ព័ត៌មានជាតិ

ដំណឹងល្អអ្នកជំងឺកូវីដ១៩ នៅមណ្ឌលព្យាបាលកោះពេជ្រ ចំនួន៨៣៤នាក់ជាសះស្បើយ

ភ្នំពេញ ៖ អ្នកជំងឺកូវីដ១៩ នៅមណ្ឌលព្យាបាលកោះពេជ្រ ចំនួន៨៣៤នាក់ជាសះស្បើយ អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះ តែត្រូវធ្វើចត្តាឡីស័កបន្តនៅផ្ទះចំនួន១៤ថ្ងៃបន្តទៀត និងត្រូវធ្វើតេស្តម្តងទៀត នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។ នេះបើយោងតាមលោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាប្រធានក្រុមដឹកនាំ គ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានសរសេរលើក Facebook ផ្លូវការរបស់លោកជំទាវ នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។

ជាមួយនឹងការជាសះស្បើយអ្នកជំងឺកូវីដ១៩ ទាំង៨៣៤នាក់នេះ លោកជំទាវបានណែនាំឲ្យអ្នកជំងឺទាំងអស់ ត្រូវធ្វើចត្តាឡីស័កបន្តនៅផ្ទះចំនួន១៤ថ្ងៃបន្តទៀត និងត្រូវធ្វើតេស្តម្តងទៀត នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។

លោកជំទាវ ពេជ ចន្ទមុន្នី បានណែនាំយ៉ាងដូច្នេះថា «ខ្ញុំសូមផ្តាំផ្ញើដល់បងប្អូន ដែលបានជាសះស្បើយ ហើយត្រឡប់ទៅផ្ទះវិញនោះ សុំមេត្តាបន្តធ្វើចត្តាលីស័កនៅផ្ទះបន្ត និងបន្តអនុវត្តន៍នូវដំបូន្មានរបស់គ្រូពេទ្យ និងត្រូវត្រលប់មកយកសំណាកវិញនៅថ្ងៃទី១៣»។

ជាមួយគ្នានេះ លោកជំទាវបានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោប្រឆាំង Covid 19 និងក្រុមសេវាជួរមុខទាំងអស់ ដែលបានយកចិត្តទុកដាក់ ថែទាំព្យាបាលអ្នកជំងឺទាំងអស់ ដោយយកចិត្តទុកដាក់ ព្រមទាំងក្រុមកងកំលាំង ដែលបានខិតខំប្រឹងប្រែងការពាររៀបចំ និងសំរួលសណ្តាប់ធ្នាប់ នៅមណ្ឌលព្យាបាលកោះពេជ្រ។ ទន្ទឹមនោះ លោកជំទាវក៏បានជូនពរដល់បងប្អូន ដែលនៅបន្តការព្យាបាលជំងឺកូវីដ១៩ទាំងអស់ ឆាប់ជាសះស្បើយ នឹងអាចត្រឡប់ទៅផ្ទះវិញ ក្នុងពេលឆាប់ៗ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *