ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ខិតខំបន្តផ្សព្វផ្សាយបន្ថែមទៀត ចំពោះអ្នកពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីង១៩

(ខេត្តកំពង់ធំ) ឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ខិតខំបន្តផ្សព្វផ្សាយបន្ថែមទៀត ចំពោះអ្នកពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីង១៩ជាពិសេសអ្នកចូលរួមបុណ្យសពស្ត្រីឈ្មោះ ប៉ិល ថេង កាលពីថ្ងៃទី ១៩ មេសា ២០២១ នៅភូមិលាភទង ឃុំកំពង់ចិនត្បូង និងឈ្មោះ ចេង គឹមនៅ ជាអាជីវករលក់សាច់ជ្រូកនៅផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ព្រមទាំងអំពាវនាវ ដល់អ្នកដែលបានចូលរួមបុណ្យសព និងអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ ចេង គឹមនៅ រួសរាន់ទៅផ្ដល់សំណាកដើម្បីវិភាគរកមេរោគកូវីដ១៩ នៅសាលាបឋមសិក្សា ព្រះនាង ដែលមានទីតាំងស្ថិតនៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីកាត់ផ្ដាច់ឫសគល់នៃការឆ្លងជំងឺ covid-19 ចូលក្នុងសហគមន៍។

ការអំពាវនាវនេះត្រូវបានលើកឡើង ខណៈដែលឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈការពារកូវីដ ជូនដល់កងកម្លាំងដែលប្រចាំការនៅតំបន់បិទខ្ទប់ នៅឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ។

ឯកឧត្តម សុខ លូ បន្ថែមទៀតថា ដើម្បីធានាដល់ការគ្រប់គ្រងការរីករាលនៃជំងឺកូវីដ១៩ ឲ្យបានល្អប្រសើរ រដ្ឋបាលខេត្តសម្រេច បិទផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្តី និងភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងនៅពេលក្រោយ។

ឯកឧត្តម សុខ លូ បានក្រើនរំឭកដល់កងកម្លាំងទាំងអស់សូមខិតខំផ្សព្វផ្សាយបន្តដល់បងប្អូនដែលបានមកធ្វើតេស្តយកសំណាកលើកទីមួយរួចហើយ ទទួលលទ្ធផលអវិជ្ជមាន មិនប្រាកដថាបងប្អូនមិនមានការឆ្លងនោះទេ លុះត្រាតែឆ្លងកាត់ការយកសំណាកលើកទី ២ ឬទី ៣ ទទួលលទ្ធផលអវិជ្ជមាន ហើយត្រឡប់ទៅផ្ទះវិញ ធ្វើចត្តាឡីស័កយៈពេល ១៤ថ្ងៃទៀត មិនមានរោគសញ្ញាណាមួយពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ទើបប្រាកដថាពួកគាត់មិនមានការឆ្លងជំងឺ covid-19 ។

ក្នុងនោះឯកឧត្តម សុខ លូ ក៏បានសំណូមពរ ឲ្យអាជ្ញាធរស្រុក ឃុំ ភូមិ ទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ ចំពោះបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័ក នៅគ្រប់ទីកន្លែងទាំងអស់ នឹងបន្តតាមដានការធ្វើចត្តាឡីស័ក ព្រមទាំងបន្តការចុះសាកសួរសុខទុក្ខបងប្អូនពលករឲ្យបានញឹកញាប់ផងដែរ។

adm

Leave a Reply

Your email address will not be published. Required fields are marked *