ព័ត៌មានអន្តរជាតិ

ធ្ងន់​ធ្ងរ​កាន់តែខ្លាំង ឥណ្ឌា​កំពុង​​ខ្វះ​ទី​បញ្ចុះ​សព​ ខណៈ​គ្រែ​១​ដាក់​អ្នក​ជំងឺ​កូវីដ​-​១៩​ពីរ​នាក់ក៏​មាន​

យោង​តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ទី​បញ្ចុះ​សព​កូវីដ-១៩​​ដ៏​ធំ​​​​នៅ​ទី​ក្រុង​ញូវដែលី​ ប្រទេស​ឥណ្ឌា​ទើប​តែ​ប៉ុន្មាន​ថ្ងៃ​នេះ​បាន​បញ្ចុះ​ស្ទើរ​ពេញ​អស់​ហើយ ខណៈ​ករណី​ឆ្លង​នៅ​ទី​ក្រុង​មួយ​នេះកំពុង​ខ្លាំង​ និង​ទូទាំង​ប្រទេស​ឥណ្ឌា​​​​ធ្វើ​ឲ្យ​ការ​គ្រប់​គ្រងលែង​បាន បន្ទាប់​ពី​ការ​ផ្ទុះ​លើក​ទី​២។

ប្រទេស​ឥណ្ឌា​ដែល​មាន​ប្រជា​ជន​ជិត​១.៤​ពាន់​លាន​នាក់ត្រូវ​បានគេ​រាយការណ៍​ថា បាន​កំពុង​​ឆ្លង​ជាង​២សែន​​នាក់​​ប្រចាំ​ថ្ងៃ​សម្រាប់​រយៈ​ពេល​​ពីរ​បី​​ថ្ងៃ​ចុង​ក្រោយ​នេះ​ដែល​បាន​ក្លាយ​ជា​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក ខណៈ​ទី​ក្រុង​ញូវដែលី​បាន​ក្លាយ​ជា​ទីក្រុង​ធ្ងន់​ធ្ងរ​បំផុត​នៅ​ក្នុង​ប្រទេស។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ រថយន្ត​សង្គ្រោះ​បន្ទាន់​មាន​ចំនួន​ថេរ​បាន​ទៅ​ដល់​ទី​បញ្ចុះ​សព​ Jadid Qabristan នៅ​ជាយ​ក្រុង​ញូវដែលី ដែល​ជា​កន្លែង​ដាក់​កាក​សំណល់​ដ៏​ធំ​ត្រូវ​បាន​ធ្វើ​ជា​ទី​បញ្ចុះ​សព​កាល​ពី​ខែ​ឆ្នាំ​មុន។

ទី​​ធ្លា​​​ធ្លាប់​​​​មើល​ឃើញ​ស្រលះ​ទូលាយ​​ ប៉ុន្តែ​ឥឡូវ​នេះ​ពោរពេញ​ដោយ​ផ្នូរខ្មោច​ដែល​អាច​មើល​ឃើញ​ជាប់​គ្នា​​ដល់​ព្រំ​ប្រទល់​សង​ខាង និង​មាន​ចន្លោះ​តិច​តូច​ប៉ុណ្ណោះ​ដែល​អាច​បញ្ចុះ​សព​​ទៀត។

ប្រធាន​ទី​បញ្ចុះ​សព Jadid Qabristan ​លោក Mohammad Shameem ប្រាប់​​ថា ឥឡូវ​នេះ​គាត់​បាន​បង្វែរ​សព​ទៅ​កន្លែង​ផ្សេង​ ពី​ព្រោះ​គ្មាន​ចន្លោះសម្រាប់​បញ្ចុះ​​ទៀត​ទេ។

លោក​ថា ៖«កាល​ពី​ម្សិល​មិញ​មាន​សព​ចំនួន​១៩​ ប៉ុន្តែ​យើង​អាច​បញ្ចុះ​បាន​ត្រឹម​តែ​១៥​ប៉ុណ្ណោះ»។

ក្រុម​គ្រួសារ​ដែល​ភាគ​ច្រើន​ពាក់​ឧបករណ៍​ការពារ​ខ្លួន ឬ​អត់​មាន​ពាក់​ក៏​មាន បាន​លើក​សព​ដាក់​ចូល​ក្នុង​មឈូស​ឈើ​ធម្មតា ឬ​សពខ្លះ​​គ្រាន់​តែ​រុំ​ដោយ​ក្រណាត់​ស​​ធម្មតា​ប៉ុណ្ណោះ។

ទន្ទឹម​ជា​មួយ​គ្នា​នេះ​ មន្ទីរ​ពេទ្យ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ក៏​បាន​កំពុង​ខ្វះ​គ្រែ និង​អ៊ុកស៊ីសែន​​សម្រាប់​ដាក់​អ្នក​ជំងឺ​កូវីដ-១៩​​ដែល​បង្ខំ​ចិត្ត​ឲ្យ​ក្រុម​គ្រូ​ពេទ្យ​ដាក់​អ្នក​ជំងឺ​ពីរ​នាក់លើ​គ្រែ​តែ​មួយ ហើយ​ក៏ចែក​គ្នា​ដាក់​អ៊ុកស៊ីសែន​ដែរ។

សាច់​ញាតិ​របស់​​អ្នក​ជំងឺ​កូវីដ-១៩ Pappu Ali អាយុ​៤៣​ឆ្នាំ​​បាន​ទៅ​កាន់​​មន្ទីរ​ពេទ្យ​ជា​ច្រើន​នៅ​ក្នុង​ទី​ក្រុង​ដើម្បី​រក​គ្រែ​សម្រាប់​គាត់។ ប៉ុន្តែ​ពិបាក​រក​គ្រែ ហើយ​គាត់​បាន​ស្លាប់ បន្ទាប់​ពី​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​មន្ទីរ​ពេទ្យ​រដ្ឋាភិបាល​មួយ។

លោក Mehboob ត្រូវ​ជា​ពូ​បាន​និយាយ​ បន្ទាប់​ពី​បញ្ចុះ​សព​ក្មួយ​រួច​ថា ៖«អត់​មានក្រុម​គ្រូពេទ្យ​គ្រប់​គ្រាន់​ទេ។ យើង​ថែម​ទាំង​រក​ទឹក​​គ្មាន​ផង​»។

មន្ទីរ​ពេទ្យ Lok Nayak Jai Prakash Narayan Hospital (LNJP) ដែល​ជា​មន្ទីរ​ពេទ្យ​​ធំ​មួយ​របស់​ប្រទេស​​មាន​គ្រែ​១៥០០​ និង​រថយន្ត​សង្គ្រោះ​បន្ទាន់​មួយ​ចំនួន ប៉ុន្តែ​មិន​អាច​គ្រប់​គ្រាន់​សម្រាប់​អ្នក​ជំងឺ​កូវីដ-១៩ដែល​កំពុង​កើន​ឡើង​យ៉ាង​​ខ្លាំង​​បាន​ឡើយ។

លោក Suresh Kuma ប្រធានមន្ទីរ​ពេទ្យ​បាន​និយាយ​ថា ៖«យើង​ពិត​ជា​មាន​បន្ទុក​លើស។ យើង​បាន​កំពុង​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ហើយ»។

រហូត​មក​ដល់​ពេល​នេះ ប្រទេស​ឥណ្ឌា​កំពុង​ឈរ​នៅ​លំដាប់​លេខ​២​ក្នុង​ចំណោម​ប្រទេស​​ធ្ងន់​ធ្ងរ​បំផុត​ជា​សកល​ដោយ​ករណី​ឆ្លង​សរុប​១៤.៣​លាន​នាក់​ និង​អ្នក​ស្លាប់​១៧៤​ពាន់​នាក់ ខណៈ​លេខ​១​សហរដ្ឋ​អាមេរិក​ដែល​មាន​ករណី​ឆ្លង​៣១.៥​លាន​នាក់ និង​អ្នក​ស្លាប់​៥៦៥​ពាន់​នាក់ ហើយ​ប្រេស៊ីល​លេខ​៣​ជា​មួយ​នឹង​ករណី​ឆ្លង​១៣.៧​លាន​នាក់ និង​អ្នក​ស្លាប់​៣៦៥​ពាន់​នាក់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *