ព័ត៌មានជាតិ

ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅថ្ងៃទី០៤ម្សិលមិញបានរកឃើញ​មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទ B.1.617 នៅលើពលករទើបត្រឡប់មកពីថៃ

ក្រសួងសុខាភិបាលកម្ពុជាបានប្រកាស​នៅ​ល្ងាច​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើតែស្ត Sequencing រកឃើញមេរោគកូវីដ-១៩ ដែលជាប្រភេទវីរុសបម្លែងថ្មី B.1.617 នៅ​លើអ្នកជំងឺចំនួន៣រូប ដែលជាពលករកម្ពុជាត្រឡប់មក ពីប្រទេសថៃ តាមច្រកអូស្មាច់។

អ្នក​ជំងឺទាំង​៣នាក់​នោះ​រួម​មាន ទី១៖ ភេទស្រី អាយុ ២៧ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ, ទី២៖ ភេទប្រុស អាយុ ៤៦ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យឯកភ្នំ ខេត្តបាត់ដំបង និងទី៣៖ ភេទស្រី អាយុ ៤៣ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យមោងឫស្សី ខេត្តបាត់ដំបង។

បើតាម​ការ​បញ្ជាក់​របស់​ក្រសួងសុខាភិបាលថា វីរុសបម្លែងថ្មី ប្រភេទ B.I.617 ជាមេរោគដែលពិភពលោកមានការព្រួយបារម្ភខ្លាំង ហើយត្រូវបានគេរកឃើញនៅបណ្តាប្រទេសចំនួន៧ ហើយ នៅក្នុងតំបន់អាស៊ាន (ប្រទេសឥណ្ឌូណេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសសិង្ហបុរី ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសកម្ពុជា) និងបណ្តា ប្រទេសមួយចំនួនទៀតលើពិភពលោក។

ជាមួយ​គ្នា​នេះ ក្រសួងសុខាភិបាលបានអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្ត វិធានការ ៣ការពារ និង ៣កុំ និងវិធានការផ្សេងៗទៀតដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ជាពិសេសការដាក់ចេញនូវវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ចៀសបាននូវការចម្លងទ្រង់ទ្រាយធំ ក្នុងសហគមន៍កម្ពុជា៕

adm

Leave a Reply

Your email address will not be published. Required fields are marked *