ព័ត៌មានជាតិ

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ អមដំណើរដោយ​មន្ត្រី​ពាក់ព័ន្ធ​ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ចែក​ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់​ ចំនួន ៧០គ្រួសារ

កំពង់ចាម​ ៖​ នៅព្រឹក​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០២១​នេះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ អមដំណើរដោយ​មន្ត្រី​ពាក់ព័ន្ធ​ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ចែក​ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់​ ចំនួន ៧០គ្រួសា មកពីឃុំព្រែកកុយ ឃុំរាយប៉ាយ និងឃុំព្រែកក្របៅ​ ស្រុកកងមាស​ ខេត្តកំពង់ចាម​ ។

ក្នុងនាមប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានចូលរួមសម្តែងនូវការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុធម្មជាតិដែលកើតឡើងដោយស្មានមិនដល់នេះ ក្នុងស្ថានភាព ដែលជីវភាពបងប្អូនកំពុងតែរងការលំបាកដោយការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩ ។ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោក បានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា ។

ជាមួយ​គ្នា​នោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​សំណូមពរ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះទាំងអស់ ត្រូវ​ខិតខំប្រកបរបរចិញ្ចឹមជីវិត ដើម្បីលើកកំពស់ជីវភាពគ្រួសារ ។ ព្រមទាំង​អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវ​​បង្កើនការ ការពារខ្លួន ឲ្យជៀសផុតពីការឆ្លង ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្ត​ឲ្យ​បានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ” ៣ការពារ ៣កុំ ” ពិសេស ការលាងសម្អាតដៃជាប្រចាំ ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ក្នងដំណាក់កាលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។

គួរ​បញ្ជាក់​ថា​ អំណោយដែលបានផ្ដល់ជូន គ្រួសាររងគ្រោះ ទាំង ៧០គ្រួសារ ក្នុង១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម , មី​ ១កេស, ទឹកត្រី ១យួរ ,ទឹកសុីអុីវ ១យួរ, ត្រីខ ១០កំប៉ុង , ឃីត ១ និង អាវយឺត ២ ។​ ចំពោះ ថវិកា បានផ្តល់ជូនតាមកម្រិតនៃការខូចខាតផងដែរ​ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *