ព័ត៌មានជាតិ

គម្រោងកម្មវិធីទី៥៖មានឈ្មោះថា”កម្មវិធីជំរុញផលិតកម្មស្រូវនិងនាំចេញអង្ករ (Climate-Resilient Rice Commercialization Sector Development Program – Rice-SDP)

ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយជាអាទិភាពក្នុងការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាអ្នកអនុវត្ត ដោយរួមសហការជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។ ក្រៅពីតួនាទីដ៏ចំបងក្នុងការជំរុញផលិតភាពផលិតកម្មកសិកម្មដើម្បីធានាឲ្យបាននូវសន្តិសុខស្បៀងក្នុងបរិបទនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ក្រសួងក៏ត្រូវខិតខំអនុវត្តគោលនយោបាយរបស់រាជរដ្ឋភិបាលក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីបង្កើនសមត្ថភាពផលិត ធានាបានទាំងបរិមាណ គុណភាព និងសុវត្ថិភាពឲ្យស្របតាមស្តង់ដារតម្រូវរបស់ទីផ្សារអន្តរជាតិក្នុងទិសដៅចំបងគឺបង្កើនបរិមាណ និងប្រភេទមុខដំណាំសម្រាប់ការនាំចេញ។
និយាយពីការនាំចេញ ផលិតផលដំណាំស្រូវបានចូលរួមចំណែកប្រមាណជា ៥០% នៃផលិត ផលកសិកម្ម ហើយប្រាកដណាស់ រាជរដ្ឋាភិបាលបានចាត់ទុកផលិតកម្មនេះថាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលបានបង្ហាញឆន្ទ:យ៉ាងមុតមាំថាចង់ប្រែក្លាយប្រទេសកម្ពុជាឲ្យទៅជាជង្រុកស្រូវ និងជាប្រទេសដែលមានសមត្ថភាពនាំចេញស្រូវ -អង្ករដ៏ធំមួយក្នុងចំណោមប្រទេសសមាជិកអាស៊ាន តាមរយៈគោលនយោបាយស្រូវ-អង្ករ។ ដើម្បីសម្រេចគោលនយោបាយនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការបានលើកសំណើគម្រោងកម្មវិធីមួយឈ្មោះថា “កម្មវិធីជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ (Rice-SDP)។ តបតាមសំណើ កម្មវិធីនេះត្រូវបានអនុម័តដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលមានរយ:ពេល ៨ឆ្នាំ (២០១៣-២០២១) ដោយបានទទួលជំនួយហិរញ្ញប្បទានពី ADB និងរាជរដ្ឋាភិបាលកម្ពុជា។យោងតាមរបាយការណ៍ពិស្តាររបស់អគ្គនាយកដ្ឋានកសិកម្ម (ថ្ងៃទី៩ ខែមិថុនា) បានឲ្យដឹងថា៖
Rice-SDP ត្រូវបានអនុវត្តដោយក្រសួងចំនួន ០៤ និងរដ្ឋបាលខេត្តចំនួន ០៣ រួមមាន៖ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាភ្នាក់ងារប្រតិបត្តិ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាភ្នាក់ងារអនុវត្តន៍នៅថ្នាក់ជាតិ និងរដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាលខេត្តព្រៃវែង និងរដ្ឋបាលខេត្ត កំពង់ធំ (សរុបមាន ១៣ស្រុក ៩០ឃុំ និងអ្នកទទួលផលដោយផ្ទាល់ចំនួន ២២ ០០០នាក់ និងដោយប្រយោលចំនួន ៦៦ ០០០នាក់) ដែលភាគច្រើនពួកគាត់ជាកសិករ សហគមន៍កសិកម្ម កសិដ្ឋាន/ស្ថានីយកសិកម្ម ក្រុមអ្នកផលិតគ្រាប់ពូជស្រូវ រោងម៉ាស៊ីនកិនស្រូវ និងមន្ត្រី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ គោលបំណងចំបងរបស់ Rice-SDP គឺបង្កើនផលិតភាពផលិតកម្មដំណាំស្រូវ និងប្រាក់ចំណូលសុទ្ធរបស់អ្នកពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវាក់ផលិតកម្មស្រូវ-អង្ករដែលត្រូវបានសម្របសម្រួលតាមរយៈការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសផ្នែកច្បាប់ និងការវិនិយោគដែលធន់នឹងអាកាសធាតុ។ Rice-SDP មានសមាសភាពសំខាន់ធំៗចំនួន០៦ ដូចខាងក្រោមគឺ៖
១- ការកសាងច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធក្រោមច្បាប់
២- ការធ្វើឱ្យប្រសើរឡើងនូវការកំណត់តំបន់ដាំដុះកសិកម្ម
៣- ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់ផលិតកម្មស្រូវ-អង្ករដែលធន់នឹងអាកាសធាតុ
៤- ការបង្កើនសេវាកម្មគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មស្រូវ-អង្ករ
៥- ការរៀបចំការធានារ៉ាប់រងទៅលើដំណាំដែលប្រែប្រួលទៅតាមអាកាសធាតុ និង
៦- ការអនុវត្ត និងការគ្រប់គ្រងកម្មវិធីប្រកបដោយប្រសិទ្ធភាព។
របាយការណ៍នេះក៏បានបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តសមាសភាពសំខាន់ៗទាំង ០៦ ខាងលើ និងទិសដៅអនុវត្តបន្ត ដោយក្រសោបយកន័យសំខាន់ទាក់ទងនឹងការងារកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ ការងារបច្ចេកទេសក្នុងការបង្កើនផលិតភាពផលិតកម្ម ការរៀបចំផែនទីកំណត់តំបន់ដាំដុះ ការធ្វើឲ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មស្រូវ-អង្ករ ការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗសម្រាប់ការកែច្នៃ ការបង្កើនសេវាគាំទ្រ ការធ្វើឲ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មគ្រាប់ពូជ ការពង្រឹងសមត្ថភាពកសិករ សមាជិកសហគមន៍ វិស័យឯកជនតាមរយ:ការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេស ការងារស្រាវជ្រាវ ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការអនុវត្ត CamGAP, GMP និងការអនុវត្តអនាម័យ និងភូតគាមអនាម័យក្នុងរោងម៉ាស៊ីនកិនស្រូវ និងការរៀបចំចងក្រងឯកសារបច្ចេកទេសដំណាំស្រូវ។ល។

adm

Leave a Reply

Your email address will not be published. Required fields are marked *