ព័ត៌មានជាតិ

ឯកឧត្តម អ៑ុន ចាន់ដា ចុះ​ពិនិត្យរោងចក្រ​ លី​ ឈាងខប​ បន្ទាប់ពីរកឃេីញវីជ្ជមានកូវីដ-១៩​ លេី​កម្មករ​៧នាក់​ ​និងអ្នកប៉ះពាល់​ជាង២០០នាក់​ នៅស្រុកបាធាយ

កំពង់ចាម​ ៖ បន្ទាប់ពី​ទទួលលទ្ធផល​វិជ្ជមាន​កូ​វីត​-១៩ លើ​កម្មករ​ កម្មការិនី ចំនួន៧​នាក់ និង​អ្នក​ប៉ះពាល់​ជាង២០០នាក់​ នៅ​រោងចក្រ លី ឈាង​ខ​ប ស្ថិតនៅ​ក្នុងភូមិ​បាធាយ ឃុំ​បាធាយ ស្រុក​បាធាយ នាព្រឹក​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០២១​នេះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្តប្រយុទ្ធប្រឆាំង​នឹងជំងឺ​កូ​វីដ​-១៩​ បាន​ដឹកនាំ​ក្រុម​ការងារ​​ ចុះ​ពិនិត្យ​​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធជា​បន្ទាន់​ ដើម្បី​ធ្វើ​តេស្ត​​រក​វីរុស​កូ​វីដ​-១៩ និង​បន្ត​ចុះពិនិត្យ​ស្ថានភាព​បិទខ្ទប់ ភូមិអកទៀង ស្ថិតនៅក្នុងឃុំតាំងក្រាំង ស្រុកបាធាយ ដែលមានពលរដ្ឋវិជ្ជមានកូវីដ-១៩ ដេីម្បីដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន ក្នុងការគ្រប់គ្រងស្ថានការណ៍ និងដើម្បីកាត់ផ្តាច់ខ្សែចម្លងនៃ​ជំងឺ​ឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ​នេះ​ផងដែរ​ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​ថ្លែង​ថា​ បន្ទាប់​ពី​រកឃើញ​ករណីវិជ្ជមាន​កូវីដ-១៩​ លើ​កម្មករ​ កម្មការិនី​ ចំនួន​ ៧នាក់ ​ក្នុងនោះក៏មាន​អ្នក​ពាក់ព័ន្ធ​ជាង២០០នាក់ ដែលចាំបាច់ត្រូវ​ឲ្យ​រោងចក្រកាត់ដេរ លី ឈាងខបនេះ​ ផ្អាកសកម្មភាពជាបណ្ដោះអាសន្ន​ រយៈពេល​១៤ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃទី​១០​ រហូត​ដល់​ថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ​២០២១​នេះ​ ដេីម្បី​ឲ្យ​កម្មករកម្មការិនី​ពាក់ព័ន្ធទាំងនោះ​ ធ្វើ​ចត្តាឡីស័ក​តាម​ការ​កំណត់​ ។

គួរ​បញ្ជាក់​ថា​ រដ្ឋបាល​ខេត្តកំពង់ចាម​ បាន​ចេញ​សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១៦នាក់ ៖ ក្នុង​នោះលទ្ធផលតេស្តរហ័សរកឃេីញវិជ្ជមានកូវីដ-១៩ ចំនួន ១១នាក់ គឺនៅស្រុកស្រីសន្ធរ ២នាក់, កងមាស​ ២នាក់ និងស្រុកបាធាយ​ ចំនួន​ ៧នាក់ ដោយឡែក​លទ្ធផលបញ្ចាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ ចំនួន​ ៥នាក់ទៀត ក្នុងនោះ​នៅស្រុកចំការលើ ៤នាក់ និងស្រុកកំពង់សៀម ១នាក់​ និងករណីជាសះស្បើយ ចំនួន ៩នាក់ ផងដែរ​ កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ២០២១​ នេះ​ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *