ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ចើញជាអធិបតីក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់ របស់គណ:កម្មការសម្របសម្រួលបច្ចេកទេសលើសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣)


(កំពង់ចាម) ÷នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅមន្ទីរផែនការខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក និងលោក លោកស្រីសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត និងក្រុមការងារកសាងផែនការខេត្ត ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា យើងត្រូវប្រើប្រាស់ឲ្យអស់លទ្ធភាពធនធាន ដែលបានពីថ្នាក់ជាតិតាមរយៈក្រសួង ឬធនធានពីដៃគូនានា ដើម្បីបន្តការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅ​ របស់បងប្អូនប្រជាពលរដ្ឋ​មានភាពប្រសើរឡើង ឲ្យបានទាន់ពេលវេលា។​ គម្រោងទាំងអស់ នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) គឺជាផែនការសម្រាប់អនុវត្តនៅឆ្នាំ២០២១ សូមឲ្យមន្ទីរ-អង្គភាពជំរុញការអនុវត្តគម្រោងនីមួយៗឲ្យចប់តាមការកំណត់ ដោយធ្វើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានជិតស្និទ្ធ។​
ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះលើការយកចិត្តទុកដាក់របស់មន្ទីរ អង្គភាពជុំវិញខេត្ត និងអង្គការនានា ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគឃុំ-សង្កាត់ ក្រុង-ស្រុក ហើយគាំទ្រគម្រោងទៅតាមលទ្ធភាព និងសកម្មភាពរបស់ខ្លួន ដែលជាលទ្ធផលសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ឃុំ-សង្កាត់ ក្រុង-ស្រុក ទទួលបានការគាំទ្រ សរុបចំនួន ២.៣៧៤គម្រោង ស្មើនឹង៤៨% នៃគម្រោងស្នើឡើង ចំនួន ៤.៩១៣គម្រោង ក្នុងនោះមាន មន្ទីរ-អង្គភាពគាំទ្រ បានចំនួន ២.២២៤គម្រោង និងអង្គការសង្គមស៊ីវិលគាំទ្រ បានចំនួន១៥០គម្រោង។ ដោយឡែក គម្រោងវិនិយោគកំពុងដំណើរការរបស់រដ្ឋបាលខេត្ត មានចំនួន ៣៩គម្រោង ដែលត្រូវចំណាយថវិកាចំនួន ៣៥.៥៤០លានរៀល និងគម្រោងដែលមានថវិកាគាំទ្រមានចំនួន ៣៥៣ គម្រោង ដែលត្រូវចំណាយថវិកាចំនួន១.៥៦៧.០៣៨លានរៀល ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២១។

ឯកឧត្តម អភិបាលខេត្ត បានស្នើឲ្យអ្នកពាក់ព័ន្ធពិនិត្យលើឯកសារទាំងមូល នៃសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) ហើយចូលរួមជាគំនិតយោបល់ ឬអនុសាសន៍នានា ដើម្បីកែលម្អ ធ្វើឱ្យឯកសារកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងកាន់តែល្អប្រសើរថែមទៀត មុនដាក់ជូនក្រុមប្រឹក្សាខេត្តដើម្បីពិនិត្យ និងអនុម័ត។
ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់អង្គពិធី ពិសេសរដ្ឋបាលក្រុង ស្រុក ឲ្យបន្តយកចិត្តទុកដាក់អប់រំ ផ្សព្វផ្សាយ អំពីវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវពង្រឹងការគ្រប់គ្រង និងវិធានការចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ឲ្យបានត្រឹមត្រូវចំពោះពលករប្រជាពលរដ្ឋចំណូលស្រុកមកពីព្រះរាជាណាចក្រថៃ និងបណ្ដាប្រទេសនានា៕

adm

Leave a Reply

Your email address will not be published. Required fields are marked *