ព័ត៌មានជាតិ

ចេញពីស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន មា នក ឯកឧត្តមរដ្ឋមន្ត្ក្រីកសិកម្មនិងសហការីបានឈានចូលពិនិត្យការងារដាំដុះបន្លែសុវត្ថិភាពរបស់សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

យោងតាមរបាយការណ៍របស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា សហគមន៍នេះបានចុះបញ្ជីស្របច្បាប់នៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៦ ដែលមានសមាជិកចាប់ផ្តើមដំបូងតែ ៣៦នាក់ ស្រី្ត ២៩នាក់ ដោយមានការសម្របសម្រួលបង្កើត និងគាំទ្រដោយអង្គការហេហ្វឺអន្តរជាតិកម្ពុជាក្នុងគម្រោងលើកកម្ពស់ទីផ្សារសម្រាប់កសិករខ្នាតតូច និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងចាប់ផ្តើមប្រតិបត្តិការអាជីវកម្មសហគមន៍ដោយចំនួន ៦៦ហ៊ុន ដែលមានទឹកប្រាក់សរុបចំនួន ៣,៣លានរៀលតែប៉ុណ្ណោះ។ គួរជាទីមោទនៈបច្ចុប្បន្ននេះ សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម បានពង្រីកសមាជិករបស់ខ្លួនដល់ចំនួន ១៤០គ្រួសារ និងមានទុនជាទឹកប្រាក់សរុបចំនួន ៧៦,៣លានរៀលសម្រាប់ប្រតិបត្តិការអាជីវកម្មសហគមន៍លើផ្ទៃដីសរុប ៨៦ហិកតា។

អាជីវកម្មសំខាន់ៗរបស់សហគមន៍មានដូចជា ការផ្តល់ឥណទានកសិកម្មដោយគ្របដណ្តប់វិសាលភាពទូទាំងឃុំទឹកហូត ផ្គត់ផ្គង់ធាតុចូលកសិកម្ម និងពូជបន្លែដល់សមាជិក ការចិញ្ចឹមមាន់ និងដាំបន្លែសុវត្ថិភាព ដូចជាខ្ទឹមស្លឹក ស្ពៃខៀវ ស្ពែតឿ សាឡាដ និងភ្លៅកង្កែប។ តាមរយៈការដាំដុះក្នុងផ្ទះសំណាញ់ដែលជាបច្ចេកទេសកសិកម្មថ្មីគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលហៅកាត់ថា ASPIRE សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យារវាងសហគន៍ និងអ្នកប្រមូលទិញ បច្ចុប្បន្នសហគមន៍មានលទ្ធភាពផលិត និងលក់ខ្ទឹមស្លឹកដែលជាដំណាំង អាទិភាពរបស់សហគមន៍ពី ៣-៤តោនក្នុង ១ថ្ងៃជាប្រចាំទៅកាន់ទីផ្សារភ្នំពេញនិងទីផ្សារនានា។

មានចំណាប់អារម្មណ៍នាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីសារទរ និង​កោតសរសើរចំពោះល្បឿននៃការវិឌ្ឍរីកចម្រើនដ៏ល្អពីមួយឆ្នាំទៅមួយឆ្នាំរបស់សហគមន៍។ ការវិវឌ្ឍរីកចម្រើននេះហើយ បានចូលរួមយ៉ាងសំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជាពិសេសចូលរួមជាមួយក្រសួងក្នុងការពង្រឹង និងពង្រីកផលិតភាពផលិតកម្មកសិកម្មក្នុងស្រុក ដើម្បីឈានទៅបន្តការកាត់បន្ថយការនាំចូលពីបណ្តាប្រទេស។ ឯកឧត្តមក៏ត្រេកអរចំពោះសមិទ្ធផលជាហេដ្ឋារចនាសម្ព័ន្ធដែលសមាគមន៍ទើបទទួលបានកាលពីចុងឆ្នាំ២០២០ នេះបន្ទាប់ពីលោកបានណែនាំដល់អគ្គនាយកដ្ឋានកសិកម្ម និងនាយកដ្ឋានវិស្វកម្មកសិកម្មឲ្យនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី មកជួយ​ឧបត្ថម្ភគាំទ្រដល់ការតភ្ជាប់អគ្គិសនី សាងសងអណ្តូងទឹកចំនួន ៨ អាងស្តុកទឹកចំណុះ ៥០ម³ ចំនួន ២អាង ម៉ាស៊ីនបូមទឹកចំនួន ១២ និងប្រព័ន្ធស្រោចស្រពប្រវែង ៤ ៨២៣ម ឃើញថា បាននិងកំពុងជួយដល់សហគមន៍យ៉ាងច្រើនក្នុងការធ្វើការដាំដុះវិលជុំពេញមួយឆ្នាំ ដើម្បីធានានូវនិរន្តរភាពនៃការផ្គត់ផ្គង់។ បន្ថែមពីនេះ ឯកឧត្តមក៏បានផ្តាំផ្ញើឲ្យមន្ត្រីជំនាញ និងមន្ទីរកសិកម្មខេត្តបន្តផ្តល់ការគាំទ្រ និងបណ្ដុះបណ្ដាលដល់សហគមន៍ក្នុងការធ្វើកសិកម្មទំនើប ទាំងផ្នែកបច្ចេកទេសដាំដុះ គ្រប់គ្រង និងទីផ្សារធ្វើយ៉ាងណាពង្រីកការចងក្រងសមាជិកបណ្តុំសមាគមន៍ឲ្យកាន់តែធំ និងកាន់តែរឹងមាំ។

adm

Leave a Reply

Your email address will not be published. Required fields are marked *