ព័ត៌មានជាតិ

វឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវីធីទី១៣៖ “កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន៖ ផ្នែកនេសាទ“

វឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវីធីទី១៣៖ “កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន៖ ផ្នែកនេសាទ“(Cambodia Program for Sustainable and Inclusive Growth in the Fisheries Sector: Capture Component) ដែលហៅកាត់ថា “CAPFISH-Capture“ CAPFISH-Capture

បច្ចុប្បន្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការផ្ទាល់ បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប ដើម្បីអនុវត្តកម្មវិធីមួយជាប្រភេទជំនួយឥត សំណងដែលមានឈ្មោះថា “កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន៖ ផ្នែកនេសាទ“ (ដែលហៅកាត់ថា “CAPFISH-Capture“ សម្រាប់រយៈពេល៥ឆ្នាំ (គឺចាប់ពីខែកក្កដា ឆ្នាំ២០១៩ រហូតដល់ខែមិថុនា ឆ្នាំ២០២៣) ដែលមានថវិកាហិរញ្ញប្រទានរបស់សហភាពអឺរ៉ុបសរុបចំនួន ៨៧លានអឺរ៉ូ (ប្រហែល ១០៤លានដុល្លាអាមេរិក)។ ក្រៅពីនេះ ក៏មានថវិកាបដិភាគចំនួន ១១លានអឺរ៉ូផ្សេងទៀត ដែលបានមកពីរាជរដ្ឋាភិបាលកម្ពុជានិងអង្គការដៃគូ អភិវឌ្ឍនានា។

I. ទស្សនៈវិស័យ
ទស្សនៈវិស័យនៃកម្មវិធីនេះ គឺជម្រុញការអនុវត្តឱ្យបានសម្រេចនូវក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផលឆ្នាំ២០១៥-២០២៤ ក៏ដូចជាផែនការអភិវឌ្ឍយុទ្ធសាស្រ្តជាតិឱ្យកាន់តែល្អប្រសើរនិងទទួលបានជោគជ័យ ដើម្បីចូលរួមធានានូវសន្តិសុខស្បៀងដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងជួយលើកស្ទួយសេដ្ឋកិច្ចជាតិ។
កម្មវិធីនេះអនុវត្តដោយផ្អែកទៅលើក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តវិស័យជលផលឆ្នាំ២០១៥-២០២៤ ដែលគាំទ្រនិងផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន៤ គឺ៖
១. ការនេសាទ និងការគ្រប់គ្រង។
២. វារីវប្បកម្មទឹកសាប និងសមុទ្រ។
៣. ខ្សែច្រវាក់ផលិតកម្មជលផល។
៤. ច្បាប់ និងសេវាកម្ម។

II. គោលបំណង
ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ភាពធន់ទៅនឹងអាកាសធាតុ និងបរិយាប័ន្ន ធនធានជលផលទឹកសាប និងសមុទ្រនៅព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីនេះក៏បានចូលរួមចំណែកជួយដោះស្រាយបញ្ហានានាដែលបាននិងកំពុងប្រឈមក្នុងវិស័យជលផល ជាពិសេសបញ្ហាពាក់ព័ន្ធនឹងសកម្មភាពប្រយុទ្ធប្រឆាំងនឹងសកម្មភាពការនេសាទខុសច្បាប់និងគ្មានរបាយការណ៍ (IUU) នៅកម្ពុជា។

III. ការបែងចែកថវិកា
ថវិកាសរុបរបស់កម្មវិធីមានចំនួន ៩២,៧ លានអឺរ៉ូ ដែលក្នុងនោះថវិការបស់សហភាពអឺរ៉ុប ចំនួន ៨៧ លានអឺរ៉ូ នឹងត្រូវបែងចែកជា៖
១. ថវិកា ៣៥ លានអឺរ៉ូ គាំទ្រវិស័យជលផល (Budget Support) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តន៍គម្រោងកម្មវិធីចំនួន ៥ឆ្នាំ ។
២. ថវិកា ៥២ លានអឺរ៉ូ គាំទ្របន្ថែម (Complementary Support) ក្នុងនោះមាន ៖
 ថវិកា ១៧ លានអឺរ៉ូ ផ្តល់ឱ្យអង្គការ FAO (Indirect Management with FAO)
 ថវិកា ១៦ លានអឺរ៉ូ ផ្តល់ឱ្យ UNIDO (Indirect Management with UNIDO)
 ថវិកា ១៦ លានអឺរ៉ូ ផ្តល់ឱ្យអង្គការក្រៅរដ្ឋាភិបាល (Grants: call for proposals) Direct Management by EU
 ថវិកា ០,៨ លានអឺរ៉ូ សម្រាប់ការងារលទ្ធកម្ម (Procurement-total envelope under section 2.2) Direct Management by EU
 ថវិកា ២,២ លានអឺរ៉ូ សម្រាប់វាយតម្លៃសវនកម្ម និងបម្រុងផ្សេងៗ (Direct Management by EU)

IV. ប្រវត្តិនៃកម្មវិធី
កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាប័ន្ន៖ ផ្នែកនេសាទ (CAPFISH-Capture) ត្រូវបានផ្តួចផ្តើមដោយសហភាពអឺរ៉ុប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល នៅឆ្នាំ២០១៥ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល មន្ត្រីស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងក្រុមជំនាញការសហភាពអឺរ៉ុប បានពិភាក្សារៀបចំ និងសម្រេចចងក្រងឯកសារនៃកម្មវិធីនេះក្នុងឆ្នាំ២០១៩។
សហភាពអឺរ៉ុបបានចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងហិរញ្ញប្បទាន ដែលជាប្រភេទជំនួយឥតសំណងនៃឯកសារលេខ ACA/2018/041-466 និង ACA/2019/041-594 នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់មកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាតំណាងឱ្យរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខានៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។

V. សកម្មភាពការងារ
បន្ទាប់ពីបានចាប់ផ្តើមអនុវត្តកម្មវិធីនេះ មន្ត្រីរាជការនៃរដ្ឋបាលជលផល ដៃគូអភិវឌ្ឍនានា និង បុគ្គលិកជំនាញការបច្ចេកទេសរបស់សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជាបានចូលរួមរៀបចំផែនការសកម្មភាពនិងថវិកា សម្រាប់អនុវត្តក្នុងរយៈពេលមួយឆ្នាំម្តងៗ ដើម្បីបញ្ជូនទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងអំឡុងខែតុលានៃឆ្នាំនីមួយៗ ដើម្បីស្នើសុំការអនុម័ត។
ថវិកាដែលសហភាពអឺរ៉ុបបានផ្តល់ជូនរដ្ឋបាលជលផលប្រចាំឆ្នាំនីមួយៗ ដោយផ្អែកលើសូចនាករទាំង៨៖
១. ពង្រឹងការអនុវត្តច្បាប់ស្តីពីជលផលនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
២. កែលម្អ ស្តារប្រព័ន្ធបរិស្ថាន និងការពារតំបន់អភិរក្សជលផល។
៣. វិសោធនកម្មច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធ។
៤. បង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងព័ត៌មានជលផល។
៥. ពង្រឹងសមត្ថភាពសហគមន៍នេសាទតាមរយៈសហគ្រប់គ្រង។
៦. អភិវឌ្ឍការកែច្នៃផល ផលិតផលជលផល។
៧. បង្កើនថវិកាជាតិប្រចាំឆ្នាំសម្រាប់វិស័យជលផល។
៨. ពង្រឹងការគ្រប់គ្រងធនធានមនុស្ស។

ផែនការសកម្មភាពដែលត្រូវអនុវត្ត ដើម្បីដោះស្រាយបញ្ហា IUU រួមមាន៖
 ការធ្វើឱ្យប្រសើរនូវក្របខណ្ឌច្បាប់ដូចជាការផ្តល់សច្ចាប័នលើលិខិតុបករណ៍អន្តរជាតិ (UNCLOS, PSMA and UNFSA) ការធ្វើវិសោធនកម្មច្បាប់ស្តីពីជលផល ការចុះបញ្ជីនាវានេសាទខ្នាតមធ្យមនិងធំ ការរៀបចំនិងអនុម័តផែនការសកម្មភាព ត្រួត ពិនិត្យ និងអធិការកិច្ចជលផលសមុទ្រ (NPCI-MF)
 ការបណ្តុះបណ្តាលអ្នកអង្កេតការណ៍ស្ថិតិផលនេសាទលើនាវានេសាទនិងនៅកំពង់ផែនេសាទ
 ការរៀបចំសេចក្តីព្រាងនិងអនុម័តគោលនយោបាយសម្រាប់ការប្រមូលទិន្នន័យនាវានេសាទផលនេសាទនិងការធ្វើរបាយការណ៍
 ការរៀបចំបង្កើតប្រព័ន្ធត្រួតពិនិត្យ និងតាមដាននាវានេសាទ
 ការរៀបចំ និងអនុម័តផែនការសកម្មភាពជាតិស្តីពីការបង្ការទប់ស្កាត់និងលុបបំបាត់ ការនេសាទខុសច្បាប់គ្មានរបាយការណ៍និងគ្មានការអនុញ្ញាតក្នុងដែនសមុទ្រនៃ ព្រះរាជាណាចក្រកម្ពុជា (NPOA-IUU)
 ការពង្រឹងស្ថាប័នរដ្ឋបាលជលផល និងបង្កើនសមត្ថភាពមន្ត្រីជលផល
 ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
VI. លទ្ធផលការងារ
១. សកម្មភាពថ្នាក់ជាតិ
រដ្ឋបាលជលផលចាប់ផ្តើមអនុវត្តកម្មវិធីនេះ នាខែកក្កដាឆ្នាំ២០១៩ រហូតដល់ខែមិថុនាឆ្នាំ២០២១។ ជារួមថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលជលផលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងជំនាញការបច្ចេកទេស អង្គការដៃគូអភិវឌ្ឍនានាបានសហការ និងខិតខំប្រឹងប្រែងអនុវត្តតាមផែនការសកម្មភាពប្រចាំឆ្នាំដែល ទទួលបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖
 ការត្រួតពិនិត្យបទល្មើសនេសាទអនុវត្តបានចំនួន ១៥ ០៣៧ ករណី ត្រូវបានកត់ត្រានៅ ក្នុងប្រព័ន្ធ SMART នៃដែននេសាទទឹកសាប
 ការបោះបង្គោលព្រំប្រទល់តំបន់អភិរក្ស និងព្រំប្រទល់ព្រៃលិចទឹកអនុវត្តបានចំនួន ៦០៣ បង្គោល (បូកយោងរួមទាំងការបោះបង្គោលឆ្នាំកន្លងទៅ)
 សេចក្តីព្រាងច្បាប់ស្តីពីជលផលត្រូវបានបញ្ចប់ការពិភាក្សានៅរដ្ឋបាលជលផល នឹងត្រូវបញ្ជូនមកក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងខែកក្កដា ឆ្នាំ២០២១
 ផែនការសកម្មភាពត្រួតពិនិត្យ និងអធិការកិច្ចសមុទ្រអនុវត្តបាន ៧៥% នៃសកម្មភាព ឆ្នាំ២០២០
 គោលការណ៍ណែនាំនិងវិធីសាស្រ្តវាយតម្លៃផលនេសាទទឹកសាប និងសមុទ្រត្រូវបាន អនុម័ត។ ប៉ុន្តែរហូតមកដល់ខែមេសាឆ្នាំ២០២១ សកម្មភាពនេះមិនទាន់ត្រូវបានអនុវត្តនៅ ឡើយទេ។
 សហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រីចំនួន ២២០ បានទទួលថវិកា ១ពាន់ ដុល្លារ ក្នុង១សហគមន៍ ដើម្បីអនុវត្តផែនការសកម្មភាពរបស់សហគមន៍
 ទីតាំងកែច្នៃចំនួន៥០កន្លែងត្រូវបានធ្វើអធិការកិច្ច
 សំណាកផល ផលិតផលជលផលចំនួន ៣៤៧ សំណាកត្រូវប្រមូល និងយកមកវិភាគ
 ថវិកាជាតិចំនួន២០%ត្រូវបានបង្កើនក្នុងឆ្នាំ២០២០។ ប៉ុន្តែក្នុងឆ្នាំ២០២១នេះថវិកាជាតិអាចបង្កើនមិនបានដោយកម្ពុជាក៏ដូចជាសកលលោកកំពុងជួបប្រទះនឹងការរីករាលដាលជាកលនៃជម្ងឺកូវិដ ១៩។
 លទ្ធផលថ្នាក់ជាតិសម្រេចអនុវត្តបានចំនួន៩៣% ហើយត្រូវបាន ទុកនៅក្នុងប្រព័ន្ធHRMIS។

២. សកម្មភាពការងារ IUU
ក) ព្រះរាជាណាចក្រកម្ពុជាបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអន្តរជាតិចំនួន២គឺ៖
១) កិច្ចព្រមព្រៀង ស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែ (PSMA) នាខែកក្កដា ឆ្នាំ២០១៩។
២) កិច្ចព្រមព្រៀងសម្រាប់អនុវត្តបទប្បញ្ញត្តិនៃអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ចុះ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រងនិងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផល ផ្លាស់ទីឆ្ងាយ (UNFSA) នាខែមករា ឆ្នាំ២០២០។

ខ) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងបន្តកិច្ចពិភាក្សាស្តីពីនីតិសមុទ្រ(UNCLOS)។ សេចក្តីព្រាងច្បាប់ ស្តីពីជលផល រដ្ឋបាលជលផល បានបញ្ចប់ការពិភាក្សាជាមួយទីប្រឹក្សា FAO នឹងបញ្ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាចុង ខែសីហា។ សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលស្តីពីគោលការណ៍គន្លឺះក្នុងការគ្រប់គ្រងជលផលសមុទ្រត្រូវបានអនុម័តដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានអនុម័តនាខែតុលា ឆ្នាំ២០១៩។

  1. គ) ផែនការ NPCI-MF ២០២០-២០២៤ ត្រូវបានអនុម័តនាខែឧសភា ឆ្នាំ២០២០និង NPOA-IUU ២០២០-២០២៤ ត្រូវបានអនុម័តខែកក្កដា ឆ្នាំ២០២០។ ការអនុវត្តសកម្មភាពទាំងអស់ខាងលើ ត្រូវបានគាំទ្រទាំងថវិកានិងបច្ចេកទេសពីកម្មវិធី CAPFISH-Capture។

    ឃ) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ចូនរបាយការណ៍វឌ្ឍនភាពផែនការ សកម្មភាពក្នុងការប្រយុទ្ធប្រឆាំងនឹង IUU ទៅ DG MARE កាលពីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២១ ដោយ បានទទួលការឆ្លើយតបនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ និងបានស្នើសុំមកក្រសួងបញ្ជូនសេចក្តីព្រាង ច្បាប់ស្តីពីជលផល ទៅ DG MARE ជំរុញការចុះបញ្ជីនិងផ្តល់លិខិតអនុញ្ញាតដល់នាវានេសាទខ្នាតមធ្យម និងធំ ការចុះបញ្ជីនិងគ្រប់គ្រងផែនេសាទ បង្កើនចំនួននិងសមត្ថភាពមន្រ្តីអធិការកិច្ចជលផល ការកត់ត្រា ផលនេសាទតាមប្រព័ន្ធអេឡិចត្រូនិច។ ទន្ទឹមនឹងនេះ DG MARE ក៏បានកោតសរសើរកម្ពុជា ដែលបានរៀបចំផែនការនានាសម្រេចបានតាមការគ្រោងទុក និងស្នើសុំរាជរដ្ឋាភិបាលកម្ពុជាបន្តគាំទ្រ និងអនុវត្ត ផែនការទាំងនេះ។

adm

Leave a Reply

Your email address will not be published. Required fields are marked *