង្ស័យរត់ចោល),
– ម៉ាកសង់ C125 ,020 ពាក់ស្លាកលេខ ព្រៃវែង 1R 9039 (សមត្ថកិច្ចក្តាប់បានថា ជាម៉ូតូ របស់ជនរងគ្រោះដែលត្រូវបានប្លន់ កាលពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២១)។

ជនសង្ស័យទាំង០២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ៖
១/ឈ្មោះ ចែម ខែមរិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ (ពិនិត្យឃើញមានសារធាតុញៀន ជាមុខសញ្ញាវាយប្លន់យ៉ាងសកម្មនៅចំណុចផ្លូវជាតិលេខ៣) បច្ចុប្បន្នស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២/ឈ្មោះ ទេព ពេញ ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាមេក្លោងវាយប្លន់) បច្ចុប្បន្នស្នាក់នៅភូមិទូលពង្រ សង្កាតចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង០២នាក់បានសារភាពឲ្យដឹងថា ពួកគេ និងបក្ខពួក០៥នាក់ទៀតគឺ ទី១ឈ្មោះ អាត្រេន, ទី២ឈ្មោះ អាសំអន, ទី៣ឈ្មោះ អាកាយ, ទី៤ឈ្មោះ អារៈ និងទី៥ឈ្មោះ អាព្រលិត តែងតែធ្វើសកម្មភាព ពួនស្ទាក់វាយប្លន់ជនរងគ្រោះនៅកន្លែងស្ងាត់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និង ខេត្តកំពង់ស្ពឺ។ ជាក់ស្តែងកាលពីឆ្នាំ២០១៧ ក្រុមខ្លួនធ្លាប់បានធ្វើសកម្មភាពវាយប្លន់នៅផ្លូវ៥១ ទឹកដីខេត្តកំពង់ស្ពឺ។ នៅឆ្នាំ២០១៩ ក្រុមខ្លួនធ្លាប់ធ្វើសកម្មភាព វាយប្លន់ នៅក្នុងទីរួមខេត្តកំពង់ស្ពឺ ក្រោយៗមកគឺធ្វើសកម្មភាពវាយប្លន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលចុងក្រោយគឺបានវាយប្លន់ នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទូលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ដោយឈ្មោះ( អាកាយ) ជាអ្នកធាក់ទៅលើជនរងគ្រោះបណ្តាលអោយដួលរួចជនរងគ្រោះបានរត់ទៅកន្លែងទិញអេតចាយក្បែរនោះ បន្ទាប់មកបក្ខពួកខ្លួនឈ្មោះ (អារៈ) បានលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់រៀងៗខ្លួន។

រាល់ការចេញវាយប្លន់មួយលើកៗ គឺពួកខ្លួនតែងរត់គេចរួចដោយសុវត្ថិភាព  ស្រាប់តែ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ខណៈពួក ខ្លួនបានទៅអង្គុយផឹកស៊ីជុំគ្នាលេងនៅចំណុចដីវាលមួយកន្លែងក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ដល់ម៉ោងប្រហែល ១៨:៣០នាទីយប់ ស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថខណ្ឌកំបូលបានមកដល់ធ្វើការដេញចាប់ពួកខ្លួនបាន០២នាក់ រីឯបក្ខពួកជាច្រើននាក់ទៀតបានរត់គេចខ្លួនទាន់។

ជាមួយការបង្ក្រាបជនសង្ស័យទាំង០២នាក់នេះផងដែរ សមត្ថកិច្ចអាវុធហត្ថ បានប្រើឧបករណ៍តេស្តរហ័ស Rapid Test ពិនិត្យជនសង្ស័យ រកឃើញ វិជ្ជមានកូវីត១៩ ចំនួន១នាក់គឺ ឈ្មោះ ទេព ពេញ ជាហេតុធ្វើឲ្យមានការរំខានបន្ថែមដល់និតិវិធី របស់សមត្ថកិច្ច។

បច្ចុប្បន្នម៉ូតូរបស់ជនរងគ្រោះ ដែលជនសង្ស័យបានប្លន់កាលពី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទូលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ម៉ាក ហុងដា សេ១២៥ (លេខតួ ND125M5727548 / លេខម៉ាស៊ីន ND125ME5727548)  ត្រូវបានជនសង្ស័យ យកទៅប្តូរពណ៌ ពីពណ៌ខ្មៅ មក ជាពណ៌ស ។ រីឯម្ចាស់ម៉ូតូ អាវុធហត្ថមិនទាន់បានស្គាល់និងទាក់ទងបាននៅឡើយទេ ដូច្នេះ អាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវដល់ម្ចាស់ម៉ូតូ ឬបងប្អូនណា ស្គាល់ម្ចាស់ម៉ូតូ សូមអញ្ជើញមកទំនាក់ទំនងទទួលយកម៉ូតូ ត្រឡប់ទៅវិញ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមការគួរ៕
#PhnomPenhGRK

adm

Leave a Reply

Your email address will not be published. Required fields are marked *