ព័ត៌មានជាតិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិនអញ្ជើញពិនិត្យការសាងសង់អគារសិក្សាក្នុងវិទ្យាល័យ ហេង សំរិន អន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី២៨ ខែឧសភា បានអញ្ជើញពិនិត្យដំណើរការសាងសង់អគារសិក្សាមួយខ្នង ២ជាន់ មាន១២បន្ទប់ ក្នុងវិទ្យាល័យ ហេង សំរិន អន្លង់ជ្រៃ ស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

អគារសិក្សានេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ជូនប្រជាពលរដ្ឋនៅក្នុងឃុំកក់ ស្រុកពញាក្រែក តាមតម្រូវការដែលមានកំណើនសិស្សានុសិស្សកើនឡើងជាលំដាប់នៅរៀងរាល់ឆ្នាំ។ អគារសិក្សានេះបានប្រារព្ធពិធីបញ្ចុះបឋមសិក្សាសាងសង់ កាលព្រឹកថ្ងៃទី១៩ កុម្ភៈ ឆ្នាំ ២០២១ បច្ចុប្បន្នបានដំណើរការសងសង់តាមគម្រោង ដែលនឹងបញ្ចប់នៅក្នុងរយៈពេល១៥ខែ។

នៅក្នុងឱកាសអញ្ជើញពិនិត្យដំណើរការសាងសង់នេះ សម្តេចបាថ្លែងអំណរគុណនិងលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ ទាំងអស់ដែលបានខិតខំផ្តល់ការអប់រំដល់សិស្សានុសិស្ស ទោះស្ថិតនៅក្នុងដំណាក់កាលនៃរាលត្បាតជំងឺកូវីដ-១៩ក្តី តែបានព្យាយាម ស្វែងរកលទ្ធភាពនៅក្នុងការបង្រៀនសិស្សពីចម្ងាយនិងតាមអនឡាញស្របតាមគោលការណ៍របស់ក្រសួងអប់រំ យុវជននិងកីឡា ក្នុងការផ្តល់ការអប់រំដល់សិស្សានុសិស្សឱ្យបាននៅគ្រប់កាលៈទេសៈ។ សម្តេចបានផ្តាំផ្ញើដល់គ្រូអ្នកគ្រូ ត្រូវសហការជាមួយមាតាបិតាសិស្ស ធ្វើយ៉ាងណាជួយគ្នាទៅវិញទៅមក ដើម្បីធានាដល់គុណភាពសិក្សា ជាពិសេសត្រូវផ្តល់ភាពកក់ក្តៅ ស្និទ្ធស្នាល់ដល់កុមារ និងយុវជន ឱ្យបានច្រើនបំផុត ក្នុងពេលជំងឺកូវីដ-១៩កូវីដ-១៩រាតត្បាតនេះ។

សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ សិស្សានុសិស្សនិងយុវជន ដែលជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេន ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យខ្ពង់ខ្ពស់ ហើយក្លាយជាយុវជនគំរូ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងចំណេះដឹង និងចរិយាសម្បត្តិ ក្លាយជាអ្នកដឹកនាំនៅក្នុងពេលអនាគតទាំងការគ្រប់គ្រងស្ថាប័ន ក៏ដូចជាមេគ្រួសារផងដែរ។

សម្តេចបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋថែរក្សាសុខភាព មានអនាម័យក្នុងការរស់នៅ ដើម្បីចៀសផុតពីជំងឺដង្កាត់នានា ពិសេសជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការ”បីកុំ បីការពារ” ឱ្យបានខ្ជាប់ខ្ជួនបំផុត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *