ព័ត៌មានជាតិ

រដ្ឋាបាលខេត្តកំពង់ចាមនិងឯកឧត្តម ហេង ចាន់ធួនបានអញ្ជើញចុះពិនិត្យមណ្ឌល់ចត្តាឡីស័ករដ្ឋាបាលស្រុកចំកាលើ

(កំពង់ចាម) នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំស្វាយទាប ស្រុកចំការលើ អមដំណើរដោយឯកឧត្តម អភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អាជ្ញាធរមូលដ្ឋាន រួមនឹងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ករដ្ឋបាលស្រុកចំកាលើ ស្ថិតនៅពុទ្ធិកបឋមសិក្សា វត្តព្រះពុទ្ធមុនីរង្សី (ហៅវត្តស្ទឹងក្តី) ស្ថិតនៅភូមិចំណោម ឃុំបុសខ្នុរ ស្រុកចំការលើ ដែលមានប្រជាពលរដ្ឋដែលប៉ះពាល់នឹងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ចំនួន ៦០នាក់ កំពុងធ្វើចត្តាឡីស័កនៅទីនោះ និងពិនិត្យភូមិសាស្រ្តដែលត្រូវបានរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ នៅភូមិស្វាយទាប និងភូមិមហា ឃុំស្វាយទាប ស្រុកចំការលើ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ៖

១-គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក អាជ្ញាធរមូលឃុំ និងអ្នកពាក់ព័ន្ធត្រូវបន្តគ្រប់គ្រងអ្នកប៉ះពាល់នឹងករណីនេះដោយអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ត្រូវដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុក និងអ្នកប៉ះពាល់ដោយប្រយោល ត្រូវដាក់ឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។

២-បន្តពង្រឹង និងគ្រប់គ្រងភូមិសាស្ត្រដែលរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ សំដៅធ្វើយ៉ាងណាទប់ស្កាត់ការចេញ-ចូល សម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិ ដោយមិនអនុញ្ញាតឲ្យមានការចេញ-ចូល ឬបើករបរអាជីរកម្មគ្រប់ប្រភេទ នៅក្នុងភូមិដែលត្រូវបិទខ្ទប់ ។

៣-រៀបចំខ្សែសុវត្ថិភាពព័ទ្ធភូមិដែលបិទខ្ទប់ រួមនឹងដាក់បំរាម ចេញ-ចូល សម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិ ដោយមិនអនុញ្ញាតឲ្យមានការចេញ-ចូល និងបន្តផ្សព្វផ្សាយ សារអប់រំ ឱ្យបានជាប់ជាប្រចាំ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសនៅភូមិសាស្ត្រតបិទខ្ទប់ភូមិ ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមអនុវត្តវិធានការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

៤-រដ្ឋបាលស្រុក សហការជាមួយអាជ្ញាធរឃុំ ត្រូវរៀបចំការលក់ដូរម្ហូបអាហារ បន្លែ ត្រី សាច់នៅព្រំប្រទល់ភូមិដែលត្រូវបានបិទខ្ទប់ ឬរៀបចំការលក់ដូរចល័ត ចូលទៅក្នុងភូមិដែលត្រូវបិទខ្ទប់ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធាននៃការអនាម័យរបស់សុខាភិបាល ដោយប្រើប្រាស់ស្រោមដៃ បាញ់អាកុល ពាក់ម៉ាស់ជាប់ជាប្រចាំទាំងអ្នកលក់ដូរម្ហូបអាហារចល័ត និងប្រជាពលរដ្ឋដែលមកទិញម្ហូបអាហារ។ជាមួយគ្នានេះក៏ត្រូវកំណត់ចំនួនប្រជាពលរដ្ឋដែលចេញមកទិញម្ហូបអាហារ ដោយក្នុងមួយគ្រួសារ០១រូប និងចេញទិញម្ហូបអាហារ ៣ដងក្នុងមួយសប្តាហ៍។

៥-រដ្ឋបាលស្រុកចំការលើ ត្រូវបន្តរៀបចំ និងពង្រីកបន្ថែមមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកបន្ថែមពីអ្វីដែលបានរៀបចំកន្លងមក ដើម្បីត្រៀមលក្ខណៈក្នុងករណីផ្ទុះរីករាលនៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន។

ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភដល់គោលដៅខ្ទប់ទាំង២ទីតាំង ក្នុងមួយទីតាំង ទទួលបាន៖ អង្ករ ១០០គីឡូក្រាម ទឹកសុទ្ធ៥យួរ មី ៥កេស ម៉ាស៥០០ អាល់កុល៣០លីត្រ ថវិកា១.០០០.០០០រៀ់ល ដោយឡែកកងម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដែលប្រចាំការនៅគោលដៅទាំងពីរ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឧបត្ថម្ភជីវភាពប្រចាំថ្ងៃក្នុង១ម្នាក់ថវិកា ២០.០០០រៀល រយៈពេលបិទខ្ទប់១៤ថ្ងៃ។

គួរបញ្ជាក់ថា៖ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទៅសហគមន៍ផ្សេងទៀត រដ្ឋបាលខេត្តកំពងចាម បានដាក់ចេញនូវវិធានការបន្ទាន់ សម្រេចបិទខ្ទប់រយៈពេល១៤ថ្ងៃ នៅទីតាំងភូមិមហា និងភូមិស្វាយទាប ឃុំស្វាយទាប និងបន្ទប់ពិគ្រោះនិងព្យបាលជំងឺនៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ បន្ទាប់ពីរកឃើញប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ និងពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *