ព័ត៌មានជាតិ

សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យចរាចរណ៍គ្រប់ប្រភេទនៅក្នុង «តំបន់លឿង»

(ភ្នំពេញ)៖ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបន្ទាន់ថ្មីមួយ ដោយបញ្ជាក់ថា ការធ្វើចរាចរណ៍គ្រប់ប្រភេទនៅក្នុង «តំបន់លឿង»ត្រូវបានអនុញ្ញាតឱ្យប្រព្រឹត្តទៅជាធម្មតា ហើយសកម្មភាពការងារ មុខរបរ និងអាជីវកម្មគ្រប់ប្រភេទក៏ត្រូវបានអនុញ្ញាត លើកលែងតែមុខរបរមួយចំនួន មិនអនុញ្ញាតឲ្យបើកឡើយ។

សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលបានកំណត់ក្នុងប្រការ៥ថា៖ ក្នុងអំឡុងពេលនៃការអនុវត្តការបិទខ្ទប់ សម្រាប់ភូមិសាស្ត្រដែលត្រូវបានកំណត់ជា “តំបន់លឿង” ការធ្វើដំណើរ, សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងសកម្មភាពនៃការជួបជុំ ឬប្រមូលផ្តុំមនុស្ស ត្រូវបានអនុញ្ញាត ហាមឃាត់ ឬរឹតត្បិត ដូចខាងក្រោម៖

១៖ ការធ្វើចរាចរណ៍គ្រប់ប្រភេទនៅក្នុង “តំបន់លឿង” ត្រូវបានអនុញ្ញាតឱ្យប្រព្រឹត្តទៅជាធម្មតា។ ការធ្វើដំណើរចេញ ពី “តំបន់លឿង” ឆ្លងកាត់ “តំបន់ក្រហម” និង “តំបន់លឿងទុំ” ឬទៅក្រៅភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ត្រូវបានអនុញ្ញាតតែក្នុងករណីដែលមានចែងក្នុងចំណុចទី១ នៃប្រការ៣, ចំណុចទី១ នៃប្រការ ៤ និងប្រការ៦ នៃសេចក្តីសម្រេចនេះ។

២៖ សកម្មភាពការងារ មុខរបរ និងអាជីវកម្មគ្រប់ប្រភេទនៅ ក្នុង “តំបន់លឿង” ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការជាធម្មតា លើកលែងតែ សាលា រៀនរួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន, អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ, រង្គសាល, ឌីស្កូតែក និងបៀហ្គាឌិន, រមណីយដ្ឋាន និងសួនកម្សាន្តនានា, អាជីវកម្មម៉ាស្សា, ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ, រោងភាពយន្ត, រោងសម្តែងសិល្បៈ, សារមន្ទីរ, ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។ អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ អាចសម្រេចហាម ឃាត់សកម្មភាពការងារ មុខ របរ និងអាជីវកម្មផ្សេងទៀត ដោយយោងតាមតម្រូវការចាំបាច់ ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលបើកដំណើរការ នៅក្នុង “តំបន់លឿង” ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល និងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ និងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *